ក្រុងបេរូត៖ កងទ័ពលីបង់បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចាប់ខ្លួនជនសង្ស័យរាប់សិបនាក់ពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក្រោយពីការតវ៉ាជាច្រើនថ្ងៃ ដែលត្រូវបានបង្កឡើងដោយរូបិយវត្ថុក្នុងតំបន់ធ្លាក់ចុះ ស្របពេលមានវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតជាច្រើនទសវត្សរ៍ហើយនោះ។
អ្នកតវ៉ារាប់រយនាក់ បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខកាលពីចុងសប្តាហ៍មុននៅទូទាំងប្រទេសមហាសមុទ្រមេឌីទែរ៉ាណេនេះ ក្រោយពីបាតុកម្មកាន់តែកើនឡើងប្រឆាំងនឹងវណ្ណៈដឹកនាំដែលត្រូវបានគេចាត់ទុកថា ប្រព្រឹត្តអំពើពុករលួយ និងខ្វះសមត្ថភាពក្នុងការដោះស្រាយវិបត្តិដ៏អាក្រក់នៅក្នុងប្រទេស។
សេចក្តីថ្លែងការណ៍មួយរបស់កងទ័ពបានឲ្យដឹងថា៖ «ចំនួននៃការចាប់ខ្លួនសរុបដែលត្រូវបានធ្វើឡើងដោយការស៊ើបអង្កេតរបស់យោធានៅចន្លោះពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែមិថុនា នៅក្នុងតំបន់ផ្សេងៗគ្នានៅលីបង់ គឺ ៣៦ នាក់ពីបទបំផ្លិចបំផ្លាញធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជន និងវាយប្រហារលើកងកម្លាំងសន្តិសុខ»។
ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការបានរាយការណ៍ថា កងទ័ពនេះបានធ្វើការវាយឆ្មក់ជាបន្តបន្ទាប់នៅក្រុងកំពង់ផែទ្រីប៉ូលីជាទីក្រុងធំទី ២ របស់ប្រទេសលីបង់។
នៅក្នុងអំឡុងការតវ៉ា ៣ រាត្រីនោះ បុរសវ័យជំទង់ជាច្រើននាក់ បានវាយប្រហារលើធនាគារ និងហាងលក់ទំនិញ និងគប់ដុំថ្មទៅលើកងសន្តិសុខ៕ AFP/PSA