ក្រុង​វ៉ាស៊ីនតោន៖ ​មន្ត្រី​បញ្ចកោណ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​កងកម្លាំង​នុយក្លេអ៊ែរ​​របស់​អាមេរិក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ដើម្បី​​ទប់ទល់​​​បច្ចាមិត្ត​ទាំង​អស់​នៅ​ក្នុង​នោះ​ក៏​មាន​ប្រទេស​​កូរ៉​ខាង​ជើង​ដែរ ក្រោយ​ពី​ប្រទេស​កុម្មុយនីស្ត​មួយ​​នេះ​ បាន​ប្តេជ្ញា​បង្កើន​សមត្ថភាព​អាវុធ​​នុយក្លេអ៊ែរ​របស់​ខ្លួន​​​នោះ​។​

លោក ​ឌ្រីវ​ វ៉ាល់​ធឺរ​ ដែល​បច្ចុប្បន្ន​កំពុង​កាន់​តំណែង​ជា​ឧបការី​រង​​​ការពារ​ជាតិ​ទទួល​បន្ទុក​បញ្ហា​នុយក្លេអ៊ែរ​បាន​ថ្លែង​ថា​ អាមេរិក​យល់​ដឹង​ច្បាស់​ណាស់​អំពី​ទំហំ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ ហើយ​វា​មិន​ធំ​ដូច​ឃ្លាំង​របស់​ក្រុម​ប្រទេស​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ផ្សេង​ទៀត​នោះ​ទេ​។​

លោក​បាន​ថ្លែង​នៅ​អំឡុង​ពេល​ធ្វើ​សិក្ខាសាលា​មួយ​ បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ Mitchell​ ដើម្បី​សិក្សា​ដែន​អាកាស​ថា៖ «​ខ្ញុំ​គិត​ថា​ ក្រសួង​ការពារ​ជាតិ​បាន​ចុះ​ត្រួត​ពិនិត្យ​ ដល់​ក្រុម​កងកម្លាំង​នុយក្លេអ៊ែរ​របស់​យើង ​ខណៈ​ពួក​គេ​បាន​ត្រៀម​លក្ខណៈ​ប្រុង​ជើង​ការ​រួច​ជា​ស្រេច​ ជា​កម្លាំង​ខ្លាំង​ក្លា​ និង​ចាំ​ទប់ទល់​ជាមួយ​ក្រុម​បច្ចាមិត្ត​ទាំង​អស់​នោះ​ ទាំង​មក​ពី​ប្រទេស​រុស្ស៊ី ​រហូត​ដល់​ប្រទេស​ចិន​ ថែម​ទាំង​ប្រទេស​កូរ៉េ​ខាង​ជើង​ ឬ​អ៊ីរ៉ង់ ​ដ៏​មាន​សក្តានុពល​ផង​ដែរ»​។​ «ស្រប​ពេល​ជាមួយ​គ្នា​នេះ ​ ពួក​គេ​បាន​អះអាង​អំពី​ក្រុម​សម្ព័ន្ធមិត្ត​ ដូច​ជា​អង្គការ​ណាតូ​ ប្រទេស​កូ​រ៉េ​ខាង​ត្បូង​ និង​​ជប៉ុន​ជា​ដើម​»​។​

លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​មិន​បាន​មើល​ឃើញ​អំពី​ការ​បន្ថែម​កម្លាំង​សមត្ថភាព​ថ្មី​ ដើម្បី​ទប់ទល់​ជាមួយ​កូរ៉េ​ខាង​ជើង​ នៅ​ក្នុង​ស្មារតី​​ប្រុង​ប្រយ័ត្ន​ទេ​»​។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាង​ជើង​ បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ មេ​ដឹកនាំ​លោក ​គីម​ ជុងអ៊ុន​ បាន​ធ្វើ​ជា​អធិបតី​កិច្ច​ប្រជុំ​គណៈកម្មការ​យោធា​មជ្ឈិម​​ ហើយ​បាន​ពិភាក្សា​អំពី ​«​គោល​នយោបាយ​ថ្មី​ ដើម្បី​ការ​បង្កើន​ទប់ស្កាត់​សង្គ្រាម​អាវុធ​នុយក្លេអ៊ែរ​៕ Yonhap/SK