ក្រុង​ស្រ៊ី​ណា​ហ្គារៈ ​ប៉ូលិស​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ក្រុម​សកម្ម​ប្រយុទ្ធ​ ៣ ​នាក់​បាន​ស្លាប់​ នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​មួយ​ ​ជា​មួយ​កង​កម្លាំង​រដ្ឋាភិ​បាល​ឥណ្ឌា​ នៅ​កណ្តាល​នៃ​ទី​ក្រុង​ស្រ៊ី​ណា​ហ្គារ​សំខាន់​នៅ​តំបន់​កាស្មៀរ​ ២ ​ថ្ងៃ​ ក្រោយ​ពី​ក្រុម​ឧទ្ទាម​ ៨ ​នាក់​បាន​ស្លាប់​ នៅ​ក្នុង​សមរ​ភូមិ​ប្រយុទ្ធ​ផ្សេង​ទៀត​។

ក្រុង​ញូ​វដែលី​បាន​កំពុង​ពង្រឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រឆាំង​ក្រុម​បះ​បោរ​នៅ​ក្នុង​ជម្លោះ​ទឹក​ដី​ ចាប់​តាំង​ពី​ការ​បិទ​ប្រទេស ​ដោយ​សារ​ការ​ឆ្លង​រាល​ដាល​វី​រុស​កូ​រ៉ូ​ណា​ នៅ​ទូ​ទាំង​ប្រទេស​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ចុង​ខែ​មី​នា​កន្លង​ទៅ​។​

​មន្ត្រី​ប៉ូលិស​ម្នាក់​ ដែល​បាន​ថ្លែង​ក្នុង​លក្ខ​ខណ្ឌ​អនាមិក​ប្រាប់​កាសែត​ AFP​ ថា ​ក្រុម​សកម្ម​ប្រយុទ្ធ​ទាំង​នោះ​ បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​មួយ​ នៅ​ក្នុង​តំបន់​ហ្ស៊ូម​នី​ម៉ារ​ ដែល​មាន​មនុស្ស​រស់​នៅ​យ៉ាង​ច្រើន​ នៅ​ក្នុង​ទី​ក្រុង​ចំណាស់​ស្រ៊ី​ណា​ហ្គារ​នេះ​។​

​ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​បំផ្លាញ ​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ទី​នោះ​។​

​តំបន់​កាស្មៀរ​ដែល​​គ្រប់​គ្រង​ដោយ​ឥណ្ឌា​ បាន​ធ្លាក់​ក្នុង​ភាព​ចលា​ចល​ ចាប់​តាំង​ពី​ខែ​សី​ហា​ ឆ្នាំ​ ២០១៩​ កន្លង​ទៅ​ នៅ​ពេល​ក្រុង​ញូវ​ដែលី​លុប​ចោល​ឋានៈ​ស្វ័យ​គ្រប់​គ្រង​ពាក់​កណ្តាល​ ​ហើយ​បាន​បិទ​ការ​ទំនាក់​ទំនង​មួយ​ ដែល​មិន​បាន​ដក​ចេញ​វិញ​ទាំង​ស្រុង​នោះ​ទេ​៕ AFP