កាល​ពី​ថ្ងៃ​សៅរ៍ ទី ២៧ មីនា កងទ័ព​មីយ៉ាន់ម៉ា​បាន​ទម្លាក់​គ្រាប់​បែក​នៅ​តំបន់​ព្រំដែន​ថៃ។ សហភាព​ជាតិ​ការ៉ែន (KNU) ដែល​ជា​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច​មួយ គ្រប់គ្រង​នៅ​តំបន់​ភាគអាគ្នេយ៍​បាន​និយាយ​ថា យន្ដហោះ​ចម្បាំង​បាន​វាយប្រហារ​តំបន់​ចំនួន ៥ នៅ​ស្រុក Mutraw ជិត​ព្រំដែន​រួម​ទាំង​ជំរុំ​ភៀស​ខ្លួន។

ការ​វាយ​ប្រហារ​តាម​អាកាស​នោះ បាន​បង្ក​អោយ​មាន​អ្នក​ស្លាប់​ចំនួន ២ នាក់ និង​រងរបួស ២ នាក់។ KNU បាន​និយាយ​ថា KNU កំពុង​ផ្តល់​ជម្រក​ដល់​ប្រជាជន ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា កំឡុង​ពេល​មាន​អំពើ​ហិង្សា​កើន​ឡើង​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។

KNU បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មិន​ធ្វើ​ការ​វាយប្រហារ​គ្នា​កាល​ពី​ឆ្នាំ ២០១៥ ប៉ុន្តែ​ភាព​តានតឹង​បាន​កើន​ឡើង បន្ទាប់​ពី​យោធា​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​កាល​ពី​ថ្ងៃទី ១ ខែ​កុម្ភៈ៕