ក្រុងហ្ស៊េរុយ​សាឡិមៈ​ ​កង​ទ័ព ​បាន​និយាយ​ថា ​យន្ត​ហោះ​​ចម្បាំង​របស់​អ៊ីស្រា​អែល​ បាន​វាយ​​ប្រហារ​ចំ ​២៥​គោល​ដៅ​ នៅ​ក្នុង​តំបន់​ហ្គាហ្សា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ​់​​រ៉ុក្កែត ​ដែល​បាញ់​ចេញ​ពី​ដែន​ដី​ប៉ា​ឡេ​ស្ទីន​។​​

នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ ​កង​ទ័ព​នោះ​ បាន​និយាយ​ថា​ រ៉ុក្កែត​ប្រហែល​ ៤៥​គ្រាប់​ ត្រូវ​បាន​បាញ់​ចេញ​ពី​តំបន់​ហ្គាហ្សា​នៅ​ពេល​យប់​សំដៅ​ទៅ​អ៊ីស្រាអែល​។ ​រ៉ុក្កែត​៧​គ្រាប់ ​ត្រូវ​ប្រព័ន្ធ​ការ​ពារ​មី​ស៊ីល​ ចាប់​បាន​។

​កង​ទ័ពនោះ ​បាន​បន្ថែម​ថា​ ជា​កា​រ​ឆ្លើយតប​​ទៅនឹងរ៉ុក្កែតទាំងនោះ ​យន្ត​ហោះ​អ៊ី​ស្រា​អែលជា​ច្រើន​គ្រឿង ​បាន​ធ្វើការវាយប្រហារ​​​ទៅលើ​​​បរិ​វេណយោ​ធា​របស់​​ក្រុម​ចលនាអ៊ិ​ស្លាម​ហាម៉ាស​។

​ការ​វាយ​ប្រហារ​ថ្មីៗ​នេះ ​បាន​កើត​ឡើង​ ស្រប​ពេល​ជា​មួយ​ភាព​តាន​តឹង​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​តំបន់​ហ្គា​ហ្សា ​ក្រោយ​ពី​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ ​និង​ការ​ប៉ះ​ទង្គិច ​បាន​កើត​ឡើង​នៅ​តាម​បណ្តោយ​ព្រំ​ដែន​កាល​ពី​ថ្ងៃ​ទី​៣០ ​ខែ​មីនា​។ ​ពល​រដ្ឋ​ប៉ាឡេ​ស្ទីន​យ៉ាង​តិច​១៣២​នាក់​ បាន​ស្លាប់​។ មិន​មាន​អ៊ីស្រា​អែល​ណា​ម្នាក់​ ស្លាប់​ឡើយ​។ ​​

ពល​រដ្ឋ​ប៉ា​ឡេ​ស្ទីន​ កំពុង​ធ្វើ​ការ​ទាម​ទារ​សិទ្ធិ​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង ​ដែល​ក្រុម​គ្រួសារ​របស់​ពួក​គេ ​បាន​ភៀស​ខ្លួន​ចេញ ​ឬ ​ត្រូវ​បាន​បណ្តេញ​ចេញ​នៅ​ក្នុង​អំឡុង​សង្រ្គាម​ជុំវិញ​ការ​បង្កើត​អ៊ី​ស្រា​អែល​នោះ​៕ ​PSA