ក្រុង​ប៉ារីស៖ ​យោង​តាម​ចំនួន​សរុប​របស់​ប្រភព​ផ្លូវ​ការ​មួយ​ចំនួន​របស់​​សារព័ត៌មាន ​AFP​ កាល​ពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹង​ថា​ ចំនួន​ករណី​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​ដ៏​ចម្លែក​នេះ​បាន​កើន​ឡើង​រហូត​ដល់​ជាង ​២០ ​លាន​នាក់​ បច្ចុប្បន្ន​ត្រូវ​បាន​គេ​កត់ត្រា​នៅ​ទូទាំង​ពិភព​លោក គឺ​ជា​ចំនួន​ជាង​ពាក់​កណ្តាល​នៅ​ក្នុង​ប្រទេស​អាមេរិក​។​

ករណី​ឆ្លង​យ៉ាង​តិច ​២០ ០០២ ៥៧៧ ​នាក់​ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​រាយការណ៍​ថា​ មាន​ករណី​ស្លាប់​ចំនួន ​៧៣៣ ៨៤២ ​នាក់​។ ​មាន​ករណី​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ ជាង ​៤​ ភាគ ​១០​ បាន​កើត​ឡើង​នៅ​អាមេរិក ​និង​ប្រេស៊ីល​ ប្រទេស​ទាំង ​២​​ បាន​រង​ការ​វាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​នៅ​លើ​​ពិភព​លោក​។​

ខណៈ​អាមេរិក​បាន​កត់ត្រា​ករណី​ឆ្លង​ចំនួន ​៥ ០៧៥ ៦៧៨ ​នាក់​ និង​អ្នក​ស្លាប់​ចំនួន ១៦៣ ២៨២ ​នាក់​ ប្រទេស​ប្រេស៊ីល ​បាន​កត់​ត្រា​ករណី​ឆ្លង​ចំនួន ​៣ ០៥៧​ ៤៧០ ​នាក់​ ​និង​ស្លាប់​ ​១០១ ៧៥២ ​នាក់​។​

ល្បឿន​នៃ​ការ​រាត​ត្បាត​ ទំនង​ជា​កំពុង​កើន​ឡើង​នៅ​ទូទាំង​ពិភព​លោក​ ដោយ​មាន​ករណី​ឆ្លង​ចំនួន ​១ ​លាន​នាក់​បន្ថែម​ទៀត​ បាន​រក​ឃើញ​យ៉ាង​ឆាប់​រហ័ស​រៀង​រាល់ ​៤ ​ថ្ងៃ​ម្តង​ ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​កក្កដា ​កន្លង​ទៅ​។​

នៅ​ក្នុង​រយៈពេល ​៩៤ ​ថ្ងៃ​ មាន​ករណី​ឆ្លង​ ​១ លាន​នាក់​ ត្រូវ​បាន​គេ​កត់ត្រា​ក្រោយ​ពី​ការ​ប្រកាស​អំពី​ករណី​ឆ្លង​ជា​ផ្លូវ​ការ​ដំបូង​ នៅ​ក្នុង​ប្រទេស​ចិន​។ រយៈពេល​ ​៨៦ ​ថ្ងៃ​ក្រោយ​មក ​កាល​ពី​ថ្ងៃ​ទី ​២៨​ ខែ​មិថុនា ​កន្លង​ទៅ​ ​មនុស្ស​ចំនួន ​១០ ​លាន​នាក់​ បាន​ឆ្លង​​​វីរុស​​ផ្លូវ​ដង្ហើម​កូរ៉ូណា​។ ​ចំនួន​ករណី​ឆ្លង​ដែល​គេ​បាន​ដឹង​ចាប់​តាំង​ពី​ពេល​នោះ​មក​បាន​កើន​ឡើង​ទ្វេ​ដង​ ​ក្នុង​រយៈពេល ​១ ខែ​កន្លះ​។​

នៅ​ក្នុង​ប្រទេស​អាមេរិក​ឡាទីន​ និង​តំបន់​ការីប៊ីន​ ជា​តំបន់​ដែល​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​បំផុត​ ដោយ​មាន​ករណី​ឆ្លង​ចំនួន ​៥ ៦០១ ៤៧០ ​នាក់​ និង​អ្នក​ស្លាប់​ចំនួន ២២១ ២៨១ ​នាក់​ ហើយ​វីរុស​កូរ៉ូណា​នេះ​ បាន​បន្ត​ឆ្លង​យ៉ាង​ឆាប់​រហ័ស​ ដោយ​មាន​ករណី​ឆ្លង​ថ្មី ​៥៧៦ ៥៨៣ ​នាក់​ ត្រូវ​បាន​គេ​រាយការណ៍​ នៅ​ក្នុង​រយៈពេល ​៧ ​ថ្ងៃ​ចុង​ក្រោយ​។​

បន្ទាប់​មក​ប្រទេស​អាស៊ី​ មាន​ចំនួន ​(៤៩៥ ៦៦៣ ​នាក់​) ​ប្រទេស​កាណាដា​ និង​អាមេរិក​មាន ​(៣៧៩ ០១៧ ​នាក់​) ​ប្រទេស​អឺរ៉ុប​មាន​ចំនួន ​(​១៥៣ ៨៧៩ ​នាក់​) ​នៅ​ប្រទេស​អាហ្វ្រិក​មាន ​(​៨៩ ៦៤៤ នាក់​) ​នៅ​មជ្ឈិមបូព៌ា​មាន​ចំនួន​ ​(៧៤ ៥៨៨ នាក់​) ​និង​នៅ​តាម​តំបន់​មហា​សមុទ្រ​មាន​ចំនួន​ (​៣ ៣៧២ នាក់​)​។​

ប្រទេស​កាណាដា​ និង​អាមេរិក​ ជា​តំបន់​ដែល​​បាន​រង​ការ​ប៉ះពាល់​​យ៉ាង​ខ្លាំង​បំផុត​ទី២​ ដែល​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ចំនួន ​៥ ១៩៥ ៤១៧ ​នាក់​ និង​​ករណី​ស្លាប់​ចំនួន ​១៧២ ​៣០០ ​នាក់​ បាន​នាំ​មុខ​ប្រទេស​អាស៊ី​ មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ ​​ចំនួន ​(៣ ៤៩៣ ០២៦ ​នាក់​ អ្នក​ស្លាប់​មាន​ចំនួន​ ​៧២ ៤៨៦ ​នាក់​) ​ប្រទេស​អឺរ៉ុប​មាន​ករណី​ឆ្លង​ចំនួន ​(៣ ៣៧៤ ១៦៦ ​នាក់​ ស្លាប់ ​២១៣ ៤៨៤ ​នាក់)​ ​និង​ប្រទេស​នៅ​មជ្ឈិមបូព៌ា​មាន​ករណី​ឆ្លង​ ​(​១ ២៥៧ ៤១៧​ នាក់​ ករណី​អ្នក​ស្លាប់​មាន ​៣០ ៣៦៣ ​នាក់​)​។​

ប្រទេស​អាហ្វ្រិក​ករណី​ឆ្លង​ចំនួន ​(១ ០៥៧ ៧៣០ ​នាក់​ ​អ្នក​ស្លាប់ ​២៣ ៥៨២ ​នាក់​) ​ដែល​ជា​ទ្វីប​បាន​រង​ផល​ប៉ះពាល់​តិចតួច​ជាង​គេ​ បន្ទាប់​មក​នៅ​ក្នុង​តំបន់​មហា​សមុទ្រ​មាន​មនុស្ស​ចំនួន ​(២៣ ៣៥១ ៣៤៦ ​នាក់​) ​បាន​កត់ត្រា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ ​របស់​ខ្លួន​​ជាង​ពាក់​កណ្តាល​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​។

ប្រទេស​ឥណ្ឌា​ គឺ​ជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ថ្មី​ច្រើន​បំផុត​ កាល​ពី​សប្តាហ៍​មុន​មាន​ចំនួន ​(៤០២ ២៨៧ នាក់​)​ បាន​នាំ​មុខ ​US ​(៣៧៦ ៤៧១​ នាក់​)​ ដែល​កាល​ពី​ថ្ងៃ​អាទិត្យ​ ត្រូវ​​គេ​រាយ​ការណ៍​ជា​ផ្លូវ​ការ​ថា ​មាន​ករណី​ឆ្លង​បាន​កើន​ឡើង​ដល់​ ​៥ ​លាន​នាក់​៕ AFP/SK