វិទ្យាស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ (IBF) កាលពី​ថ្ងៃ​ពុធ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​សាកលវិទ្យាល័យ​អន្តរជាតិ ផារ៉ាហ្គន​ដើម្បី​លើកកម្ពស់​កិច្ចសហការ​ផ្សារភ្ជាប់​គម្លាត​ជំនាញ​រវាង​កម្មវិធីសិក្សា​របស់​ស្ថាប័ន​អប់រំ និង​តម្រូវការ​នៃ​ឧស្សាហកម្ម​ធនាគារ​។

ពិធី​ចុះហត្ថលេខា​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា និង​ទទួលបាន​ការអញ្ជើញ​ផ្តល់​កិត្តិយស​ដោយ​លោកជំទាវ ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា​។

ក្នុង​នោះ​មាន​ការចូលរួម​ពី​ក្រុមប្រឹក្សាភិបាល និង​គណៈគ្រប់គ្រង​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ (IBF) និង​សាកល​វិទ្យាល័យ​អន្តរជាតិ ផារ៉ាហ្គន ព្រម​ទាំង​មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC) ​និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA)​។

តាមរយៈ MoU នេះ វិទ្យាស្ថាន IBF និង​សាកលវិទ្យាល័យ ផារ៉ាហ្គន​នឹង​សហការ​គ្នា​ក្នុង​ការផ្តួចផ្តើម​គំនិត​ផ្សេងៗ​ដើម្បី​ផ្សារភ្ជាប់​គម្លាត​រវាង​តម្រូវការ​ជំនាញ​ដែល​កំពុង​វិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​ឧស្សាហកម្ម​ធនាគារ និង​អ្នក​ដែល​បណ្តុះបណ្តាល​ដោយ​ប្រព័ន្ធ​អប់រំ​ឧត្តមសិក្សា​។

ឯកឧត្តម​បណ្ឌិត ហង់ជួន ណារ៉ុន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​មាន​ប្រសាសន៍​ថា​៖ «​កម្មវិធី​អប់រំ​ឧត្តមសិក្សា​នៅ​កម្ពុជា​បាន​ពង្រីក​យ៉ាង​ឆាប់រហ័ស​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​កំណើន​នៅក្នុង​វិស័យ​ផ្សេងៗ ប៉ុន្តែ​កំណើន​នេះ​មិនមាន​ភាពស៊ីចង្វាក់​គ្នា​ជាមួយ​នឹង​តម្រូវការ​នៃ​វិស័យ​ឧស្សាហកម្ម​នោះទេ ដោយសារ​តែ​មិនមាន​កិច្ចសហការ​រវាង​អង្គភាព​ទាំង​ ២»​។

«​ខ្ញុំ​សូម​អបអរសាទរ​គំនិត​ផ្តួចផ្តើម​នេះ ដែល​ដឹកនាំ​ដោយ IBF និង​មានការ​គាំទ្រ​ពី​សំណាក់ ABC និង CMA ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ជា​វិជ្ជមាន​របស់ Paragon.U ដើម្បី​ចូលរួម​ក្នុង​ការសហការ​គ្នា​ជា​ផ្លូវការ​នេះ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​មើល​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​ជាច្រើន​ទៀត​រួមទាំង​សាកលវិទ្យាល័យ​សាធារណៈ​ក្នុងស្រុក​របស់​យើង​»​។

លោក ជា កញ្ញរិទ្ធិ អ្នកគ្រប់គ្រង​ទូទៅ​នៃ​វិទ្យាស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​ថា​៖ « គោលបំណង​នៃ MoU នេះ​គឺ​ដើម្បី​ផ្សារភ្ជាប់​គម្លាត ទាក់ទង​នឹង​សមត្ថភាព​រវាង​តម្រូវការ​ឧស្សាហកម្ម​នេះ និង​កម្មវិធី​របស់​ស្ថាប័ន​អប់រំ ដើម្បី​ធ្វើឱ្យ​ប្រាកដ​​ថា ស្ថាប័ន​អប់រំ បណ្តុះបណ្តាល​បាន​និស្សិត​ស្របតាម​តម្រូវការ​របស់​ឧស្សាហកម្ម​ធនាគារ​»​។

លោកជំទាវ ជា សិរី មាន​ប្រសាសន៍​ថា​៖ «​នៅក្នុង​ការកែលម្អ​ការអប់រំ មនុស្ស​គ្រប់គ្នា​គួរតែ​ដើរតួ​សំខាន់​មួយ ជាពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម​។ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ធ្វើការ​ជាមួយ​ឧស្សាហកម្ម​ដើម្បី​ផ្តួចផ្តើម​វិទ្យាស្ថាន IBF និង​រីករាយ​ដែល​បានឃើញ​ឥទ្ធិពល​វិជ្ជមាន​របស់ IBF ទៅលើ​ប្រព័ន្ធ​រួម​នៃ​ការកសាង​សមត្ថភាព​ខាង​ធនាគារ​នៃ​និស្សិត​បញ្ចប់​ការសិក្សា​ទៅ​ជា​អ្នកជំនាញ​ធនាគារ​រួមគ្នា​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ផ្អែកលើ​ចំណេះដឹង និង​បម្រើ​គោល​ដំណង​ឆ្ពោះទៅរក​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស និង​ការរីកចម្រើន​ប្រកប​ដោយ​ចីរភាព​»​។

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា​៖ «​អនុស្សរណៈ​យោគយល់​គ្នា​នៅ​ថ្ងៃ​នេះ​គឺជា​និមិត្តសញ្ញា​នៃ​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ​ដែល​យើង​អាច​ទន្ទឹងរង់ចាំ​នូវ​ការខិតខំ​ប្រឹងប្រែង​បន្ថែម និង​បន្ត​ទៅមុខទៀត​ឥតឈប់ឈរ សម្រាប់​គ្រឹះស្ថាន​ឧត្តមសិក្សា ដើម្បី​រៀបចំ និង​កែលម្អ​កម្មវិធី​សិក្សា​ឡើងវិញ ជាពិសេស​ទាក់ទង​នឹង​តម្រូវការ​វិស័យ​ធនាគារ និង​ធម្មជាតិ​ដែលមាន​ភាពប្រែប្រួល​នៃ​ពិភពធុរកិច្ច​ជំនួញ​»​។

ឯកឧត្តម អ៊ាង សុផល្លែត ប្រធាន​កិត្តិយស​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ បារ៉ាហ្គន មាន​ប្រសាសន៍​ថា​៖ «​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ រវាង​សាកលវិទ្យាល័យ​អន្តរជាតិ ផារ៉ាហ្គន និង​វិទ្យាស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​គឺជា​សក្ខីភាព​ដ៏ល្អ​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​សាកលវិទ្យាល័យ​អន្តរជាតិ ផារ៉ាហ្គន ក្នុង​ការកសាង​ភាពជា​ដៃគូ​រវាង​សាកលវិទ្យាល័យ និង​វិស័យ​ឧស្សាហកម្ម​»​។

អនុស្សរណៈ​នៃ​ការយោគយល់​នេះ​ផ្តល់​ជូន​និស្សិត និង​សមាជិក​មហាវិទ្យាល័យ​នៃ​សាកលវិទ្យាល័យ​នូវ​ឱកាស​ដើម្បី​អភិវឌ្ឍ បង្កើន​ជំនាញ ចំណេះដឹង និង​បណ្តាញ​របស់​ពួកគេ​នៅក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​៕