ក្រុង​ហូ​ដេ​ដាៈ ក្រុមគ្រូពេទ្យ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​មនុស្ស​យ៉ាង​តិច ១៥០ នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រយៈពេល ២៤ ម៉ោង​នៅក្នុង​ក្រុង​កំពង់ផែ​ហូដេដា ខណៈ​អ្នក​ការ​ទូត​កំពូល​អង់គ្លេស​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ឈូង​សមុទ្រ​នេះ ដោយ​បាន​ស្វះស្វែង​អំពាវនាវ​សុំ​ឲ្យ​មាន​បទ​ឈប់​បាញ់​មួយ។

ក្រុម​ស្មោះត្រង់​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ក្រុមចម្រុះ ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កំពុង​ប្រយុទ្ធ​គ្នា ដើម្បី​បណ្តេញ​ក្រុម​ឧទ្ទាម​ហ៊ូធី​គាំទ្រ​ដោយ​អ៊ីរ៉ង់​ចេញ​ពី​ក្រុង​សមុទ្រ​ក្រហម​ដែល​កំពង់ផែ​ជា​ច្រើន​របស់​ក្រុង​នេះ ផ្តល់​ជម្រក​ដល់​ពលរដ្ឋ​យេម៉ែន​ជិត ១៤ លាន​នាក់​ដែល​កំពុង​ប្រឈម​នឹង​ភាព​អត់​ឃ្លាន​យ៉ាង​ខ្លាំង។

ដោយ​ត្រូវបាន​សួរ​អំពី​លទ្ធភាព​បទ​ឈប់​បាញ់​មួយ​នោះ​អ្នកនាំពាក្យ​ក្រុមចម្រុះ​នោះ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្រុង​រីយ៉ាដ​ថា កិច្ច​ប្រតិបត្តិការ​នោះ​កំពុង​បន្ត ដោយ​បាន​បន្ថែម​ថា លទ្ធភាព​បទ​ឈប់​បាញ់​នោះ​មានន័យ​ថា ត្រូវ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ឧទ្ទាម​ឲ្យ​វិល​ទៅ​រក​តុ​ចរចា។

ក​ងកម្លាំងគាំទ្ររដ្ឋាភិបាលយេម៉ែន​​ជួបជុំគ្នា​នៅជាយក្រុង​ហូដេ​ដា​។ AFP

អ្នកក្រុង​ហូ​ដេ​ដា​ម្នាក់​បាន​រាយការណ៍​ថា ការប្រយុទ្ធ​គ្នា​ថយចុះ​នៅ​ជុំវិញ​ក្រុង​នេះ នៅ​ល្ងាច​ថ្ងៃ​ចន្ទ ប៉ុន្តែ​លោក​អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ Antonio Guterres បាន​ព្រមាន​អំពី​លទ្ធភាព​ស្ថានភាព​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​ក្លា​ប្រសិន​បើ​កំពង់ផែ​នេះ ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​នោះ។

លោក Guterres បាន​ថ្លែងថា៖ «ការប្រយុទ្ធ​គ្នា​ត្រូវតែ​ឈប់​ការចរចា​នយោបាយ​ត្រូវតែ​ចាប់ផ្តើម ហើយ​យើង​ត្រូវ​តែ​ត្រៀម​ឆ្លើយតប​តាម​ផ្លូវ​មនុស្សធម៌​ទ្រង់ទ្រាយ​ធំ​មួយ ដើម្បី​បញ្ចៀស​នូវ​ស្ថានភាព​អាក្រក់​បំផុត​នៅ​ឆ្នាំ​ក្រោយ​នេះ»។

ប្រភព​យោធា​មួយ​នៅក្នុង​ក្រុមចម្រុះ​គាំទ្រ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ក្រុម​អ្នកបះបោរ​បាន​ធ្វើការ​វាយ​បក​ទ្រង់​ទ្រាយ​ធំ​ដែល​បំណង​រុល​ចូល​ទៅ​ក្រុង​កំពង់ផែ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​ឧទ្ទាម ចាប់​តាំង​ពី​ឆ្នាំ ២០១៤ មក៕