ក្រុងគូឡាឡាំពួៈ ការកាត់ទោសដ៏មានសារៈសំខាន់បំផុតរបស់អតីតមេដឹកនាំម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ដែលផ្តោតទៅលើពាក្យបណ្តឹងមានចំនួនទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបានបញ្ចូលទៅក្នុងគណនីធនាគាររបស់លោកនោះ ត្រូវបានពន្យារពេលកាលពីថ្ងៃចន្ទរយៈពេលមួយសប្តាហ៍ទៀត ក្រោយពីក្រុមព្រះរាជអាជ្ញាបាននិយាយថា ពួកគេនៅមិនទាន់ត្រៀមលក្ខណៈនៅឡើយទេ។
នេះ គឺជាការកាត់ទោសលើកទី២ ដែលបានជាប់ពាក់ព័ន្ធជាមួយរឿងអាស្រូវមូលនិធិ 1Malaysia Development Berhad របស់រដ្ឋ ដែលអតីតនាយករដ្ឋមន្ត្រីរូបនេះ នឹងប្រឈមមុខចាប់តាំងពីក្រុមចម្រុះកំពុងគ្រប់គ្រងអំណាចយ៉ាងយូររបស់លោក ដែលបានចាញ់ឆ្នោតគួរឲ្យអាម៉ាស់មួយកាលពីឆ្នាំ ២០១៨។
ទឹកប្រាក់រាប់ពាន់លានដុល្លារត្រូវ បានលួចពីមូលនិធិ 1MDB ហើយបានចំណាយទៅលើសម្ភារគ្រប់យ៉ាងចាប់ពីអចលនទ្រព្យរហូតដល់គ្រឿងចម្លាក់ នៅក្នុងការលួចបន្លំដែលតាមការចោទប្រកាន់ជាប់ពាក់ព័ន្ធជាមួយលោក ណាជីប រ៉ាហ្សាក់ និងមន្ត្រីនៅជុំវិញខ្លួនរបស់លោកផងដែរ។
នីតិវិធី គួរតែត្រូវបើកសវនាការនៅថ្ងៃចន្ទ ជុំវិញការផ្ទេរប្រាក់តាមធនាគារគួរឲ្យសង្ស័យ ដែលបានជាប់ទាក់ទងទៅនឹងទឹកប្រាក់សរុបរបស់មូលនិធិ 1MDB ចំនួន ២,២៨ ពាន់លានរីងហ្គីត (៥៥០ លានដុល្លារ) ប៉ុន្តែលោកព្រះរាជអាជ្ញា Gopal Sri Ram បានស្នើសុំលើកពេលទៅខែក្រោយវិញ។
លោកបានប្រាប់តុលាការក្រុងគូឡាឡាំពួថា៖ «យើងមិនអាចដំណើរការនីតិវិធីនេះទេ» ដោយបានថ្លែងថាដំណើរការកាត់ទោសលោក ណាជីប លើកនេះ គឺនៅតែបន្តនៅឡើយ ហើយថាឯកសារទាំងនោះត្រូវការប្រគល់ទៅឲ្យមេធាវីការពារក្តី និងសាក្សី។
តុលាការបានឯកភាពចំពោះការពន្យារពេលនោះ ប៉ុន្តែត្រូវបើកសវនាការកាត់ទោសនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
នៅក្នុងករណីនេះ លោក ណាជីប បានប្រឈមមុខជាមួយនឹងការចោទប្រកាន់ពីបទលួចបន្លំទឹកប្រាក់ ដែលមានគណនីធនាគារចំនួន ២១ និង ៤ ករណីទៀត ពីបទប្រើអំណាចខុសច្បាប់ នៅក្នុងនោះមានការចោទប្រកាន់ថា មានទឹកប្រាក់យ៉ាងច្រើន ត្រូវបានបញ្ចូលទៅក្នុងគណនីរបស់លោកពីធនាគារបរទេស។
លោកបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់នោះ។
សំណុំរឿងនេះ ទាក់ទងទៅនឹងផ្នែកដ៏សំខាន់របស់មូលនិធិ 1MDB។
របាយការណ៍ជាច្រើន បានបង្ហាញពីចំនួនទឹកប្រាក់ដែលត្រូវផ្ទេរចេញពីមូលនិធិនោះចូលទៅក្នុងគណនី ធនាគាររបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ៕ AFP/SK