
ភ្លើងឆេះរាលដាលនៅរោងចក្រចម្រាញ់ប្រេង Balongan ដែលគ្រប់គ្រងដោយក្រុមហ៊ុនប្រេងរដ្ឋ Pertamina នៅកោះជ្វាខាងលិចកាលពីថ្ងៃទី ២៩ មីនា។ AFP
ក្រុមហ៊ុនប្រេងរដ្ឋឥណ្ឌូនេស៊ី Pertamina បានឱ្យដឹងថា ក្រុមហ៊ុនបានបិទរោងចក្រចម្រាញ់ប្រេងនៅតំបន់ចាវ៉ាខាងលិច (West Java) មូលហេតុដោយសារមានអគ្គិភ័យឆាបឆេះពេញមួយយប់ ធ្វើឱ្យមនុស្ស ៥ នាក់រងរបួស។
អ្នកនាំពាក្យ Pertamina លោក IfkiSukarya បាននិយាយថា មនុស្ស ៥ នាក់ កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។ លោកបាននិយាយថា គ្មានបុគ្គលិក Pertamina ត្រូវបានរងរបួសឡើយ។ ដោយឡែក ប្រជាជនប្រមាណ ៩៥០ នាក់ នៅក្បែរនោះត្រូវបានជម្លៀសចេញពីតំបន់នោះ។
ក្រុមហ៊ុន Pertamina បាននិយាយថា អគ្គិភ័យបានកើតឡើងនៅកន្លែងស្តុកប្រេងរបស់រោងចក្រចម្រាញ់ប្រេង ប៉ុន្តែមិនមានផលប៉ះពាល់ដល់រោងចក្រកែច្នៃឡើយ៕