ក្រុង​ទ្រីប៉ូលី៖ ​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​បង្រួប​បង្រួម​លីប៊ី​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ពួក​គេ​បាន​ដណ្តើម​យក​បាន​ព្រលាន​យន្តហោះ​អន្តរជាតិ​ ​​ក្រុង​​ទ្រីប៉ូលី​មក​កាន់​កាប់​​វិញ​ ដែល​វា​​​​ត្រូវ​បាន​គ្រប់គ្រង​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៩ ​ដោយ​កង​កម្លាំង​​គាំទ្រ​លោក ​ហ្គាលីហ្វា ហាហ្វតារ​ នៅ​ក្នុង​ការ​វាយ​ប្រហារ​បន្ត​បន្ទាប់​ចុង​ក្រោយ​បំផុត​សម្រាប់​យោធា​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​កើត​។​

លោក ​ម៉ូហាម៉េដ​ នូនូ​ ជា​អ្នក​នាំពាក្យ​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ ​(GNA) ​បាន​ថ្លែង​ថា​៖ «កងកម្លាំង​របស់​យើង​បាន​រំដោះ​ព្រលាន​យន្តហោះ​អន្តរជាតិ​ទ្រីប៉ូលី​មក​វិញ​ទាំង​ស្រុង​»​។​

ព្រលាន​យន្តហោះ​ស៊ីវិល​ដ៏​សំខាន់​នៅ​លីប៊ី​ ដោយ​មាន​ទីតាំង​ស្ថិត​នៅ​រដ្ឋធានី​ភាគ​ខាង​ត្បូង​ នៅ​តាម​ផ្លូវ​ហាយវ៉េ​សំខាន់​មួយ​​ទៅ​កាន់​កណ្តាល​រដ្ឋធានី​ទ្រីប៉ូលី​របស់​ខ្លួន​ត្រូវ​បាន​បិទ​ចាប់​តាំង​ពី​ព្រលាន​នេះ​ បាន​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​​ នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ឆ្នាំ ​២០១៤ ​កន្លង​ទៅ​។​

កង​កម្លាំង​គាំទ្រ​លោក ហ្គាលីហ្វា ហាហ្វតារ​ បាន​បើក​ការ​វាយ​ប្រហារ​មួយ​ទៅ​លើ​រដ្ឋធានី​ទ្រីប៉ូលី​កាល​ពី​ខែ​មេសា ​ឆ្នាំ ​២០១៩​ ដោយ​ដណ្តើម​កាន់​កាប់​ព្រលាន​យន្តហោះ​នោះ​នៅ​ក្នុង​​សប្តាហ៍​បន្ទាប់​។​

ប៉ុន្តែ​ការ​វាយ​ប្រហារ​ថ្មើរ​ជើង​បាន​បង្ក​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​នៅ​ក្នុង​​​ទីក្រុង​ទ្រីប៉ូលី​​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​បាន​ដណ្តើម​យក​ទីតាំង​សំខាន់ៗ​ជា​បន្តបន្ទាប់​មក​កាន់​កាប់​​វិញ​។​

លោក ​ម៉ូហាម៉េដ នូនូ​ បាន​ថ្លែង​ថា ​អស់​រយៈពេល​ជាង​ ២ ​សប្តាហ៍ ហើយ​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ ​GNA​ បាន​បើក​ការ​វាយ​ប្រហារ​ថ្មើរ​ជើង ​និង​ផ្លូវ​អាកាស​ទ្រង់ទ្រាយ​ធំ​ជា​ច្រើន​លើក​ ដោយ​បាន​ធ្វើ​ការ​ឡោម​ព័ទ្ធ​តំបន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ទ្រីប៉ូលី​ នៅ​មុន​ពេល​ការ​វាយ​ប្រហារ​ចុង​ក្រោយ​​ ហើយ​ដណ្តើម​​យក​បាន​​វា​មក​គ្រប់គ្រង​ទាំង​ស្រុង​វិញ។​

លោក ​នូនូ​ បាន​ថ្លែង​ថា​ កង​កម្លាំង​គាំទ្រ​រដ្ឋាភិបាល​បង្រួបបង្រួម​បច្ចុប្បន្ន ​«កំពុង​តាម​ចាប់​ខ្លួន​យុទ្ធជន​របស់​លោក ​ហ្គាលីហ្វា​ ហាហ្វតារ​ ដែល​រត់​គេច​ខ្លួន​ទៅ​ទិស​ខាង​ត្បូង​ ទៅ​កាន់​ទីក្រុង​ហ្គាស់ប៊ិន​ ហ្គាស្ស៊ី​» ​ចម្ងាយ​ប្រហែល ​២០ ​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ទ្រីប៉ូលី​​ខាង​ត្បូង​។​

ទូរទស្សន៍​គាំទ្រ​រដ្ឋាភិបាល​បង្រួប​បង្រួម​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​ចែក​រំលែក​វីដេអូ​ជា​ច្រើន​ ​បាន​បង្ហាញ​កងកម្លាំង​ស្មោះ​ត្រង់​រដ្ឋាភិបាល​ បាន​ចូល​កាន់​កាប់​ព្រលាន​យន្តហោះ​ក្រុង​​ទ្រីប៉ូលី​។​

កងកម្លាំង​របស់​លោក ​ហ្គាលីហ្វា ហាហ្វតារ​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាម​ៗ​អំពី​ឧបសគ្គ​នោះ​ទេ​ ប៉ុន្តែ​ការ​បាត់បង់​ព្រលាន​យន្តហោះ​បាន​​ធ្វើ​​ឲ្យ​​​កងកម្លាំង​​​​របស់​លោក ​ហាហ្វតារ ​បើក​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​

មេ​បញ្ជា​ការ​យោធា​ ដែល​បាន​គាំទ្រ​រដ្ឋ​ការ​គូបដិបក្ខ​មួយ​ នៅ​ប្រទេស​លី​ប៊ី​ភាគ​ខាង​កើត​ ហើយ​​គ្រប់គ្រង​ទឹក​ដី​ភាគ​ច្រើន​នៅ​ប្រទេស​លីប៊ី​ភាគ​ខាង​ត្បូង ​កាល​ពី​ខែ​មុន​នេះ​ ​បាន​បាត់បង់​មូលដ្ឋាន​ទ័ព​អាកាស​អាល់វ៉ាទីយ៉ា​៕ AFP/SK