ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) បាន​ប្រកាន់​យក​មាគ៌ា​ឌីជីថល ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ត្រួតពិនិត្យ​ឥណទាន ដែល​មាន​សារៈសំខាន់ ដើម្បី​បង្កើត​បរិយាកាស​សុខដុមរមនា​សម្រាប់​ទាំង​អ្នក​ផ្តល់​កម្ចី ​និង​អ្នក​ស្នើសុំ​កម្ចី​។ ប្រធាន​នាយក​ប្រតិបត្តិ​របស់ CBC លោក អឿ សុធា​រ័ត្ន បាន​ពន្យល់​អំពី​របៀប​ដែល CBC កំពុង​ប្រើប្រាស់​វេទិកា​ឌីជីថល ដើម្បី​ផ្តល់​ព័ត៌មាន​ឥណទាន​គ្រប់​ជ្រុងជ្រោយ ខណៈ​តម្រូវ​ការ​ឥណទាន​កំពុង​កើន​ឡើង ហើយ​អ្នក​ផ្តល់​ប្រាក់​កម្ចី​ចង់​ធានា​អំពី​ហានិភ័យ​ឥណទាន​។​

Q. CBC បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​នៅ​ក្នុង​ខែវិច្ឆិកា ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ពិនិត្យ​មើល​ពិន្ទុ​ឥណទាន របាយការណ៍​ឥណទាន និង​ទទួល​បាន​ការ​ជូន​ដំណឹង​ឲ្យ​ត្រួត​ពិនិត្យ​ឥណទាន​។ តើ​អ្វី​បាន​ជំរុញ​ឱ្យ CBC ដាក់​ឱ្យ​​ដំណើរការ​កម្មវិធី​នេះ​ឡើង ក្នុង​ពេល​នេះ​?

ខណៈ​អតិថិជន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន និង​ធនាគារ​ចល័ត យើង​ចង់​ផ្តល់​នូវ​សេវាកម្ម​ត្រួត​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ភាព​ងាយ​ស្រួល និង​ឆ្លាត​វៃ​ដល់​ប្រជាជន​កម្ពុជា​នៅ​លើ​ចុង​ម្រាមដៃ​របស់​ពួក​គេ​នៅ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​។

អ្នក​ប្រើប្រាស់​ដែល​ធ្វើ​ការ​ត្រួត​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ជា​ប្រចាំ ទទួល​បាន​របាយការណ៍​ឥណទាន និង​ពិន្ទុ​ឥណទាន និង​ទទួល​បាន​ការ​ជូន​ដំណឹង​ឱ្យ​​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឥណទាន ដែល​អាច​ធានា​បាន​នូវ​ការ​អនុវត្ត​ការ​គ្រប់គ្រង​ឥណ​ទាន​កាន់​តែ​ប្រសើរ ដើម្បី​លើក​កម្ពស់​ភាព​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​របស់​ពួក​គេ នៅ​ពេល​អ្នក​ផ្តល់​កម្ចី​ធ្វើ​ការ​វាយតម្លៃ​ហានិភ័យ​ឥណទាន​។ នេះ​គឺ ​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​របស់​យើង ដើម្បី​ធ្វើ​ទំនើបកម្ម​ឌីជីថល​លើ​សេវាកម្ម​អតិថិជន ដើម្បី​បង្កើន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​បរិយាប័ន្ន​ហិរញ្ញវត្ថុ ប្រកប​ដោយ​ប្រសិទ្ធភាព និង​តាម​វិធី​ងាយ​ស្រួល​។

Q. យោង​តាម​របាយការណ៍​ត្រីមាស​ទី​៣ របស់ CBC “​ចំនួន​គណនី​ឥណទាន​សរុប​មាន​ការ​កើន ឡើង​បន្តិច​បន្តួច​គឺ ០,២៨ ភាគរយ​” ដែល​ធ្វើ​ឱ្យ​វា​កើន​ដល់ ១,២៧ លាន​គណនី​។ តើ​ផលិតផល​ចុង​ក្រោយ​របស់​លោក​អាច​រួម​ចំណែក​យ៉ាង​ដូច​ម្តេច ដើម្បី​ទាក់ទាញ​ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​ឱ្យ​ធ្វើ​ការ​ត្រួត​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ​?

ចំនួន​បុគ្គល​ដែល​ត្រួត​ពិនិត្យ​មើល​របាយការណ៍​ឥណទាន​ផ្ទាល់​ខ្លួន​នៅ​តែ​មាន​កម្រិត​ទាប ទោះបី​ជា​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ក៏​ដោយ​។ យើង​លើក​ទឹក​ចិត្ត​អតិថិជន​ឱ្យ​ពិនិត្យ​មើល​របាយការណ៍​ឥណទាន​របស់​ពួក​គេ​ពីព្រោះ​រាល់​អ្នក​ផ្តល់​កម្ចី​របស់​ពួក​គេ ក៏​អាច​ចូល​មើល​របាយការណ៍​នេះ​បាន​គ្រប់​ពេលវេលា​ក្នុង​អំឡុង​ពេល​វាយ​តម្លៃ​ការ​ផ្តល់​ប្រាក់​កម្ចី​នេះ​ដែរ បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត​ពី​អតិថិជន​។​

ដូច្នេះ តាមរយៈ​ការ​ពិនិត្យ​របាយការណ៍​ឥណទាន​ជា​ប្រចាំ បុគ្គល​ដែល​សកម្ម​នៅ​ក្នុង​ទីផ្សារ​ឥណទាន​អាច​គ្រប់គ្រង​ទម្រង់​ឥណទាន​របស់​អតិថិជន​បាន ដើម្បី​ប្រើប្រាស់​បាន​ជា​ប្រយោជន៍​ក្នុង​កម្រិត​មួយ​ខ្ពស់​បំផុត ពី​អ្នក​ផ្តល់​កម្ចី​។ តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ​នេះ បុគ្គល​ម្នាក់ៗ​ក៏​អាច​ចូល​មើល​ពិន្ទុ​ឥណទាន​បាន ដែល​ពី​មុន​មិន​ទាន់​មាន​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​ឡើយ​។

ការ​ជូន​ដំណឹង​អំពី​ការ​ត្រួត​ពិនិត្យ​ឥណទាន​មិន​ត្រឹម​តែ​អាច​ធ្វើ​ឱ្យ​អតិថិជន​ដឹង​ពី​បច្ចុប្បន្នភាព​លើ​ការ​ផ្លាស់ប្តូរ​ប្រវត្តិ​ឥណទាន​របស់​អតិថិជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​​តាមដាន​រាល់​ការ​ប្រើប្រាស់​អត្តសញ្ញាណ​ដោយ​គ្មាន​ការ​អនុញ្ញាត ឬ​សកម្ម​ភាព​ដែល​មិន​មាន​ការ​អនុញ្ញាត​នៅ​លើ​គណនី​កម្ចី​របស់​ពួក​គេ​ផង​ដែរ​។

Q. យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CBC ចុះ​ថ្ងៃទី ​២៩ ខែវិច្ឆិកា បាន​លើក​ឡើង​ថា​ "CBC កំពុង​ព្យាយាម​បំពេញ​នូវ​អ្វី​ដែល​ខ្លួន​គិត​ថា ​ជា​គម្លាត​សេវាកម្ម​នៅ​ក្នុង​វិស័យ​ឥណទាន ​និង​ហិរញ្ញវត្ថុ ​ដែល​កំពុង​រីកចម្រើន​នៅ​ក្នុង​ប្រទេស​"​។ តើ​លោក​អាច​ពន្យល់​លម្អិត​ពី​ចំណុច​នេះ​បាន​ទេ​?

ខណៈ​ដែល​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ជាច្រើន​បាន​នឹង​កំពុង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ព័ត៌មាន និង​ដំណោះស្រាយ​វិភាគ​របស់​យើង ប៉ុន្តែ​វា​នៅ​តែ​មាន​ចន្លោះ​ប្រហោង​ធំ​នៅ​ក្នុង​ផ្នែក​អតិថិជន​ដែល​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវាកម្ម​ត្រួត​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​របស់​យើង​។​

មាន​ព័ត៌មាន​មិន​ស្មើគ្នា​សម្រាប់​ទាំង​អ្នក​ផ្តល់​កម្ចី និង​អ្នក​ស្នើសុំ​កម្ចី​នៅ​ក្នុង​ទីផ្សារ​ឥណទាន​។ ការ​ពិនិត្យ​ឡើង​វិញ​នូវ​របាយការណ៍​ឥណទាន និង​ពិន្ទុ​របស់​អ្នក​ប្រើប្រាស់ ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​អាច​គ្រប់គ្រង​ទម្រង់​ឥណទាន​របស់​ពួក​គេ​បាន​និង​ធានា​ថា ​ពួក​គេ​អាច​ប្រើប្រាស់​បាន​ជា​អត្ថប្រយោជន៍​មួយ​ក្នុង​កម្រិត​ខ្ពស់​បំផុត​ពី​អ្នក​ផ្តល់​កម្ចី​។​

កម្មវិធី​ទូរស័ព្ទដៃ​របស់ CBC អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ទទួល​បាន​នូវ​កម្មវិធី​រួម​បញ្ចូល​គ្នា ដើម្បី​ប្រើប្រាស់​ដំណោះស្រាយ​ពិនិត្យ​សមតុល្យ​ហិរញ្ញវត្ថុ​ឱ្យ​​បាន​ងាយស្រួល​​ពី​ចម្ងាយ និង​មាន​សុវត្ថិភាព​។​

Q. ការ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​នេះ គឺ​ឆ្លុះ​បញ្ចាំង​ពី​មហិច្ឆតា​របស់ CBC ដើម្បី​ឆ្ពោះ​ទៅ​រក​ប្រព័ន្ធ​ឌីជីថល​ឱ្យ​​កាន់​តែ​សកម្ម​។ តើ​ការ​ផ្លាស់ប្តូរ​ប្រពន្ធ័​ឌីជីថល​នៅ​ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ​ឥណទាន នឹង​ជំរុញ​ឱ្យ​មាន​ការ​សម្រេច​ចិត្ត​ឆាប់​រហ័ស និង​នាំ​មក​នូវ​តម្លាភាព​កាន់​តែ​ច្រើន​ចំពោះ​ការ​គ្រប់គ្រង​ហានិភ័យ​ដែរ​ឬទេ​?

ដំណោះស្រាយ​របស់ CBC ត្រូវ​បាន​រៀបចំ​ឡើង ​ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​ព័ត៌មាន​ក្នុង​ការ​វាយ​តម្លៃ​ហានិភ័យ​ឥណទាន និង​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ឆាប់រហ័ស និង​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត ដែល​អាច​ធ្វើ​ឱ្យ​ឌីជីថល ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ឥណទាន​មាន​លក្ខណៈ​ស្វ័យ​ប្រវត្តិ​សម្រាប់​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី ខណៈដែល​សេដ្ឋកិច្ច​កំពុង​ងាក​ទៅ​រក​ប្រព័ន្ធ​ឌីជីថល​។

ជាមួយ​នឹង​ទិន្នន័យ និង​ការ​វិភាគ​យ៉ាង​ច្រើន ដែល​យើង​ផ្តល់​ជូន​ពី​គ្រប់​ស្ថាប័ន​ហិរញ្ញវត្ថុ ដែល​ជា​ធម្មតា​អ្នក​ផ្តល់​កម្ចី​មិន​អាច​ចូល​មើល​បាន យើង​លើក​កម្ពស់​តម្លាភាព​នៅ​ក្នុង​ទីផ្សារ​ឥណទាន​តាមរយៈ​ការ​ជួយ​កំណត់​អត្តសញ្ញាណ​ហានិភ័យ​ក៏​ដូចជា​ទម្រង់​ផល​ចំណេញ​របស់​អតិថិជន​។

យើង​បាន​ផ្តល់​ជូន​វេទិកា​ឌីជីថល​រួច​ហើយ ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ធ្វើ​សមាហរណកម្ម​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​គាំទ្រ​ពួក​គេ​ឱ្យ​ទទួល​បាន​ដំណោះស្រាយ​របស់​យើង​ប្រកប​ដោយ​ប្រសិទ្ធភាព​។ យើង​ក៏​អនុញ្ញាត​ឱ្យ​អ្នក​ផ្តល់​កម្ចី ប្រើប្រាស់​ទិន្នន័យ​ខាង​ក្នុង​ក៏​ដូចជា​ទិន្នន័យ​ខាង​ក្រៅ​ពី CBC និង​ប្រភព​ផ្សេង​ទៀត ដើម្បី​ទទួល​បាន​ដំណោះស្រាយ​សម្រេច​ចិត្ត​ដោយ​ស្វ័យប្រវត្តិ ដែល​នឹង​បង្កើន​ប្រសិទ្ធភាព ​និង​ល្បឿន​ប្រតិបត្តិការ​ឥណទាន​។​

របាយការណ៍​វិភាគ​ទិន្នន័យ ​(DAR) របស់​យើង គឺ​ជា​ឧបករណ៍​តាម​អនឡាញ ដែល​អនុញ្ញាត​ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​អាច​ត្រួត​ពិនិត្យ​លក្ខណៈ​ហានិភ័យ​ឥណទាន​របស់​ពួក​គេ​ជា​ទៀងទាត់ ធៀប​ទៅ​នឹង​ឧស្សាហកម្ម​ក៏​ដូចជា​ចំណែក​ទីផ្សារ​ជាក់លាក់ ដើម្បី​ធានា​បាន​នូវ​ជំហរ​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​។​

Q. ស្ថាប័ន​ហិរញ្ញវត្ថុ​កាន់​តែ​ច្រើន​កំពុង​ផ្តោត​លើ​ផលិតផល​ហិរញ្ញវត្ថុ​ដែល​ផ្តោត​លើ​ឌីជីថល​។ តើ​កម្មវិធី​ទូរស័ព្ទ​ដៃ​នេះ​នឹង​អនុញ្ញាត​ឱ្យ CBC ធ្វើ​ការ​វាយតម្លៃ​ឥណទាន​ចំពោះ​បុគ្គល ដោយ​បង្កើត​គំរូ​ពិន្ទុ​ឥណទាន​ថ្មី​យ៉ាង​ដូចម្តេច​?

CBC មិន​ធ្វើ​ការ​វាយ​តម្លៃ​ឥណទាន​របស់​បុគ្គល​ទេ ប៉ុន្តែ​ផ្តល់​ព័ត៌មាន និង​ដំណោះស្រាយ​វិភាគ​ដល់​អ្នក​ផ្តល់​កម្ចី ដើម្បី​ឱ្យ​ពួក​គេ​អាច​ធ្វើ​ការ​វាយ​តម្លៃ​ពី​ហានិភ័យ​ឥណទាន​របស់​បុគ្គល ​និង​អាជីវកម្ម​នោះ​។ កម្មវិធី​ទូរស័ព្ទ​ដៃ​នេះ​អាច​ឱ្យ​បុគ្គល​នៅ​ទូទាំង​ប្រទេស រៀបចំ​សុខភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ ដើម្បី​រក្សា​ឥរិយាបទ​គ្រប់គ្រង​ឥណទាន​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ទទួល​បាន​អត្ថប្រយោជន៍​ឱ្យ​បាន​ពេញលេញ ដែល​ជួយ​ពួក​គេ​នៅ​ពេល​ស្នើសុំ​កម្ចី​។

Q. គំរូ​ផ្តល់​កម្ចី​តាម​បែប​ឌីជីថល កំពុង​វិវឌ្ឍ​ឥត​ឈប់ឈរ ក៏​ដូច​វិធីសាស្ត្រ​នៃ​ការ​ដាក់​ពិន្ទុ​ឥណទាន​ផង​ដែរ​។ តើ CBC រក្សា​ល្បឿន​ជាមួយ​នឹង​និន្នាការ​ផ្លាស់ប្តូរ​នេះ​យ៉ាង​ដូចម្តេច​?

ខណៈ​ធនាគារ​ឌីជីថល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​ផ្តល់​ប្រាក់​កម្ចី​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​តែ​ថ្មី​នៅ​ឡើយ​។ (e-KYC) និង​ការ​ដាក់​ពិន្ទុ​ឥណទាន​ផ្អែក​លើ​ទិន្នន័យ​ឥណទាន​លក្ខណៈ​ប្រពៃណី​ និង​ទិន្នន័យ​ឥណទាន​ផ្សេង​ទៀត គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​តាម​ប្រព័ន្ធ​ឌីជីថល​។​

កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​យើង​ដែល​ទើប​នឹង​សម្ពោធ​កាល​ពី​ពេល​ថ្មីៗ ផ្តល់​នូវ​ការ​ត្រួត​ពិនិត្យ​អត្តសញ្ញាណ​អតិថិជន (e-KYC) ពី​ចម្ងាយ ​និង​ផ្តល់​ពិន្ទុ​ឥណទាន​សម្រាប់​អតិថិជន ដែល​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​របស់​យើង​សម្រាប់​ការ​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​សម្រាប់​ការ​គ្រប់គ្រង​ហានិភ័យ​ឥណទាន​ឌីជីថល​។ ថ្មីៗ​នេះ​យើង​បាន​បង្កើន ខេស្ករ របស់​យើង ដើម្បី​ដោះស្រាយ​និន្នាការ​ដែល​កំពុង​វិវឌ្ឍន៍​នៅ​ក្នុង​ទីផ្សារ​ឥណទាន ដើម្បី​ទទួល​បាន​នូវ​ភាព​ជឿជាក់​ខ្ពស់​ជាង​មុន​។​

លើស​ពី​នេះ​ទៀត យើង​ក៏​គាំទ្រ​ស្ថាប័ន​ហិរញ្ញវត្ថុ ​ដើម្បី​បង្កើត​តារាង​ពិន្ទុ​ឥណទាន​ផ្ទៃ​ក្នុង​របស់​ពួក​គេ ដែល​យើង​រួម​បញ្ចូល​នូវ​កត្តា​ហានិភ័យ​ជាក់លាក់​របស់​អ្នក​ផ្តល់​ប្រាក់​កម្ចី ដើម្បី​ឱ្យ​ពួក​គេ​អាច​ទទួល​យក​គំរូ​ហានិភ័យ​ឥណទាន​រឹងមាំ​។ ដូច្នេះ​យើង​អាច​ផ្តល់​លទ្ធភាព​ដល់​វិស័យ​ហិរញ្ញវត្ថុ ឱ្យ​​សម្រប​ខ្លួន​ទៅ​នឹង​សមត្ថភាព​គ្រប់គ្រង​ហានិភ័យ​របស់​ពួក​គេ​នៅ​តាម​ស្ថាប័ន ក៏​ដូចជា​កម្រិត​ឧស្សាហកម្ម​ទាំង​មូល​។

នៅ​ខាងមុខ យើង​នឹង​ផ្តោត​លើ​ការ​ធ្វើ​ពិពិធកម្ម​ប្រភព​ទិន្នន័យ ដើម្បី​ទទួល​យក​ទាំង​ទិន្នន័យ​បែប​ប្រពៃណី ​និង​ទិន្នន័យ​ជំនួស​ផ្សេង​ទៀត សម្រាប់​ធ្វើ​ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ទទួល​បាន​ឧបករណ៍​កាន់​តែ​ទូលំទូលាយ ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ហានិភ័យ​ឥណទាន​។ វា​នឹង​ជួយ​ដល់​អ្នក​ផ្តល់​កម្ចី​ក្នុង​ការ​វាយតម្លៃ​ទម្រង់​ហានិភ័យ​ឥណទាន​ថ្មី និង​ឥណទាន​អ្នក​ស្នើសុំ​កម្ចី​ដែល​មើល​មិន​ឃើញ ដែល​នាំ​ឱ្យ​មាន​បរិយាប័ន្ន​ហិរញ្ញវត្ថុ​កាន់​តែ​ប្រសើរ​។

Q. ការ​ផ្លាស់ប្តូរ​របស់ CBC ទៅ​រក​ឌីជីថល ក៏​បង្ហាញ​ពី​ការ​លោត​ចូល​ទៅ​ក្នុង​ផ្នែក​ច្រោះ​យក​ទិន្នន័យ​ធំ ​(data mining) ផង​ដែរ​។ តើ​ទីផ្សារ​កម្ពុជា​ត្រៀម​ខ្លួន​សម្រាប់​ទិន្នន័យ​ធំ (data mining) ហើយ​ឬ​នៅ ហើយ​ថា​តើ CBC មាន​អ្នក​ជំនាញ​ចាំបាច់​សម្រាប់​ផ្នែក​នេះ​ហើយ​ឬ​នៅ​?

ជាមួយ​នឹង​ការ​ធ្វើ​ទំនើបកម្ម​ឌីជីថល​យ៉ាង​ឆាប់​រហ័ស ធនាគារ​ចល័ត និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ មាន​ទិន្នន័យ​ជា​ច្រើន​ដែល​ត្រូវ​បាន​បង្កើត​ឡើង សម្រាប់​អតិថិជន​ដែល​អាជីវកម្ម​អាច​ធ្វើ​ការ​វិភាគ ​ដើម្បី​បង្កើន​ការ​យល់ដឹង​អំពី​អាជីវកម្ម​ឆ្លាត​វ័យ​។ ដោយ​មាន​ប្រភព​ទិន្នន័យ​ថ្មីៗ​ជា​ច្រើន​កំពុង​វិវឌ្ឍន៍ អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​ទីតាំង​មួយ​ដែល​ពួក​គេ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ដំណើរការ​ច្រោះ​យក​ទិន្នន័យ​ធំៗ ​(data mining) និង​ផលិតផល​វិភាគ​ទិន្នន័យ​ទំនើប ដើម្បី​គោលដៅ​បង្កើត​ផ្នែក​អតិថិជន​។ ពិន្ទុ​ឥណទាន​របស់​យើង គឺ​ជា​ផលិតផល​មួយ​ដែល​ប្រើ​បច្ចេកទេស​ច្រោះ​យក​ទិន្នន័យ​ធំ និង​ការ​វិភាគ​ជឿនលឿន​។​

យើង​តែង​តែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​បង្កើន​សមត្ថភាព​ក្រុម​ការងារ​របស់​យើង​ជានិច្ច ដើម្បី​ធានា​ថា​ពួក​គេ​អាច​អនុវត្ត​ជំនាញ​ស្រប​តាម​តម្រូវការ​ទីផ្សារ​ដែល​កំពុង​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​។ យើង​ក៏​បើក​ចំហ​ចំពោះ​ការ​សហការ​ជាមួយ​អ្នក​ជំនាញ និង​ស្ថាប័ន​ខាង​ក្រៅ ដែល​មាន​ភាព​ស៊ី​សង្វាក់​គ្នា ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រព័ន្ធ​អេកូ​៕