ក្រុង​វ៉ាស៊ីនតោន៖ ​យោង​តាម​សេតវិមាន​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​យោធា ​និង​ឧទ្ធម្ភាគចក្រ​វាយ​ប្រហារ​របស់​រុស្ស៊ី​ បាន​ឡោម​ព័ទ្ធ​រថពាស​ដែក​យោធា​អាមេរិក ​២ ​គ្រឿង ​នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា ​យ៉ាង​តឹងតែង​មួយ​នៅ​​ប្រទេស​ស៊ីរី​ភាគ​ឦសាន​ កាល​ពី​ថ្ងៃ​ពុធ​ ដោយ​បាន​បណ្តាល​ឲ្យ​កងកម្លាំង​អាមេរិក​រង​របួស​។​

រូបភាព​​វីដេអូ​ប្រឈម​មុខ​ដាក់​គ្នា​ដែល​បាន​ចែក​រំលែក​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ ​បាន​ថត​បង្ហាញ​ឲ្យ​ឃើញ​​ក្រុម​អ្នក​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ និង​ក្រុម​ជនជាតិ​រុស្ស៊ី​ខ្លួន​ឯង​ផ្ទាល់​ ទំនង​ជា​បង្ហាញ​ឲ្យ​ឃើញ​រថយន្ត​កងកម្លាំង​ និង​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​កំពុង​ព្យាយាម ​ដើម្បី​ឡោម​ព័ទ្ធ​រថយន្ត​យោធា​អាមេរិក​ ហើយ​បន្ទាប់​មក​បាន​បង្ខំ​ឲ្យ​ពួក​គេ​ចាកចេញ​ពី​តំបន់​នោះ​នៅ​ជិត​តំបន់ ​Dayrick​។​

រថយន្ត​ជា​ច្រើន​គ្រឿង​ ទំនង​ជា​បាន​ប៉ះ​ទង្គិច​គ្នា​នៅ​កន្លែង​ចំណុច​មួយ​ដែល​អាច​កើត​ឡើង​ទៅ​បាន​នៅ​កន្លែង​ចាប់​ផ្តើម​ប្រឈម​មុខ​ដាក់​គ្នា​ ដែល​ឧទ្ធម្ភាគចក្រ ​១ គ្រឿង ​ក្នុង​ចំណោម​ឧទ្ធម្ភាគចក្រ​ទាំង​នោះ​ បាន​ហោះ​សំកាំង​យ៉ាង​ទាប​នៅ​ពី​លើ​រថយន្ត​អាមេរិក​ដែល​បាន​ឈប់​នៅ​ទីនោះ​ដោយ​បាន​បាញ់​រះ​ទៅ​លើ​ពួក​គេ​។​

ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ​១ ​ថា ​រថយន្ត​យោធា​រុស្ស៊ី​ បាន​វាយ​ប្រហារ​ទៅ​លើ​រថពាស​ដែក ​ATV ​អាមេរិក ​១ គ្រឿង ​«​ដោយ​បាន​បង្ក​ឲ្យ​អ្នក​បើក​បរ​រថយន្ត​យោធា​រង​របួស​នៅ​ទីនោះ​»​។​

មិនមាន​ព័ត៌មាន​លម្អិត​ចេញ​ពី​ក្រុម​ប្រឹក្សាសន្តិ​សុខជាតិ​ ឬ​មន្ទីរ​បញ្ចាកោណ​ថា ​តើ​មាន​អ្នក​បើកបរ​ប៉ុន្មាន​នាក់​បាន​រង​របួស​នោះ​​ទេ៕ AFP/SK