ក្រុង​ស្តេបប៉ាណាគឺត៖ ​កង​កម្លាំង​ប្រទេស​អាមេនី​ និង​អាស៊ែ​បៃ​ហ្សង់​ បាន​បាញ់​គ្រាប់​រ៉ុក្កែត ​និង​កាំភ្លើង​ធំ​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង​ក្លា​ ​ខណៈ​ការ​ប្រយុទ្ធ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ ជុំវិញ​តំបន់​ជម្លោះ​ណាហ្គូរណូ ​និង​ការ៉ាបាក់ហ៍​ កាល​ពី​ថ្ងៃ​អាទិត្យ​ ដែល​បាន​បំបែក​ខ្លួន​ចេញ​ពី​រដ្ឋធានី​ក្នុង​តំបន់​ ហើយ​ទីក្រុង​ធំ​ជាង​គេ​បំផុត​ទី​២ ​របស់​ប្រទេស​អាស៊ែបៃហ្សង់​ បាន​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ថែម​ទៀត​ផង​។​

ប្រទេស​អាមេនី ​បាន​និយាយ​ថា​ ទីក្រុង​ស្តេបប៉ាណាគឺត​ដ៏​សំខាន់​ នៅ​តំបន់​ណាហ្គូរណូ ​និង​ការ៉ាបាក់ហ៍​ ដែល​បាន​កំពុង​ស្ថិត​នៅ​ក្រោម​ការ​បាញ់​ផ្លោង​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​នោះ​ បាន​រង​ការ​វាយ​ប្រហារ​ម្តង​ទៀត​ កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​អ្នក​កាសែត ​AFP ​ខ្លះ​ បាន​និយាយ​ថា​ គឺ​មាន​សំឡេង​គ្រាប់​ផ្ទុះ​ជា​ប្រចាំ​ ហើយ​ដុំ​ផ្សែង​ខ្មៅ​ក្រាស់​ឃ្មឹក​បាន​ហុយ​ទ្រលោម​គ្រប​ដណ្តប់​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​ទីក្រុង​នោះ​។​

ក្រសួង​ការពារ​ជាតិ​អាស៊ែបៃហ្សង់ ​បាន​ថ្លែង​ថា ​ហ្គាន់ចា​ជា​ទីក្រុង ​១ ​ដែល​មាន​ប្រជាជន​រស់នៅ​ជាង ​៣៣០ ០០០ ​នាក់​ នៅ​ប្រទេស​អាស៊ែបៃហ្សង់​ភាគខាង​លិច​ ក៏​បាន​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ​ផង​ដែរ ​ខណៈ​កងកម្លាំង​បំបែក​ខ្លួន​បាន​គាំទ្រ​ដោយ​​អាមេនី​បាន​អះអាង​ថា​ បាន​បំផ្លាញ​​មូលដ្ឋាន​ទ័ព​អាកាស ​១ កន្លែង។​

ភាគី​ទាំង ​២ ​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ ពី​បទ​កំណត់​គោលដៅ​ទៅ​លើ​តំបន់​ជន​ស៊ីវិល​ ខណៈ​ជម្លោះ​បាន​រីក​កាន់​តែ​ធំ​ឡើង​ ១ សប្តាហ៍​ក្រោយ​ពី​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​បាន​ផ្ទុះ​ឡើង​ក្នុង​ជម្លោះ​អស់​ជា​ច្រើន​ទសវត្សរ៍​ ជុំវិញ​តំបន់​កុលសម្ព័ន្ធ​អាមេនី​។

ប្រទេស​អាមេនី ​និង​អាស៊ែបៃហ្សង់​ បាន​ផ្គើន​ទៅ​នឹង​ការ​អំពាវនាវ​របស់​អន្តរ​ជាតិ​ឱ្យ​មាន​បទ​ឈប់​បាញ់​មួយ​ ហើយ​បាន​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​លើក​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ​ដោយ​ភាគី​ទាំង ​២ ​បាន​អះអាង​អំពី​ជ័យជម្នះ​នៅ​សមរភូមិ​មុខ​រៀងៗ​ខ្លួន​ ហើយ​បាន​និយាយ​ថា​ ពួក​គេ​កំពុង​ធ្វើ​ឱ្យ​សត្រូវ​គូបដិបក្ខ​ស្លាប់​ និង​រង​របួស​យ៉ាង​ច្រើន​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីនោះ​។​

រថយន្ត​ស៊ីរ៉ែន​ជា​ច្រើន​គ្រឿង​ បាន​កំពុង​បន្លឺ​សំឡេង​យ៉ាង​ទ្រហឹង​ និង​ការ​ផ្ទុះ​គ្រាប់​ត្រូវ​បាន​គេ​ឮ​ជា​ប្រចាំ​នៅ​ទីក្រុង​ស្តេបប៉ាណាគឺត​ ​ជា​ទី​ដែល​ក្រុម​ពលរដ្ឋ​បាន និង​កំពុង​រត់​រក​កន្លែង​មាន​សុវត្តិភាព​នៅ​ក្នុង​នោះ​រួម​មាន​ក្រុម​គ្រួសារ​មួយ​ចំនួន​នៅ​ក្នុង​អគារ​ជាន់​ក្រោម​ដី​នៃ​ព្រះវិហារ​ Holy Mother ​of ​God Cathedral​ នៅ​ទីក្រុង​ស្តេបប៉ាណាគឺត​។​

ក្រសួង​ការ​បរទេស​អាមេនី​បាន​ថ្លែង​ថា ​ទីក្រុង​ស្តេបប៉ាណាគឺត​ និង​ទីក្រុង​មួយ​ចំនួន​ផ្សេង​ទៀត​ បាន​រង​ការ​វាយ​ប្រហារ​ដោយ​សារ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា​៕ AFP/SK