កម្មករ​កាត់ដេរ​មីយ៉ាន់ម៉ា​ជាច្រើន​នាក់ ដែល​បាន​ចូលរួម​ក្នុង​ចលនា​មិន​គោរព​តាម​ច្បាប់​រដ្ឋ ឬ CDM បាន​ទទូច​ដល់​ក្រុមហ៊ុន​យីហោ​ធំៗ​លើ​ពិភព​លោក​ចូលរួម​ថ្កោលទោស​ដល់​របប​យោធា និង​ចាត់​វិធានការ ដើម្បី​ធានា​មិន​ឱ្យ​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​កម្មករ ដែល​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ក៏​ដូចជា​ចលនា​នេះ។

បាតុកម្ម​ប្រឆាំង​នឹង​របប​យោធា​នៅ​មីយ៉ាន់ម៉ា​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ឧស្សាហកម្ម​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង ដែល​ធ្វើ​ឱ្យ​ខាតបង់​ប្រមាណ ៦ ពាន់​លាន​ដុល្លារ ​ពី​សេដ្ឋកិច្ច​ប្រទេស​នេះ ធ្វើ​ឱ្យ​ប្រជាជន​ជាច្រើន​នាក់​បាត់បង់​ការងារ​ជាពិសេស​ក្នុង​វិបត្តិ​ជំងឺ​កូវីដ ១៩។

រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​នានា​ក្នុង​ស្រុក ត្រូវ​ផ្អាក​ដោយសារ​កម្មករ​បាន​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម និង​កំពុង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ដូចជា H&M និង Mango ដែល​មាន​រោងចក្រ​នៅ​ប្រទេស​នេះ ឱ្យ​ថ្កោលទោស និង​ដាក់​សម្ពាធ​លើ​របប​យោធា​បន្ថែម​ទៀត ដើម្បី​ជួយ​ការពារ​កម្មករ​ចៀសវាង​ការ​បញ្ឈប់​ការងារ ឬ​ធ្វើ​ទុក្ខ​បុក​ម្នេញ ឬ​ត្រូវ​ចាប់​ខ្លួន និង​សម្លាប់​ដោយសារ​ចូលរួម​ក្នុង​ការ​តវ៉ា​បាតុកម្ម​នេះ។

Tin Tin Wei ដែល​ជា​កម្មករ​រោងចក្រ​កាត់​ដេរ​បាន​និយាយ​ថា៖ «ប្រសិន​បើ​យើង​ត្រឡប់​ទៅ​ធ្វើ​ការ ​ដើម្បី​របប​មួយ​នេះ​ដដែល អនាគត​របស់​យើង​គឺ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត ហើយ​យើង​នឹង​បាត់បង់​សិទ្ធិ​ការងារ ឬ​សូម្បីតែ​សិទ្ធិមនុស្ស​របស់​យើង​ក៏​នឹង​ត្រូវ​បាត់បង់​ដែរ»។

រហូត​មក​ដល់​ពេល​នេះ​ការ​ឆ្លើយតប​ពី​ក្រុមហ៊ុន​យីហោ​អាស៊ី​ហាក់​ដូច​មាន​ភាព​ច្របូកច្របល់។ មាន​ក្រុមហ៊ុន​តិច​ណាស់​បាន​និយាយ​ថា ពួក​គេ​នឹង​ដាក់​កាត់​បន្ថយ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ដោយ​ឡែក​អ្នក​ផ្សេង​ទៀត ភាគ​ច្រើន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា នឹង​ថ្កោលទោស ប៉ុន្តែ​ពួក​គេ​ចង់​ជួយ​ដល់​កម្មករ​ដោយ​ផ្តល់​ការងារ​ដល់​ពួក​គេ​ដដែល។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន L.L. Bean លោក Steve Smith បាន​និយាយ​ថា ក្រុមហ៊ុន​លោក​មាន​ផលិតកម្ម​បម្រុង​ទុក​នៅ​កន្លែង​ផ្សេង​ទៀត​ ប៉ុន្តែ​វា​សំខាន់​ណាស់​ដែល​មិន​ត្រូវ​បោះបង់​ចោល​ប្រទេស​នេះ។

ដោយ​ឡែក​ការ​ឆ្លើយតប​ក្រុមហ៊ុន​ផ្សេង​ទៀត​ហាក់​ដូច​មាន​ការ​ដាក់​សម្ពាធ​ខ្លាំង ឧទាហរណ៍​ក្រុមហ៊ុន Hennes & Mauritz និង​ក្រុមហ៊ុន The Benetton Group បាន​ផ្អាក​រាល់​ការ​បញ្ជា​ទិញ​ថ្មី​ទាំង​អស់​ពី​រោងចក្រ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ក្រុមហ៊ុន H&M បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ទោះបី​ជា ពួក​យើង​បដិសេធ​មិន​ចាត់​វិធានការ​ភ្លាមៗ​ទាក់ទង​នឹង​វត្តមាន​រយៈពេល​វែង​របស់​ពួក​យើង​នៅ​ក្នុង​ប្រទេស​នេះ​ក៏​ដោយ ក៏​ពួក​យើង​នៅ​តែ​ផ្អាក​ការ​បញ្ជា​ទិញ​ថ្មី​ជាមួយ​អ្នក​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស​នេះ​ដែរ»។

សេចក្ដី​ថ្លែង​ការណ៍​បាន​បន្ត​ថា៖ «នេះ ​គឺ​ដោយសារ​តែ​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ប្រជាជន និង​ស្ថានភាព​ដែល​មិន​អាច​ទាយ​ទុក​ជា​មុន ដែល​រារាំង​សកម្មភាព​របស់​ពួក​យើង​ក្នុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​នេះ»។

ក្រុមហ៊ុន​សម្លៀក​បំពាក់​យីហោ Mango របស់​អេស្ប៉ាញ​បាន​និយាយ​ថា ខ្លួន​នឹង​ធ្វើ​ការ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម និង​សហជីព​របស់​ខ្លួន​នៅ​ទូទាំង​ពិភព​លោក និង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ធានា​ថា គ្មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ប្រឆាំង​នឹង​កម្មករ​រោងចក្រ ឬ​មេ​ដឹកនាំ​សហជីព​ដែល​បាន​ប្រើ​សិទ្ធិ​ស៊ីវិល ​ឬ​សហជីព​របស់​ពួក​គេ ដើម្បី​បាតុកម្ម​ឡើយ។

ការ​ដាក់​ទណ្ឌកម្ម​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​ជាង ៦០០ ០០០ នាក់ ប៉ុន្តែ​មេ​ដឹកនាំ​សហជីព​ខ្លះ​និយាយ​ថា ពួក​គេ​នឹង​សុខ​ចិត្ត​មើល​ឃើញ​កម្មករ​បាត់បង់​ការងារ​ជាជាង ស៊ូទ្រាំ​នឹង​ការ​គាប​សង្កត់​របស់​របប​យោធា​នេះ។

យ៉ាង​ណា​មិញ​លោកស្រី Moe SandarMyint ប្រធាន​សហព័ន្ធ​កម្មករ​កាត់​ដេរ​នៅ​មីយ៉ាន់ម៉ា​បាន​និយាយ​ថា សកម្មភាព​របស់​យីហោ​ធំៗ​ទាំង​នេះ នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​ជួយ​ដល់​កម្មករ​នៅ​ឡើយ​ទេ។ លោកស្រី​ចង់​ឃើញ «សកម្មភាព​ជាក់​ស្តែង»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចលនា​មិន​គោរព​តាម​ច្បាប់​រដ្ឋ ឬ CDM គឺ​ជា​ការ​ឈប់​បំពេញ​ការងារ​ពាស​ពេញ​ផ្ទៃ​ប្រទេស ដែល​រួម​មាន​កម្មករ​ផ្លូវដែក អ្នក​បើកបរ​ឡាន​ដឹក​ទំនិញ មន្ទីរពេទ្យ បុគ្គលិក​ធនាគារ និង​អ្នក​ផ្សេង​ទៀត​ជា​ច្រើន ក្នុង​បំណង​ធ្វើ​ឱ្យ​រាំងស្ទះ​សេដ្ឋកិច្ច។

អ្នក​រៀបចំ​កម្មវិធី​ពលករ​ចំណាក​ស្រុក​មីយ៉ាន់ម៉ា Sein Htay បាន​និយាយ​ថា៖ «គោលបំណង ​គឺ​ចង់​បង្ហាញ​អំពី​ការ​មិន​ចូលរួម​ជាមួយ​របប​យោធា​ទាល់​តែ​សោះ។ ហើយ​យើង​ជឿជាក់​ថា ចលនា​នេះ នឹង​មាន​ប្រសិទ្ធភាព។ នេះ​ហើយ ​គឺ​ជា​អ្វី​ដែល​ជំរុញ​ទឹកចិត្ត​របស់​ពួក​យើង​ឱ្យ​តស៊ូ​ទៅ​មុខ​ទៀត»។

តាំង​ពី​មាន​រដ្ឋប្រហារ​កាល​ពី​ដើម​ខែ​កុម្ភៈ​មក កំណើន​នៃ​អ្នក​ចូលរួម​បាតុកម្ម​កាន់តែ​កើន​ឡើង ជាពិសេស​ពី​ក្រុម​សហជីព​កម្មករ និង​យុវជន​មីយ៉ាន់ម៉ា​ផ្សេង។ សារព័ត៌មាន​មួយ​ចំនួន​បាន​រាយការណ៍​ថា ក្រុម​បាតុករ​ក៏​បាន​វាយ​បំផ្លាញ​រោងចក្រ​នានា ជាពិសេស​រោងចក្រ​ដែល​មាន​ម្ចាស់​ជា​ថៅកែ​ចិន ដោយ​ក្រុមបាតុករ​យល់​ថា ប្រទេស​ចិន ​ជា​អ្នក​នៅ​ពី​ក្រោយ​រដ្ឋប្រហារ​នេះ។ តែ​ក្រុមបាតុករ​អះអាង​ថា ពួក​គេ​មិនមែន​ជា​អ្នក​បំផ្លិចបំផ្លាញ​លើ​រោងចក្រ​ទាំង​នោះ​ទេ។

បន្ថែម​ពី​ភាព​មិន​ប្រក្រតី​ទាំង​នេះ រដ្ឋាភិបាល​ចិន​បាន​លើក​ឡើង​ថា ខ្លួន​នឹង​រៀបចំ​ធ្វើ​ការ​ការពារ​ឱ្យ​បាន​ប្រសើរ​ជាង​មុន​លើ​ការ​វិនិយោគ​អាជីវកម្ម​នានា​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដែល​រួម​បញ្ចូល​ការ​វិនិយោគ​លើ​រោងចក្រ​កាត់​ដេរ បំពង់​បង្ហូរ​ប្រេង និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ទៀត។

បើ​តាម​ការ​ផ្សាយ​របស់​ការ​ផ្សាយ​ពត៌មាន​ដោយ​ទីភ្នាក់ងារ​រដ្ឋ ​Global Times បាន​អះអាង​ថា ក្រុម​បាតុករ​ដែល “ត្រូវ​បាន​ញុះញង់​ដោយ​លោក​ខាង​លិច” បាន​វាយ​ប្រហារ​រោងចក្រ​ចំនួន ៣២ ដែល​បណ្ដាល​ឱ្យ​ខាតបង់​គិត​ជា​ទឹកប្រាក់​ប្រហែល​ជា ២៤០ លាន​យន់ ​និង​ត្រូវ​ជា​ប្រហែល ៣០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ជា​ការ​ខូចខាត។

ភាព​ចលាចល​នេះ មាន​ផល​ប៉ះពាល់​ដល់​អាជីវកម្ម និង​វា​ធ្វើ​ឱ្យ​រំខាន​ដល់​អ្នក​វិនិយោគ នេះ​បើ​តាម​ការ​ផ្សាយ​របស់ ​CGTN ដែល​ជា​សារព័ត៌មាន​រដ្ឋ​ចិន។

សារពត៌មាន​រដ្ឋ​ចិន ​CGTN ផ្សាយ​ថា៖ «ប៉ុន្តែ​ប្រទេស​ចិន ​នឹង​មិន​អនុញ្ញាត​ឱ្យ​គុណប្រយោជន៍​របស់​ប្រទេស​ចិន រង​ផល​ប៉ះពាល់​ទៅ​ជា​ភាព​ហិង្សា​ទៀត​ទេ។ ប្រសិន​បើ​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​បាន និង​ភាព​ចលាចល​នេះ​នៅ​តែ​បន្ត​រីក​រាលដាល​ទៀត រដ្ឋាភិបាល​ចិន​នឹង​បង្ខំ​ចិត្ត​ចាត់​វិធាន​ការ​ក្ដៅ ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ខ្លួន»៕