ក្រុង​តេអេរ៉ង់ៈ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ ​លោក ​ម៉ូហាម៉ាដ ចាវ៉ាដ ហ្សារីហ្វ បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ការ​សម្រេច​ចិត្ត​របស់​អាមេរិក ដាក់​​ពង្រាយ​​​ទាហាន​​ ​១ ៥០០ នាក់​ បន្ថែម​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា ​គឺ​ជា ​«​ការ​គំរាម​កំហែង​មួយ​ដល់​សន្តិភាព​អន្តរជាតិ​»​។​

លោក ហ្សារីហ្វ ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ IRNA​​ នៅ​មុន​​នឹង​​​បញ្ចប់​​ទស្សនកិច្ច​របស់ លោក​នៅ​​ប៉ាគីស្ថាន​ថា៖ «​​ការ​បង្កើន​វត្តមាន​កង​កម្លាំង​អាមេរិក​នៅ​ក្នុង​តំបន់​របស់​យើង ​គឺ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​ និង​ជា​ការ​គំរាមកំហែង​ដល់​សន្តិភាព​​ និង​សន្តិសុខ​អន្តរជាតិ​»​។​

ក្រុង​វ៉ាស៊ីនតោន ​បាន​ថ្លែង​ថា ​ការ​ដាក់​បន្ថែម​កង​កម្លាំង​ ដែល​បាន​កើត​ឡើង​ ក្រោយ​ពី​ការ​ដាក់​ពង្រាយ​ក្រុម​នាវា​ដឹក​​យន្តហោះ​ មាន​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ B-52 ​ជា​ច្រើន​គ្រឿង​ នាវា​វាយ​ប្រហារ​ទាំង​នៅ​លើ​គោក​ និង​ក្នុង​ទឹក​ និង​ប្រព័ន្ធ​ការពារ​មីស៊ីល​ កាល​ពី​ដើម​ខែ​ឧសភា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង ​«​យុទ្ធនាការ​» ​នៃ​​ការ​វាយ​ប្រហារ​ជា​ច្រើន​លើក​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​បាន​អនុម័ត​ដោយ​មេ​ដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​​។​

លោក ចាវ៉ាដ ហ្សារីហ្វ ​ចាប់​ដៃ​ជាមួយ​សមភាគី​ប៉ាគីស្ថាន Shah Mehmood Qureshi។ AFP

ការ​វាយ​ប្រហារ​ទាំង​នោះ​​មាន​ ការ​បាញ់​គ្រាប់​រ៉ុក្កែត​ ចូល​ក្នុង​តំបន់​បៃតង ​Green Zone ​នៅ​ក្រុង​បាដាដ​ និង​ការ​បំផ្ទុះ​គ្រាប់​បែក ​ដែល​បាន​ធ្វើ​ឲ្យ​រថពាស​ដែក ​៤ ​គ្រឿង​ រង​ការ​ខូចខាត​នៅ​ក្បែរ​ច្រក​ចូល​ទៅ​កាន់​ឈូង​សមុទ្រ​ និង​ការ​វាយ​ប្រហារ​យន្តហោះ​ដ្រូន ដោយ​ក្រុម​ឧទ្ទាម​យេម៉ែន​ នៅ​កន្លែង​បំពង់​បង្ហូរ​ប្រេង​របស់​អារ៉ាប៊ីសាអ៊ូឌីត​ដ៏​សំខាន់​មួយ​ផង​ដែរ​។​

អ៊ីរ៉ង់​បាន​បដិសេធ​ថា មិន​បាន​ជាប់​ទាក់ទង​នៅ​ក្នុង​ការ​វាយ​ប្រហារ​ណា​មួយ​នោះ​ទេ​។​

លោក​ ម៉ូហាម៉ាដ ចាវ៉ាដ ហ្សារីហ្វ បាន​ថ្លែង​ថា​៖ «​អាមេរិក ​បាន​ធ្វើ​ការ​អះអាង​ ដើម្បី​បង្ហាញ​គោល​យោបាយ​អរិភាព ​របស់​ពួក​គេ​ និង​បង្កើត​ឲ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែរ្ស៍​»​។​

អាមេរិក​ បាន​បញ្ចប់​​ការ​លើកលែង​ដាក់​ទណ្ឌកម្ម​នៅ​ខែ​នេះ ដែល​ខ្លួន​បាន​ផ្តល់​ឲ្យ​ពី​ការ​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​ជា​ឯកតោ​ភាគី​ទាំង​ស្រុង​ ដែល​អាមេរិក​ បាន​ដាក់​ជា​ថ្មី​ក្រោយ​ពី​ធ្វើ​​ការ​ដក​ខ្លួន​ចេញ​​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​​​ឆ្នាំ ២០១៥ ​​រវាង​ក្រុម​ប្រទេស​មហា​អំណាច​ ​និង​អ៊ីរ៉ង់ ​កាល​ពី​ខែ ​ឧសភា​ ឆ្នាំ ​២០១៨​។​

វិធានការ​របស់​អាមេរិក​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​​របស់​អ៊ីរ៉ង់ ​ដែល​កំពុង​ដុនដាប​ស្រាប់ ខណៈ​មាន​ការ​គំរាម​ដាក់​ទណ្ឌកម្ម ដូច​ជា​តួកគី​ប្រកាស​ឈប់​ទិញ​ប្រេង​អ៊ីរ៉ង់​៕ AFP/SK​