ក្រុងទ្រីប៉ូលី៖ កងកម្លាំងយោធាលីប៊ីរបស់បុរសខ្លាំង ហ្គាលីហ្វា ហាហ្វតារ បានថ្លែងថា ពួកគេបានដណ្តើមយកសង្កាត់ ១ នៃទីក្រុងទ្រីប៉ូលីភាគខាងត្បូងមកកាន់កាប់វិញកាលពីថ្ងៃចន្ទ ក្រោយពីធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់កងកម្លាំងគាំទ្ររដ្ឋាភិបាលឯកភាពជាតិ។
លោក អាហ៍ម៉េដ អាល់-មីស្មារី ជាអ្នកនាំពាក្យកងកម្លាំងរបស់លោក ហ្គាលីហ្វា ហាហ្វតារ បានថ្លែងថា៖ «អង្គភាពនៃកងកម្លាំងប្រដាប់អាវុធ បានដណ្តើមយកតំបន់អាល់-អាស់-សាបៀ មកកាន់កាប់កាលពីព្រឹកថ្ងៃចន្ទ ក្រោយពីមានការវាយប្រហារផ្លូវអាកាសជាបន្តបន្ទាប់» ទៅលើកងកម្លាំងគាំទ្ររដ្ឋាភិបាលបង្រួបបង្រួមជាតិ។
រូបភាព និងវីដេអូជាច្រើនបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងទូរទស្សន៍លីប៊ី បានបង្ហាញអំពីកងកម្លាំងរបស់លោក ហ្គាលីហ្វា ហាហ្វតារ ចូលកាន់កាប់ក្នុងតំបន់នោះ ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីទីក្រុងទ្រីប៉ូលីភាគខាងត្បូង។
កងកម្លាំងគាំទ្ររដ្ឋាភិបាលបង្រួបបង្រួមជាតិបានថ្លែងកាលពីថ្ងៃចន្ទថា ពួកគេបានបង្កើនការវាយប្រហារផ្លូវអាកាសរបស់ពួកគេកាន់តែខ្លាំងឡើង ដោយគ្មានការជូនដំណឹងឲ្យបានដឹងមុនអំពីការបាត់បង់សង្កាត់នោះទេ។
អ្នកនាំពាក្យរដ្ឋាភិបាលបង្រួបបង្រួមជាតិលោក ម៉ូហាម៉េដ នូនូ បានថ្លែងថា៖ «កងកម្លាំងទ័ពអាកាសបានកំណត់គោលដៅទៅលើរថយន្តយោធា ៣ គ្រឿង (ជាប្រភេទរថពាសដែក Emirati Tiger រថយន្តបំពាក់អាវុធយុទ្ធភណ្ឌ និងរថយន្ត ១ គ្រឿងទៀតបំពាក់កាំភ្លើងប្រឆាំងយន្តហោះប្រចាំនៅបន្ទាយអាល់-អាស់សាបៀ»។ លោកបានថ្លែងថា កងកម្លាំងគាំទ្ររដ្ឋាភិបាលបង្រួបបង្រួមជាតិបានចេញបញ្ជាឲ្យ «បើកការវាយប្រហារទៅលើក្រុមឧទ្ទាមទាំងនោះ ដោយគ្មានក្តីមេត្តា ឬការអាណិតអាសូរជាដាច់ខាត»។
ការបះបោរកាលពីឆ្នាំ ២០១១ ដែលបានទម្លាក់ និងសម្លាប់ជនផ្តាច់ការកាន់អំណាចយ៉ាងយូរ គឺលោក មួម៉ា ហ្គាដាហ្វី បានទាញទម្លាក់លីប៊ីចូលក្នុងភាពចលាចលអស់ជាច្រើនឆ្នាំ ដោយមានរដ្ឋការគូបដិបក្ខ ២ និងកងជីវពលបានធ្វើការតស៊ូ ដើម្បីអំណាច៕ AFP/SK