ចៅក្រមអ៊ូហ្គាន់ដាបានបញ្ជាឱ្យកងកម្លាំងសន្តិសុខរដ្ឋាភិបាលបញ្ឈប់ការឡោមព័ទ្ធគេហដ្ឋានបេក្ខជនប្រធានាធិបតីបក្សប្រឆាំង លោក Bobi Wine ដែលជាប់ឃុំនៅទីនោះតាំងពីចាញ់ការបោះឆ្នោតកាលពីពាក់កណ្ដាលខែមករា។
លោក Wine អាយុ ៣៨ ឆ្នាំ គឺជាតារាចម្រៀងដ៏មានប្រជាប្រិយ ១ រូប ដែលមានឈ្មោះពិត Kyagulanyi Ssentamu គឺជាបេក្ខជនបក្សប្រឆាំង ១ រូប នៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ១៤ ខែមករា។ យោងតាមមន្ត្រីរៀបចំការបោះឆ្នោត លោកប្រធានាធិបតី Yoweri Museveni បានជាប់ឆ្នោតអាណត្តិទី៦ របស់លោកដោយទទួលបានសំឡេងគាំទ្រ ៥៨ ភាគរយ និងលោក Wine បានទទួល ៣៤%។ លទ្ធផលនេះត្រូវបានជំទាស់ដោយលោក Wine។
តុលាការបានសម្រេចថា ការឃុំខ្លួនលោក Wine នៅគេហដ្ឋានគឺមិនស្របច្បាប់ទេ ហើយប្រសិនបើរដ្ឋាភិបាលចង់ឱ្យឃុំខ្លួនលោក ពួកគេគួរតែចោទប្រកាន់លោកពីបទឧក្រិដ្ឋមួយ។
ភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា រដ្ឋាភិបាលរបស់លោក Museveni មិនទាន់បានឆ្លើយតបនឹងការបញ្ជារបស់តុលាការនៅឡើយហើយគេក៏មិនច្បាស់ដែរថា តើរដ្ឋាភិបាលនឹងគោរពតាមសេចក្តីសម្រេចនេះឬយ៉ាងណា?។ ក្រុមមន្ត្រីដែលឡោមព័ទ្ធគេហដ្ឋានរបស់លោក Wine នៅថ្ងៃបោះឆ្នោតបាននិយាយថាលោក Wine មិនអាចចាកចេញដោយគ្មានកងយោធាអមការពារទេ ពីព្រោះលោកអាចបង្កឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ៕