ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​សម្រេច​ថា ការ​ជំនុំ​ជម្រះ​ក្ដី​អតីត​ប្រធានាធិបតី លោក Donald Trump ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​កុបកម្ម​នៅ​អគារ​សភា នឹង​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​ថ្ងៃ​ចន្ទ ​ទី ៨ ខែ​កុម្ភៈ ​ជា​លើក​ទី​១ ​ដែល​អតីត​ប្រធានាធិបតី​ប្រឈម​នឹង​ការ​​ជំនុំ​ជម្រះ​ក្ដី​បន្ទាប់​ពី​ចាកចេញ​ពី​តំណែង​។

កាល​ពី​ថ្ងៃ​ទី ​១៣ មករា សភា​តំណាង​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​មាត្រា​នៃ​ការ​ចោទ​ប្រកាន់​លោក​ Trump ថា​ ញុះញង់​​​ឱ្យ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ធ្វើ​កុបកម្ម​វាយ​សម្រុក​ចូល​អគារ​សភា​កាល​ពី​ថ្ងៃ​ទី​ ៦ មករា ខណៈ​​សមាជិក​សភា​ទាំង​ ២ កំពុង​​ធ្វើ​ការ​បញ្ជាក់​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​។

បើ​តាម​កាល​វិភាគ​របស់​មេ​ដឹកនាំ​សំឡេង​ភាគ​ច្រើន​ក្នុង​ព្រឹទ្ធសភា​លោក​ Chuck Schumer សភា​តំណាង​នឹង​បញ្ជូន​មាត្រា​​​នៃ​ការ​ចោទ​ប្រកាន់​មក​ព្រឹទ្ធសភា​នៅ​​ល្ងាច​ថ្ងៃ​ច័ន្ទ​ ទី ​២៥ មករា​។ នៅ​ថ្ងៃ​អង្គារ​សមាជិក​ព្រឹទ្ធសភា​នឹង​ធ្វើ​​ពាក្យ​សម្បថ​​ជា​សមាជិក​អង្គ​ជំនុំ​ជម្រះ​ក្ដី ហើយ​បន្ទាប់​មក​ចេញ​ដីកា​កោះ​​ហៅ​លោក ​Trump​។​ អតីត​​ប្រធានាធិបតី​រូប​នេះ​មាន​រយៈ​ពេល ​១ ​សប្ដាហ៍​ត្រឹម​ថ្ងៃ​ទី ​២ ខែ​កុម្ភៈ ដើម្បី​ធ្វើ​ការ​ឆ្លើយ​តប​នឹង​មាត្រា​នៃ​ការ​ចោទ​ប្រកាន់​ នៅ​​​ថ្ងៃ​ដដែល​សភា​តំណាង​ត្រូវ​បញ្ជូន​ឯកសារ​អំណះអំណាង​ពួក​គេ​ទៅ​កាន់​ព្រឹទ្ធសភា​។

១ ​សប្ដាហ៍​ក្រោយ​មក​នៅ​ថ្ងៃ​ចន្ទ ​ទី ​៨ កុម្ភៈ ​លោក Trump ត្រូវ​តែ​​​​បញ្ជូន​ឯកសារ​អំណះអំណាង​ទៅ​​​ព្រឹទ្ធសភា​ ហើយ​សភា​​​តំណាង​​ត្រូវ​ឆ្លើយ​តប​នឹង​ចម្លើយ​​របស់​លោក​ Trump កាល​ពី​សប្ដាហ៍​មុន​។ នៅ​ថ្ងៃ​ទី ​៩ កុម្ភៈ​ សភា​តំណាង​ត្រូវ​ធ្វើ​ការ​ឆ្លើយ​តប​នឹង​ឯកសារ​អំណះអំណាង​របស់​លោក​ Trump ដែល​ដល់​​ចំណុច​នេះ​ការ​ជំនុំ​ជម្រះ​ក្ដី​អាច​ចាប់​ផ្ដើម​។

ក្នុង​ការ​ជំនុំជម្រះ​ក្ដី​ខាង​មុខ​នេះ​ប្រធាន​សភា​តំណាង​លោកស្រី​ Nancy Pelosi បាន​តែងតាំង​សមាជិក​សភា​តំណាង​ចំនួន​ ៩ ​រូប ​ធ្វើ​ជា​អយ្យការ​។ ក្រុម​​អ្នក​ការពារ​ក្ដី​លោក​ Trump គឺ​នឹង​មាន​សមាសភាព​មេធាវី​ឯកជន​ ហើយ​អាច​មាន​ការ​ចូល​រួម​ពី​សមាជិក​សភា​តំណាង​ដែល​គាំទ្រ​លោក​។ មក​ដល់​ពេល​នេះ ​​លោក​ Trump បាន​ជួល​លោក​​មេធាវី​ Butch Bowers ដែល​ជា​​​អតីត​មន្ត្រី​ក្នុង​ក្រសួង​យុត្តិធម៌​របស់​រដ្ឋបាល​ប្រធានាធិបតី​លោក​ George W. Bush។

ពេល​បញ្ចប់​ការ​ជំនុំជម្រះ​ក្ដី សមា​ជិក​ព្រឹទ្ធសភា​អាច​បោះឆ្នោត​​ផ្ដន្ទាទោស ឬ​លើកលែង​ទោស​លោក​ Trump។​ ព្រឹទ្ធសភា​ត្រូវ​បោះឆ្នោត​ក្នុង​សំឡេង​ភាគ​ច្រើន ​២ ​ភាគ ​៣​ ស្មើ​នឹង​ ៦៧ សំឡេង​ ដើម្បី​ផ្ដន្ទាទោស​លោក Trump​។

បើ​សិន​ព្រឹទ្ធសភា​អនុម័ត​ផ្ដន្ទាទោស​លោក​ Trump ពួក​គេ​អាច​បោះឆ្នោត​ ៥១ សំឡេង ​ហាម​ឃាត់​លោក​ Trump មិន​ឱ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​នា​ពេល​អនាគត​ សម្លាប់​អាជីព​នយោបាយ​របស់​លោក​។

បច្ចុប្បន្ន​បក្ស​ប្រជាធិបតេយ្យ​មាន​អាសនៈ​ក្នុង​ព្រឹទ្ធសភា​ចំនួន ​៥០ ដូច្នេះ​ដើម្បី​ទទួល​សំឡេង​ ​​២ ​ភាគ ​៣ ​បក្ស​ប្រជាធិបតេយ្យ​ត្រូវ​ការ​សំឡេង​យ៉ាង​ហោច​ណាស់​ចំនួន ​១៧ ពី​សមាជិក​បក្ស​សាធារណរដ្ឋ​។

ចំនួន​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ប្រឆាំង​នឹង​ការ​ធ្វើ​ការ​ជំនុំ​ជម្រះ​ក្ដី​លោក​ Trump គឺ​កំពុង​កើន​ឡើង​។ សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ​ Florida លោក​ Marco Rubio បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ការ​ជំនុំជម្រះ​ក្ដី​នេះ​​គឺ​ជា​អំពើ​ឆោត​ល្ងង់​»។ លោក​​បាន​​បន្ត​ទៀត​ថា​៖ «ឱកាស​ដំបូង​ដែល​ខ្ញុំ​អាច​បោះឆ្នោត ​ដើម្បី​បញ្ឈប់​ការ​ជំនុំ​ជម្រះ​ក្ដី ខ្ញុំ​នឹង​បោះ​»។

សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ​ Arkansas លោក​ Tom Cotton បាន​និយាយ​ថា​ លោក​មិន​ជឿ​ថា​ព្រឹទ្ធសភា​មាន​សិទ្ធិ​អំណាច​ក្រោម​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​ផ្ដន្ទាទោស​លោក Trump បន្ទាប់​ពី​លោក​បាន​ចាក​ចេញ​ពី​តំណែង​។

សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ​ Texas លោក John Cornyn ​បាន​គាំទ្រ​មតិ​លោក​ Cotton ដោយ​បង្ហោះ​សារ​​​ទៅ​កាន់​បណ្ដាញ​សង្គម​ Twitter ថា​៖ «ប្រសិន​បើ​វា​ជា​គំនិត​ល្អ​ក្នុង​ការ​​ចោទ​ប្រកាន់​ និង​កាត់​ក្ដី​អតីត​ប្រធានាធិបតី​ចុះ​​អតីត​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​វិញ​ពេល​ដែល​បក្ស​សាធារណរដ្ឋ​ទទួល​បាន​សំឡេង​ភាគ​ច្រើន​នៅ​ឆ្នាំ ​២០២២​? គិត​ហើយ​ធ្វើ​អ្វី​ល្អ​សម្រាប់​ប្រទេស​»។

សំណួរ​ថា ​តើ​ព្រឹទ្ធសភា​អាច​ជំនុំ​ជម្រះ​ក្ដី​ និង​ផ្ដន្ទាទោស​អតីត​ប្រធានាធិបតី​ បន្ទាប់​ចេញ​ពី​តំណែង​ បាន​ដែរ​ឬ​ទេ​ គឺ​នៅ​ជា​​សំណួរ​បើក​នៅ​ឡើយ​ ដោយសារ​​រដ្ឋធម្មនុញ្ញ​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ ហើយ​រឿង​បែប​នេះ​​មិន​ធ្លាប់​កើត​មាន​ពី​មុន​មក។ បក្ស​ប្រជាធិបតេយ្យ​បាន​ច្រាន​ចោល​ការ​អះអាង​របស់​បក្ស​​សាធារណរដ្ឋ​ដោយ​លើក​ឡើង​ការ​ជំនុំ​ជម្រះ​ក្ដី​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​១ ​រូប​កាល​​ពី​ឆ្នាំ ​១៨៧៦ ក្រោយ​ពី​លោក​​បាន​ចេញ​ពី​តំណែង​រួច​ទៅ​​ហើយ​។

ផ្ទុយ​នឹង​មិត្ត​រួម​បក្ស​លោក Mitt Romney ដែល​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​ Utah និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​នៃ​បក្ស​សាធារណរដ្ឋ​បាន​និយាយ​ថា​៖ «ខ្ញុំ​ជឿ​ថា ​ការ​ញុះញង់​ឱ្យ​មាន​​ការ​បះបោរ ​គឺ​ជា​បទ​​​ល្មើស​ដែល​អាច​ផ្ដន្ទាទោស​​បាន​។ បើ​មិន​​ដូច្នោះ​ទេ​ តើ​មាន​អ្វី​ទៀត​?»។

ប្រធាន​សំឡេង​បក្ស​សាធារណរដ្ឋ​ក្នុង​ព្រឹទ្ធសភា​លោក​ Mitch McConnell មិន​បាន​បង្ហាញ​ថា​ លោក​នឹង​បោះឆ្នោត​របៀប​​ណា​ ឬ​យល់​ព្រម​នឹង​មតិ​របស់​សមាជិក​បក្ស​របស់​លោក​ទេ​។ កាល​ពី​សប្ដាហ៍​មុន​លោក​ McConnell បាន​និយាយ​ថា ​លោក Trump បាន​ញុះញង់​អ្នក​គាំទ្រ​របស់​លោក​មុន​ពេល​កុបកម្ម​នេះ​។

សំណួរ​ដ៏​សំខាន់​មួយ​ទៀត​ គឺ​ថា​តើ​នរណា​នឹង​ធ្វើ​ជា​ប្រធាន​អង្គ​ជំនុំ​ជម្រះ​ក្ដី​នេះ​? ជា​ធម្មតា​ប្រធាន​តុលាការ​កំពូល​នឹង​ដើរ​តួ​ជា​ប្រធាន​អង្គ​ជំនុំ​ជម្រះ​ក្ដី​របស់​ប្រធានាធិបតី​ តែ​ដោយសារ​លោក​ Trump បាន​ចេញ​ពី​តំណែង​រួច​ទៅ​ហើយ​គេ​មិន​ទាន់​​ដឹង​ច្បាស់​ថា ​តើ​ប្រធាន​តុលាការ​កំពូល​ត្រូវ​បំពេញ​តួនាទី​នេះ​ដែរ​ឬ​ទេ​។ បើ​សិន​ប្រ​ធាន​តុលាការ​កំពូល​មិន​ត្រូវ​ការ​បំពេញ​តួនាទី​នេះ​ អនុ​ប្រធានាធិបតី​ Kamala Harrisឬ​ប្រធាន​ព្រឹទ្ធសភា​ស្ដីទី​នឹង​ដើរ​តួ​ជាង​ប្រធាន​អង្គ​ជំនុំ​ជម្រះ​ក្ដី​។

យ៉ាង​ណា​មិញ​ នេះ​គឺ​ជា​លើក​​ទី​២ ​ហើយ​ដែល​លោក​ Trump ប្រឈម​នឹង​ការ​ជំនុំ​ជម្រះ​​ក្ដី​ចំពោះ​មុខ​ព្រឹទ្ធសភា​។ កាល​ពី​ចុង​ឆ្នាំ ​២០១៩ លោក​ Trump ​ប្រឈម​ការ​ជំនុំ​ជម្រះ​ក្ដី​ ជុំវិញ​ការ​ទាក់ទង​របស់​លោក​ទៅ​កាន់​រដ្ឋាភិបាល​អ៊ុយក្រែន ​ដើម្បី​ជំរុញ​បើក​ការ​ស៊ើប​អង្កេត​លើ​អាជីវកម្ម​កូន​ប្រុស​លោក​ Biden ប៉ុន្តែ​ដល់​​ពេល​បញ្ចប់​ការ​ជំនុំ​ជម្រះ​ក្ដី​នៅ​ដើម​ឆ្នាំ ២០២០ ព្រឹទ្ធសភា​បាន​បោះឆ្នោត​លើក​លែង​ទោស​របស់​លោក​៕