កាលពី​ថ្ងៃ​សុក្រ​ទី​ ៥ និយតករ​ឱសថ​កាណាដា​បាន​ធ្វើការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ​១៩​របស់​ក្រុមហ៊ុន Johnson & Johnson ដែលជា​វ៉ាក់សាំង​ទី​ ៤ ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុងប្រទេស​នេះ​។

និយតករ​បាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​អាមេរិក Pfizer-BioNTech ​និង Moderna Inc កាលពី​ខែធ្នូ និង​វ៉ាក់សាំង​អង់គ្លេស AstraZeneca នៅ​ខែកុម្ភៈ​។ វ៉ាក់សាំង​ទាំងនេះ​ត្រូវការ​ការចាក់​ចំនួន​ ២ ​ដូស​។ ខុសពី​វ៉ាក់សាំង​ផ្សេងទៀត វ៉ាក់សាំង Johnson & Johnson ត្រូវការ​ការចាក់​តែ ១ ​ដូស​ប៉ុណ្ណោះ​។

ក្នុងពេល​ជាមួយ​គ្នា​នេះ​នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau បានឱ្យដឹងថា ក្រុមហ៊ុន Pfizer បាន​យល់ព្រម​ក្នុង​ការពន្លឿន​ការដឹកជញ្ជូន ដោយ​គ្រោង​នឹង​បញ្ជូន​វ៉ាក់សាំង​ចំនួន ៣,៥ លាន​ដូស​មុនពេល​កំណត់​នៅ​ចុងខែ​ឧសភា​៕