ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រឈមមុខជាមួយនឹងបេក្ខជនមកពីបក្សប្រជាធិបតេយ្យលោក Joe Biden ក្នុងការតស៊ូមតិលើកចុងក្រោយ មុនការបោះឆ្នោតនៅខែវិច្ឆិកា ខាងមុខនេះ។
កាលពីថ្ងៃព្រហស្បតិ៍ ទី ២២ ខែតុលា ជាការតស៊ូមតិលើកចុងក្រោយ ដែលអាចនិយាយបានថា មានសណ្ដាប់ធ្នាប់ជាងការតស៊ូមតិលើកទី១ ដែលប្រព្រឹត្តទៅកាលពីខែកញ្ញា។ លើកទី១ ការតស៊ូមតិពោរពេញទៅដោយភាពរញ៉េរញ៉ៃ ការប្រមាថ និងនិយាយឡូឡាកាត់សម្ដីគ្នាទៅវិញទៅមក។
ចំពោះលើកចុងក្រោយនេះវិញ គណៈកម្មការបានរៀបចំការតស៊ូមតិដោយបានផ្លាស់ប្ដូរលក្ខខណ្ឌកំណត់ទុកពេលឱ្យត្រឹមតែ ២ នាទី សម្រាប់បេក្ខជននីមួយៗឆ្លើយនឹងសំណួរ របស់អ្នកសម្របសម្រួល និងបិទមីក្រូហ្វូនបេក្ខជន ក្នុងរយៈពេលដែលបេក្ខជនម្នាក់ទៀតកំពុងនិយាយ។
ជំនួសឱ្យការរំខានគ្នាឥតឈប់ឈរដូចក្នុងការតស៊ូមតិលើកទី១ បុរសទាំង ២ បានបង្ហាញអារម្មណ៍តាមរយៈការធ្វើសកម្មភាពដូចជា គ្រវីក្បាល ងក់ក្បាល ញញឹម សើច លើកដៃ និងគ្រវីម្រាមដៃ ជាដើម។
យ៉ាងណាក៏ដោយបើទោះបីជាមានការកែលក្ខខណ្ឌនៃការតស៊ូមតិក៏ដោយ ភាពតានតឹង ដែលកើតពីការវាយប្រហារផ្ទាល់ខ្លួន ការជំទាស់គ្នាលើគោលនយោបាយ និងការនិយាយមិនពិតនៅតែកើតមានក្នុងការតស៊ូមតិលើកនេះ។
ក្នុងការឆ្លើយសំណួរទី១ បេក្ខជនទាំង ២ បានប្រកាន់ជំហរផ្ទុយគ្នាទាក់ទងនឹងការរាតត្បាត COVID-19។ លោក Trump អះអាងដោយផ្ទុយពីការពិតថា ជំងឺនេះ កំពុងតែ «បាត់ទៅវិញ» និងនិយាយថា ៩៩% នៃប្រជាជនបានជាសះស្បើយពី COVID-19។
លោកក៏បានអះអាងថា ការឆ្លើយតបទៅនឹង COVID-19 របស់រដ្ឋបាលលោកគឺមានប្រសិទ្ធភាព ដោយលោកលើកឡើងថា ចំនួនមនុស្សស្លាប់ ២០០ ០០០ នាក់ គឺទាបជាងការ-ព្យាករថា ប្រជាជនអាមេរិក ២ លាននឹងស្លាប់ តែលោកមិនបានបញ្ជាក់អំពីប្រភពនៃការព្យាករ នេះទេ។ លោកបានបន្តទៀតថា អាមេរិកមានវ៉ាក់សាំងរួចជាស្រេច តែមកដល់សព្វថ្ងៃអាមេរិកមិនទាន់មានវ៉ាក់សាំងដែលមានការអនុញ្ញាតឱ្យប្រើប្រាស់ជាសាធារណៈទេ។
រីឯលោក Biden វិញបានទាមទារឱ្យរដ្ឋាភិបាលធ្វើសកម្មភាពកាន់តែខ្លាំង ដើម្បីត្រៀមសម្រាប់ «រដូវរងាងងឹត» ខាងមុខនេះ ដែលអាចនឹងមានការរីករាលដាល COVID-19 កាន់តែខ្លាំង និងមានមនុស្សស្លាប់កាន់តែច្រើន។
ក្រៅពីនេះ លោក Biden បានវាយប្រហារបក្សសាធារណរដ្ឋ ដោយបានចោទថា រដ្ឋដែលដឹកនាំដោយអភិបាលមកពីបក្សសាធារណរដ្ឋ គឺមានការឆ្លង COVID-19 ច្រើនខ្លាំង។
លោកនិយាយថា៖ «ក្រឡេកទៅមើលរដ្ឋដែលមានការកើនឡើងករណី COVID-19 យ៉ាងខ្លាំង។ ពួកគេជារដ្ឋក្រហម ពួកគេគឺជារដ្ឋនៅតំបន់មជ្ឈិមពាយព្យ ពួកគេ គឺជារដ្ឋនៅតំបន់មជ្ឈិមពាយព្យលើ។ នោះហើយ គឺជាកន្លែងដែលមានការកើនឡើងយ៉ាងខ្លាំង»។
ការវាយប្រហារនេះ គឺមានភាពមិនពិត ដោយសារសព្វថ្ងៃការរាលដាល COVID-19 គឺកំពុងកើនឡើងនៅគ្រប់រដ្ឋនៃសហរដ្ឋអាមេរិក ដោយមិនគិតថា តើរដ្ឋទាំងនោះ គឺគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ ឬបក្សសាធារណរដ្ឋ។
បន្ទាប់ពីអ្នកសម្របសម្រួលបានធ្វើការផ្លាស់ប្ដូរទៅប្រធានបទសន្តិសុខជាតិ លោក Trump បានវាយប្រហារលោក Hunter Biden ដែលជាកូនរបស់លោក Biden ថា ក្រុមហ៊ុនរបស់លោកបានទទួលប្រាក់ ៣,៥ លានដុល្លារ ពីអតីតអភិបាលក្រុងម៉ូស្គូ ចំពេលឪពុកធ្វើជាអនុប្រធានាធិបតីអាមេរិក។
លោក Trump ក៏បានចោទលោក Biden ថាបានទទួលប្រាក់កុំមីស្យុងពីអាជីវកម្មរបស់លោក Hunter Biden ផងដែរ។ ការអះអាងរបស់លោក Trump គឺផ្អែកលើរបាយការណ៍របស់សមាជិកព្រឹទ្ធសភាមកពីបក្សសាធារណរដ្ឋ តែរបាយការណ៍នេះ គឺមិនបានបង្ហាញភ័ស្តុតាងច្បាស់លាស់ដែលបញ្ជាក់ថា លោក Hunter Biden ពិតជាបានទទួលប្រាក់នោះមែនទេ។
ជុំវិញការចោទប្រកាន់នេះលោក Biden បានឆ្លើយតបនឹងលោក Trump វិញដោយបាននិយាយថា លោកមិនដែលយកប្រាក់ ១ សេនពីប្រភពបរទេសណាមួយទេក្នុងជីវិតរបស់លោក។ ភ្ជាប់ជាមួយការឆ្លើយតបនេះលោកបានវាយប្រហារបកទៅលោក Trump វិញអំពីការបើកគណនីធនាគារនៅប្រទេសចិន និងបានបង់ពន្ធនៅចិនច្រើនជាងនៅសហរដ្ឋអាមេរិក។ ការចោទប្រកាន់របស់លោក Biden គឺផ្អែកលើការរាយការណ៍របស់កាសែត The New York Times ដែលបានអះអាងថា ពួកគេមានឯកសារប្រកាសពន្ធរបស់លោក Trump។
ក្រៅពីនេះលោក Biden បានហៅលោក Trump ថាជាមនុស្សគ្មានសីលធម៌ ជាមេដឹកនាំធ្វើឱ្យមានជម្លោះ ដែលបានរំខានដល់ការឆ្លើយតបរបស់រដ្ឋាភិបាលទៅនឹងវិបត្តិ COVID-19។
យ៉ាងណាមិញ អ្នកវិភាគខ្លះបានគិតថា ការតស៊ូមតិនេះប្រហែលជារៀបចំយឺតពេលហើយ និងមានឥទ្ធិពលតិចតួចទៅលើការបោះឆ្នោតខាងមុខនេះ ដោយគិតត្រឹមពេលនេះប្រជាជនប្រមាណជាង ៥០ លាននាក់ បានបោះឆ្នោតរួចហើយតាមរយៈការបោះឆ្នោតតាមប្រអប់សំបុត្រ។
ដើមឡើយការតស៊ូមតិប្រធានាធិបតីនេះ គឺធ្វើឡើងក្នុងចំណោមការតស៊ូមតិប្រធានាធិបតីចំនួន ៣ លើក ដែលការតស៊ូមតិប្រធានាធិបតីលើកទី១ ប្រព្រឹត្តនៅថ្ងៃទី ២៩ ខែកញ្ញា និងលើកទី២ នៅថ្ងៃទី ១៥ ខែតុលា។ តែការតស៊ូមតិលើកទី២ នៅថ្ងៃទី ១៥ ខែតុលា ត្រូវបានលុបចោល ក្រោយពីលោក Trump និងភរិយារបស់លោកបានឆ្លង COVID-19 ដែលតម្រូវឱ្យរៀបចំការតស៊ូមតិតាមរយៈវីដេអូ ប៉ុន្តែលោកTrump បានបដិសេធមិនចូលរួម៕