ក្រុង​តេអេរ៉ង់៖ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​ថា ​កងកម្លាំង​ការពារ​បដិវត្តន៍​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​បង្ហាញ​​មីស៊ីល​បាលីស្ទិក​ថ្មី ​១ គ្រឿង របស់​កងទ័ព​ជើង​ទឹក​ ដោយ​មាន​សក្តានុពល​អាច​បាញ់​បាន​ចម្ងាយ​ជាង ​៧០០ ​គីឡូម៉ែត្រ​ បន្ទាប់​ពី​មាន​ភាព​តានតឹង​អស់​ជា​ច្រើន​ខែ​ ជាមួយ​គូ​សត្រូវ​ស្លាប់​រស់​អាមេរិក​មក​នោះ​។​

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន ​Tasnim​ បាន​ឲ្យ​ដឹង​ថា ​មីស៊ីល​នោះ​មាន​ឈ្មោះ​ថា ​«ហ្ស៊ូហ្វាហ្គារ​បាស័រ» ​(Zolfaghar Basir) ​គឺ​ជា​មីស៊ីល​បាលីស្ទិក​ដែល​បាញ់​ពី​ផ្ទៃ​រាប​ទៅ​លើ​លំហ​អាកាស​។​

ចម្ងាយ​របស់​មីស៊ីល​នេះ គឺ​អាច​បាញ់​បាន​ឆ្ងាយ​ជាង​មីស៊ីល​ផ្សេង​ទៀត​របស់​សាធារណរដ្ឋ​អ៊ិស្លាម​ដល់​ទៅ​ ​២ ​ដង​​ ដែល​ក្នុង​នោះ​រួម​មាន​ មីស៊ីល ​«Hormuz-2​» ​ដោយ​បាញ់​បាន​ចម្ងាយ ​៣០០ ​គីឡូម៉ែត្រ​ ដែល​ក្រុង​តេអេរ៉ង់​បាន​ថ្លែង​ថា​ ខ្លួន​បាន​ធ្វើ​តេស្ត​ដោយ​ជោគជ័យ​កាល​ពី​ខែ​មីនា ​ឆ្នាំ ​២០១៧​។​

ទីភ្នាក់ងារ​សារព័ត៌មាន Tasnim ​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ថា​ តើ​ប្រទេស​អ៊ីរ៉ង់ ​បាន​ធ្វើ​តេស្ត​បាញ់​មីស៊ីល​ថ្មី​នោះ ​ហើយ​ ឬ​នៅ​នោះ​​ទេ​។​

រូបភាព​ជា​ច្រើន​បាន​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​តាស្នីម​ បាន​បង្ហាញ​មីស៊ីល​ហ្ស៊ូហ្វាហ្គារ​បាស័រ​ បាន​ដាក់​តាំង​នៅ​ពី​លើ​ជើង​ទម្រ​រថយន្ត ​១ គ្រឿង​ នៅ​អំឡុង​ពេល​ការ​ចាប់​ផ្តើម​បាញ់​ នៅ​កន្លែង​លំហ​អាកាស​ជាតិ​អ៊ីរ៉ង់​ កាល​ពី​ថ្ងៃ​អាទិត្យ​។​

នាយ​ឧត្តមសេនីយ៍​មេ​បញ្ជា​ការ​លោក ​ហូសស៊ីន​ សាឡាមី ​បាន​ថ្លែង​​ថា៖ ​«​ការ​តាំង​ពិព័រណ៍​មីស៊ីល​ បាន​បង្ហាញ​អំពី​ផែនការ​ទូលំ​ទូលាយ»៕ AFP/SK​