ក្រុង​មីនស្កិ៍៖ ​ប្រទេស​បេឡារុស ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​គំរាម​បាញ់​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ ដើម្បី​បំបែក​បាតុកម្ម​ប្រឆាំង​ប្រធានាធិបតី​បេឡារុស​ គឺ​លោក ​អាឡិចសាន់ឌ័រ​ លូកាសិនកូ ​ខណៈ​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប​ បាន​ឯកភាព​គ្នា​ដាក់​ទណ្ឌកម្ម​ផ្ទាល់​ ដោយ​បាន​​កំណត់​គោលដៅ​ទៅ​លើ​មេ​ដឹកនាំ​បុរស​ខ្លាំង​តែ​ម្តង។​

ការ​ប្រើប្រាស់​បាញ់​កាំភ្លើង​ដៃ​អាច​នឹង​បង្ក​ឱ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​កាន់​តែ​ខ្លាំង​ឡើង​ នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា ​មិន​ចាញ់​មិន​ឈ្នះ​រយៈពេល ​២ ​ខែ ​រវាង​លោក លូកាសិនកូ​ និង​ក្រុម​អ្នក​តវ៉ា​ដែល​បាន​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ ប្រឆាំង​ជម្លោះ​បោះ​ឆ្នោត​ឡើង​វិញ​របស់​លោក​ កាល​ពី​ខែ​សីហា​ និង​ប្រឆាំង​ការ​ធ្វើ​បាប​ និង​ទារុណកម្ម​ទៅ​លើ​អ្នក​ទោស​ជា​ដើម​។​

ការ​ព្រមាន​នោះ​ បាន​ធ្វើ​ឡើង​ក្រោយ​ពី​កងកម្លាំង​សន្តិសុខ​បាន​បង្ក្រាប​យ៉ាង​ឃោរឃៅ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​លោក ​លូកាសិនកូ​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ដោយ​បាន​ធ្វើ​ឱ្យ​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប​ឯកភាព​គ្នា​ថា​ វា​ដល់​ពេល​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​លោក ​លូកាសិនកូ ​ហើយ​។​

កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ មន្ត្រី​ប៉ូលិស​សន្តិសុខ​មួយ​ចំនួន​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និង​គ្រាប់​បែក​ផ្សែង​ ប្រឆាំង​ក្រុម​អ្នក​ចូល​និវត្តន៍ ​១ ក្រុម​ ដែល​បាន​រៀបចំ​ក្បួន​តវ៉ា​ជា​ប្រចាំ​មួយ​ ដែល​បាន​ធ្វើ​ឱ្យ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ ចេញ​ពី​ក្រុម​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​មួយ​នេះ​៕ AFP/SK