នៅ​ថ្ងៃ​ដំបូង​លោក​ចូល​កាន់​អំណាច​ប្រធានាធិបតី​ជាប់​ឆ្នោត ​Joe Biden គ្រោង​នឹង​លុប​ចោល​ការ​អនុញ្ញាត​របស់​លោក​ប្រធានាធិបតី​ Donald Trump ឱ្យ​សាងសង់​បំពង់​បង្ហូរ​ប្រេង ​Keystone XL ដែល​នឹង​បញ្ជូន​ប្រេង​ពី​ខេត្ត​ Alberta របស់​កាណាដា​ទៅ​កាន់​ឈូង​សមុទ្រ​ម៉ិកស៊ិក​ នេះ​បើ​តាម​​ឯកសារ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​សារព័ត៌មាន​កាណាដា ​CBC News។

ឯកសារ​មួយ​ចែកចាយ​ដោយ​ក្រុម​រៀបចំ​ការ​ផ្ទេរ​អំណាច​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ​កាល​ពី​ចុង​សប្ដាហ៍​មុន បាន​បង្ហាញ​បញ្ជី​បទបញ្ជា​លោក ​Biden គ្រោង​នឹង​ចុះហត្ថលេខា ដែល​ក្នុង​នោះ​រួម​មាន​ពាក្យ ​«បដិសេធ​ការ​អនុញ្ញាត​សិទ្ធិ​សាងសង់ ​Keystone XL»​។ បញ្ជី​បទបញ្ជា​នេះ​ដែល​ត្រូវ​បាន​បង្ហាញ​ដល់​ភាគី​ពាក់ព័ន្ធ​ គឺ​មាន​លក្ខណៈ​វែង​ជាង​បញ្ជី​ដែល​នាយ​ខុទ្ទកាល័យ​លោក ​Ron Klainចេញ​ផ្សាយ​ជា​សាធារណៈ​។

កាល​ពី​ថ្ងៃ​ចន្ទ ​ទី ​១៨ អភិបាល​ខេត្ត​ Alberta លោក Jason Kenny បាន​និយាយ​​ថា​ លោក​នឹង​ទាមទារ​សំណង​ផ្លូវ​ច្បាប់ ប្រសិន​បើ​ការ​រាយការណ៍​នេះ​ពិត​។ លោក Kenny បាន​និយាយ​ថា​៖ «យើង​សង្ឃឹម​ថា ​ប្រធានាធិបតី​ជាប់​ឆ្នោត Biden នឹង​បង្ហាញ​ការ​គោរព​ចំពោះ​ប្រទេស​កាណាដា ​ហើយ​យ៉ាង​ហោច​ណាស់​អង្គុយ​និយាយ​ជាមួយ​យើង»។

កាល​ពី​ខែ​មីនា​ ឆ្នាំ ២០២០ ខេត្ត​ Alberta បាន​វិនិយោគ​ប្រាក់​ប្រមាណ​ ១,១ ពាន់​លាន​ដុល្លារ​កាណាដា (៧៨៥ លាន​ដុល្លារ​អាមេរិក) លើ​គម្រោង​នេះ​ ហើយ​លោក​ Kenny បាន​និយាយ​ថា​ លោក​កំពុង​ពិចារណា​​ថា​​គួរ​លក់​បំពង់​ និង​សម្ភារ​សំណង់​ដើម្បី​កាត់​បន្ថយ​ការ​ខាត​បង់​។ លោក​ Kenny ​និយាយ​ថា​៖ «ប្រសិន​បើ​គម្រោង​ត្រូវ​បាន​បញ្ចប់​នោះ​នឹង​មាន​ទ្រព្យ​ច្រើន​អាច​លក់​បាន​ដូច​ជា​​បរិមាណ​បំពង់​ដ៏​ច្រើន​»។

ខេត្ត​នេះ ​គឺ​ជា​កំណប់​ប្រេង​ឆៅ​ធំ​ជាង​គេ​ទី​៣ នៅ​លើ​ពិភព​លោក ហើយ​មាន​ការ​លំបាក​អស់​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​បញ្ជូន​ប្រេង​របស់​ខ្លួន​ទៅ​កាន់​ឈូង​សមុទ្រ​របស់​អាមេរិក​ និង​ទីផ្សារ​ផ្សេង​ទៀត ដោយសារ​កង្វះ​បរិមាណ​បំពង់​បង្ហូរ​។ ពួក​គេ​សង្ឃឹម​ថា​ ការ​សាងសង់​ Keystone XL នឹង​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​។

នាយក​រដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau មិន​ទាន់​បាន​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ​ តែ​រដ្ឋាភិបាល​របស់​លោក​ធ្លាប់​បាន​ប្ដេជ្ញា​ការពារ​គម្រោង​នេះ​ និង​កាល​ពី​ខែ​វិច្ឆិកា ​លោក​ក៏​បាន​ពិភាក្សា​ជាមួយ​លោក​ Biden តាម​ទូរស័ព្ទ​ផង​ដែរ​។

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ធម្មជាតិ​កាណាដា​លោក ​Seamus-O''Regan បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ​រដ្ឋាភិបាល​របស់​លោក​នៅ​តែ​បន្ត​គាំទ្រ​គម្រោង​នេះ​។ លោក O''Regan បាន​និយាយ​ថា​៖ «ប្រេង​កាណាដា​ត្រូវ​បាន​ផលិត​ក្រោម​ក្របខ័ណ្ឌ​គោល​នយោបាយ​បរិស្ថាន​ និង​អាកាសធាតុ​យ៉ាង​រឹងមាំ​ ហើយ​គម្រោង​នេះ​នឹង​មិន​ត្រឹមតែ​ពង្រឹង​ទំនាក់ទំនង​ថាមពល​កាណាដា-សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​បង្កើត​ការងារ​រាប់​ពាន់​សម្រាប់​កម្មករ​នៅ​តាម​តំបន់​ព្រំដែន​ផង​ដែរ​»។

កាល​ពី​ថ្ងៃ​ចន្ទ អ្នក​នាំពាក្យ​របស់​លោក Biden លោក Andrew Bates បាន​និយាយ​ថា​​ ក្រុម​រៀបចំ​ការ​ផ្ទេរ​អំណាច​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​បំពង់​ប្រេង​នេះ​ទេ​។

បំពង់​ប្រេង ​Keystone XL បាន​រង​ការ​ប្រឆាំង​តាំង​ពី​ពេល​ចេញ​ផែនការ​នៅ​ឆ្នាំ ២០០៨ មក​ម្ល៉េះ។ ក្រុម​សកម្មជន​បរិស្ថាន​ និង​សកម្មជន​ជនជាតិ​ដើម​ភាគ​តិច​បាន​ចំណាយ​ពេល​ជាង​ ១០ ឆ្នាំ ​ធ្វើ​ការ​តវ៉ា​ថា​បំពង់​ប្រេង​នេះ​រួម​ចំណែក​ដល់​ការ​ផ្លាស់​ប្ដូរ​អាកាស​ធាតុ និង​ឈ្លាន​ពាន​ដល់​ដែន​ដី​បុរាណ​។ អ្នក​គាំទ្រ​ការ​សាងសង់​បាន​និយាយ​ថា​​ គម្រោង​នេះ​នឹង​បង្កើត​ការងារ​ថ្មី​ជា​ច្រើន​។

កាល​ពី​ឆ្នាំ ​២០១៥ ប្រធានាធិបតី​ Barrack Obama បាន​បាន​ច្រាន​ចោល​ការ​អនុញ្ញាត​សិទ្ធ​សាងសង់​សម្រាប់​គម្រោង​​នេះ​ ដោយ​លើក​ឡើង​ថា​ ការ​សាងសង់​បំពង់​នេះ​នឹង​ប៉ះ​ពាល់​ដល់​ការ​ផ្លាស់​ប្ដូរ​ប្រភព​ថាមពល​កកើត​វិញ​។ នៅ​ឆ្នាំ ២០១៧ លោក ​Trump បាន​អនុញ្ញាត​ធ្វើ​គម្រោង​នេះ​ឡើង​វិញ​ ដោយ​ការ​សាងសង់​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ ​២០១៩​។

បើ​ទោះបី​ជា​មាន​ការ​ជំរុញ​ពី​លោក Trump​ ក៏​ដោយ​គម្រោង​​នេះ​មាន​ភាព​យឺតយ៉ាវ​មិន​ទៅ​មុខ​ ដោយ​សារ​ជួប​ឧបសគ្គ​ផ្លូវ​ច្បាប់​មួយ​ចំនួន​។ កាល​ពី​ខែកក្កដា​ តុលាការ​កំពូល​បាន​បដិសេធ​សំណើ​របស់​រដ្ឋបាល Trump ដើម្បី​អនុញ្ញាត​ឱ្យ​សាងសង់​ផ្នែក​ខ្លះ​នៃ​បំពង់​នេះ​ដែល​ត្រូវ​បាន​រារាំង​ដោយ​ចៅក្រម​រដ្ឋ ​Montana​។

យ៉ាង​ណា​មិញ​ ​បំពង់​នេះ​មាន​ប្រវែង ​១ ៩០០ គីឡូម៉ែត្រ​ដែល​នឹង​ភ្ជាប់​ជាមួយ​បំពង់​ដែល​មាន​ស្រាប់​នៅ​រដ្ឋ ​Nebraska សហរដ្ឋ​អាមេរិក ហើយ ​បើ​សិន​ការ​សាងសង់​បាន​រួច​រាល់​អស់​កាណាដា​អាច​នឹង​បញ្ជូន​ ប្រេង​ចំនួន ៨៣០ ០០០ បារ៉ែល ​ក្នុង​ ១ ​ថ្ងៃ ​ទៅ​កាន់​រោងចក្រ​ចម្រាញ់​នៅ​ឯ​រដ្ឋ​ Texas និង​រដ្ឋ Louisiana ដើម្បី​ធ្វើ​ការ​កែច្នៃ​ទៅ​ជា​ផលិតផល​ផ្សេង​សម្រាប់​ការ​នាំចេញ​៕