
លោក Maduro ថ្លែងទៅកាន់ក្រុមសមាជិកសភានៅក្នុងក្រុងការ៉ាកាសកាលពីថ្ងៃទី ១៨ ខែ ធ្នូ ២០២០។ AFP
វិបត្តិនយោបាយ និងមនុស្សធម៌ដែលគ្មានទីបញ្ចប់បានគ្របដណ្ដប់លើទឹកដីប្រទេសវ៉េណេស៊ុយអេឡា អស់រយៈពេលជាច្រើនឆ្នាំមក។ យ៉ាងណាមិញប្រធានាធិបតី លោក Nicolas Maduro ហាក់ដូចព្យាយាមពង្រឹងអំណាចរបស់ខ្លួនជាជាងព្យាយាមដោះស្រាយវិបត្តិដែលអូសបន្លាយទាំងនេះទៅវិញហើយកាន់តែធ្វើឱ្យប្រជាជនក្នុងប្រទេសនេះ ទទួលរងទុក្ខវេទនាបន្ថែមទៀត។
សាវតារត្រួសៗពីវិបត្តិនៅប្រទេសវ៉េណេស៊ុយអេឡា គឺថាសេដ្ឋកិច្ចប្រទេសនេះមួយផ្នែកធំគឺពឹងផ្អែកទៅលើពាណិជ្ជកម្មប្រេង។ លោក Hugo Chavez ប្រធានាធិបតីវ៉េណេស៊ុយអេឡា ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៣ បានបន្តខ្ចីប្រាក់ពីទីផ្សារបរទេសអំឡុងពេលតម្លៃប្រេងឡើងខ្ពស់បំផុត ហើយលោកក៏បានចំណាយថវិការដ្ឋដ៏ច្រើនទៅលើសេវាកម្មសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រ (កម្រិតភាពក្រីក្រចុះពី ២៣,៤% ទៅ ៨,៥% នាពេលនោះ)។ នេះជាកត្តាដែលធ្វើឱ្យបំណុលក្នុងប្រទេសនេះកើនឡើងជាខ្លាំង និងធ្វើឱ្យប្រទេសផ្សេងៗឈប់ផ្ដល់ថវិកាឱ្យប្រទេសនេះខ្ចីបន្តទៀត។
ក្រោយមកសេដ្ឋកិច្ចប្រទេសនេះ បានធ្លាក់ចុះនៅពេលដែលតម្លៃប្រេងចាប់ផ្តើមធ្លាក់ចុះ។ ចំណែកឯរដ្ឋាភិបាលក៏បានចាប់ផ្តើមបោះពុម្ពលុយបន្ថែម ដែលធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ និងបង្កឱ្យអត្រាអតិផរណាកាន់តែកើនឡើង។
ប្រទេសនេះក៏ជួបប្រទះបញ្ហាកង្វះខាតអគ្គិសនី ទឹក និងប្រេងនិយាយរួមទៅ រដ្ឋាភិបាលខ្វះខាតថវិកាសម្រាប់ផ្គត់ផ្គង់សេវាសំខាន់ៗក្នុងប្រទេសរួមមានទាំងសេវាថែទាំសុខភាពផងដែរ គួបផ្សំនឹងវិបត្តិកូវីដ ១៩ ផងស្ថានភាពប្រទេសនេះកាន់តែយ៉ាប់យ៊ឺនឡើង។
វិបត្តិទាំងនេះបង្កជាសម្ពាធមកលើលោក Maduro កាន់តែខ្លាំងឡើងរហូតធ្វើឱ្យលោក Maduro សម្រេចងាកទៅរកអ្នកធ្លាប់ជួយប្រទេសនេះពីមុន គឺទីក្រុងម៉ូស្គូ ប៉េកាំង តេអេរ៉ង់ និងឡាហាវ៉ាន។ បច្ចុប្បន្នពាណិជ្ជកម្មប្រេងឥន្ទនៈប្រទេសនេះ ត្រូវទទួលរងទណ្ឌកម្មសហរដ្ឋអាមេរិកបូកផ្សំនឹងការធ្លាក់ចុះនៃផលិតកម្មប្រេងឆៅក្នុងរបបរបស់លោក Maduro បានធ្វើឱ្យប្រទេសនេះងាកទៅរកការជួញដូរគ្រឿងញៀនការជីករ៉ែមាសខុសច្បាប់ និងការធ្វើពាណិជ្ជកម្មឈើសុទ្ធសឹងតែជាធនធានសំខាន់ដែលបរទេសត្រូវការ។
ប្រទេស ១ វាសនា ២ ប្រជាជនវ៉េណេស៊ុយអេឡាសាមញ្ញធម្មតាត្រូវតម្រង់ជួរគ្នា ដើម្បីទទួលបានស្បៀងអាហារ និងប្រេងឥន្ធនៈហើយត្រូវស៊ូទ្រាំនឹងកង្វះខាតសេវាកម្មទឹក និងអគ្គិសនីក្នុងប្រទេសនេះ។ ប៉ុន្តែគេនៅតែឃើញមានរថយន្តប្រភេទ SUV ធំៗបរកាត់ដងផ្លូវការ៉ាកាសទៅទទួលយកអ្នកអភិជនពីផ្សារទំនើបដែលមានទំនិញថ្លៃៗពីក្លិបកម្សាន្ត និងពិធីជប់លៀងប្រណីតៗ ដូចធម្មតា។ នេះបង្ហាញឱ្យឃើញពីគម្លាតជីវភាពដូចមេឃនឹងដីរបស់ប្រជាជនក្នុងប្រទេសនេះ។
លោក Marely Reyes ដែលជាប្រជាជនក្រីក្ររស់នៅក្នុងសង្កាត់ La Pastora បាននិយាយថា៖ «មើលជុំវិញហ្នឹងទៅ! ប្រជាជនខ្លះកំពុងរស់នៅសុខស្រួល ខណៈពេលដែលយើងពិបាករកសូម្បីតែអាហារហូប ប្រេងសាំងទឹក និងហ្គាស ដើម្បីប្រើប្រាស់។ នេះហើយគឺជាអ្វីដែលកើតឡើងពិតៗ ក្នុងសង្គមមួយដែលគេមើលមកស្មានថាមាន»។
ទន្ទឹមនឹងនេះ ភាពចលាចលនយោបាយអស់រយៈពេលជាច្រើនឆ្នាំក្នុងប្រទេសនេះហាក់ដូចមិនមានអ្វីធ្វើឱ្យស្ថានភាពប្រទេសនេះប្រសើរជាងមុនឡើយ។ តែទោះប្រទេសជួបវិបត្តិយ៉ាងណាក្ដីការបោះឆ្នោតសម្រាប់សភាជាតិវ៉េណេស៊ុយអេឡាកាលពីខែធ្នូ កន្លងទៅបានបញ្ចប់ដោយជោគជ័យហើយលទ្ធផល គឺជាអ្វីដែលគេអាចព្យាករបានគឺថា ប្រធានាធិបតី Nicolas Maduro ដែលធ្លាប់កាន់អំណាចជាច្រើនអាណត្តិមកនោះជាអ្នកឈ្នះឆ្នោតដូចសព្វដង។
បន្ទាប់ពីលោក Chavez ឥឡូវ នេះលោក Maduro បច្ចុប្បន្នក្លាយជាមេដឹកនាំដែលកាន់អំណាចយូរជាងគេបំផុតនៅវ៉េណេស៊ុយអេឡាដែលមានរយៈពេលអស់ជិត ១ សតវត្សរ៍។
នៅក្នុងសន្និសីទស្ដីអំពីការអបអរជ័យជម្នះរបស់លោក Maduro មានគេសួរលោកថា «តើនឹងមានអ្វីកើតឡើង បន្ទាប់មកទៀតចំពោះប្រទេសវ៉េណេស៊ុយអេឡា?» លោក Maduro បានឆ្លើយថា៖ «ការពិតនឹងនៅតែកើតឡើង» ហើយភាពរវើរវាយនឹងរលាយបាត់ពី ជីវិតនយោបាយរបស់ប្រទេសនេះ (សំដៅលើលោក Guaido) ទោះបីជាសហរដ្ឋអាមេរិក ឬអឺរ៉ុប ឬម៉ាទីស ជាអ្នកគាំទ្រការស្រមើស្រមៃនោះក៏ដោយក៏ភាពជាក់ស្តែងនៅតែមានឥទ្ធិពលជាងភាពរវើរវាយទាំងនោះ។
គួរបញ្ជាក់ផងដែរថា កិច្ចខិតខំប្រឹងប្រែងរបស់លោក Guaido គឺផ្តួលរំលំលោក Maduro តាំងពីដើមឆ្នាំ ២០១៩ ជាមួយនឹងការគាំទ្ររបស់សហរដ្ឋអាមេរិកប៉ុន្តែហាក់មិនមានភាពជោគជ័យក្នុងការទម្លាក់លោក Maduro ចេញពីតំណែង។ កិច្ចខិតខំគាំទ្រពីអាមេរិកមិនមានលទ្ធផលជោគជ័យដែលអាចផ្លាស់ប្ដូរស្ថានភាពប្រទេសនេះឱ្យប្រសើរឡើយ ចុងក្រោយគ្រាន់តែបន្សល់ត្រឹមនាមជាលោក Guaido ជាប្រធានាធិបតីបណ្ដោះអាសន្ននៃប្រទេសនេះ។
បើក្រឡេកមើលវិបត្តិផ្ទៃក្នុងប្រទេសនេះវិញក៏បានរាលដាលពាសពេញទ្វីបអាមេរិកខាងត្បូង ខណៈប្រជាជនវ៉េណេស៊ុយអេឡារាប់លាននាក់ បានភៀសខ្លួនចេញពីប្រទេស ដើម្បីស្វែងរកស្បៀងអាហារ និងការងារ។ ការចាកចេញនេះបានជំរុញឱ្យមានការស្អប់ខ្ពើមជនភៀសខ្លួន និងបង្កឱ្យមានអំពើហិង្សាប្រឆាំងនឹងប្រជាជនវ៉េណេស៊ុយអេឡា ដែលកំពុងស្វែងរកការជ្រកកោននៅក្នុងប្រទេសជិតខាង។
ទោះជាយ៉ាងណាក្ដី រដ្ឋាភិបាល និងអង្គការផ្សេងៗក្នុងតំបន់ក៏កំពុងតែខិតខំព្យាយាមផ្ដល់ជំនួយដល់ប្រជាជនប្រទេសនេះតាមតែអាចធ្វើទៅបាន។ ថ្វីបើការរីករាលដាលនៃកូវីដ ១៩ បានធូរស្រាលជាងមុន ដែលធ្វើឱ្យលំហូរជនភៀសខ្លួនត្រឡប់មកប្រទេសនេះវិញក្ដី ក៏ចំនួនជនភៀសខ្លួនអាចនឹងចាប់ផ្តើមជាថ្មីម្តងទៀតនៅពេលដែលធនធានរបស់រដ្ឋាភិបាលនៅជុំវិញតំបន់ធ្លាក់ចូលក្នុងស្ថានភាពតានតឹងដោយសារវិបត្តិសុខភាពពិភពលោក។
យ៉ាងណាមិញកាលពីថ្ងៃទី ៦ មករា ផងដែរ សហគមន៍អឺរ៉ុបក៏បានឈប់ទទួលស្គាល់ជាផ្លូវការថា លោក Juan Guaido ជាប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសនេះទៀត ដែលជាហេតុបង្កឱ្យមានការរាំងស្ទះការទូតយ៉ាងធ្ងន់ធ្ងរចំពោះយុទ្ធនាការប្រឆាំងនានារវាងមេដឹកនាំប្រឆាំងនិងរូបលោកក្នុងគោលបំណងបណ្តេញលោក Nicolas Maduro ចេញពីអំណាច។ ការសម្រេចដូចនេះកាន់តែធ្វើឱ្យភាពតតាំងរបស់លោក Guaido កាន់តែទន់ខ្សោយ ខណៈការកាន់អំណាចរបស់លោក Maduro កាន់តែខ្លាំងជាងពេលណាៗទាំងអស់៕