ក្រុង​វ៉ាស៊ីនតោន៖ ​ប្រជាជន​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ ​បាន​ធ្វើ​ការ​បោះ​ឆ្នោត​មួយ​ដែល​នាំ​ឱ្យ​បង្កើន​ការ​ធ្វើ​ប្រជាមតិ​ទៅ​លើ​លោក ​ដូណាល់ ត្រាំ​ និង​តំណែង​ប្រធានាធិបតី​របស់​លោក​ ដែល​គូ​ប្រជែង​បក្ស​ប្រជាធិបតេយ្យ​ និង​ជា​អ្នក​នាំ​មុខ ​គឺ​លោក ចូ បៃដិន ​បាន​ជំរុញ​ឱ្យ​ក្រុម​អ្នក​គាំទ្រ​បញ្ចប់​ ដើម្បី «ស្តារ​ប្រជាធិបតេយ្យ​របស់​យើង​ឡើង​វិញ​»។

អាមេរិក​កាន់​តែ​បែក​បាក់​ និង​កំហឹង​ច្រើន​ជាង​ ពេល​ណាៗ​ទៅ​ទៀត​ចាប់​តាំង​ពី​សម័យ​សង្គ្រាម​វៀតណាម​នៅ​ក្នុង​ទសវត្សរ៍ ​១៩៧០​ និង​មាន​ការ​ភ័យ​ខ្លាច​ថា ​លោក​អាច​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត ​កំពុង​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​។

ថ្វី​យុទ្ធនាការ​ធ្វើ​ទៅ​មិន​បាន​គគ្រឹក​គគ្រេង​ក្តី ​លោក​ ចូ​ បៃដិន ​មាន​វ័យ ​៧៧​ ឆ្នាំ ​បាន​នាំ​មុខ​ក្នុង​ស្ទើរ​តែ​គ្រប់​ការ​ស្ទង់​មតិ​ ដែល​ត្រូវ​បាន​ជំរុញ​ដោយសារ​មិន​ផ្លាស់ប្តូរ​របស់​លោក​ថា ​អាមេរិក​ត្រូវ​ការ​ស្តារ​ស្មារតី​របស់​ខ្លួន​ និង​ទទួល​យក​អ្នក​ដឹកនាំ​ថ្មី ​ស្រប​ពេល​មាន​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ជាង​ ២៣១ ០០០​ នាក់​ស្លាប់​បាត់​បង់​ជីវិត​។ ​​

លោក ​បៃ​ដិន ​បាន​ថ្លែង​នៅ​ក្នុង​ក្រុង​ Pittsburgh ​នៃ​រដ្ឋ​ផេនស៊ីលវ៉ានៀ ​ជា​កន្លែង​បោះឆ្នោត​ដ៏​សំខាន់​មួយ​ដែល​លោក​ត្រូវ​បាន​ចូលរួម​ដោយ​តារា​ស៊ុបភើស្តារ​ Lady Gaga ថា៖ ​«ខ្ញុំ​មាន​អារម្មណ៍​ថា ​យើង​កំពុង​មក​ជួប​ជុំ​គ្នា ​ដើម្បី​ជ័យជម្នះ​ដ៏​ធំ​នៅ​ថ្ងៃ​ស្អែក»។ «វា​គឺ​ជា​ពេល​វេលា​ត្រូវ​ក្រោក​ឈរ ​និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​ឡើង​វិញ​»។

ប៉ុន្តែ​លោក ​ត្រាំ ​មាន​អត្តចរិត​ផ្គើន​នឹង​ការ​បញ្ចប់​នេះ ​ដោយ​ធ្វើ​យុទ្ធនាការ​ឃោសនា​ក្នុង​ល្បឿន​មួយ​យ៉ាង​តក់​ក្រហល់​ជាមួយ​នឹង​ការ​ជួប​ជុំ​មនុស្ស​យ៉ាង​ច្រើន​​នៅ​ក្នុង​រដ្ឋ​ចំនួន ​៤ ​កាល​ពី​ថ្ងៃ​ចន្ទ ​ដោយ​បាន​លើក​ឡើង​ពី​ការ​អះអាង​ដដែល​ៗ មិន​ធ្លាប់​មាន​ពី​មុន​របស់​លោក​សម្រាប់​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ថា ការ​ស្ទង់​មតិ​ទាំង​នោះ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដោយ​បន្លំ​ប្រឆាំង​នឹង​លោក​។ ​

ក្រោយ​ពី​ថ្លែង​សុន្ទរកថា​ស្ទើរ​តែ​មិន​សម្រាក​សោះ ​នៅ​ក្នុង​អំឡុង​យុទ្ធនាការ ​៣ ​ថ្ងៃ​ចុង​ក្រោយ​នេះ ​លោក ​ត្រាំ ​បាន​បញ្ចប់​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ​នៅ​ក្នុង​ក្រុង​ Grand Rapids ​នៃ​រដ្ឋ​មីឈីហ្គែន​កន្លែង​តែ​មួយ​ ដែល​លោក​បាន​បញ្ចប់​យុទ្ធនាការ​ឃោសនា​របស់​លោក​នៅ​ក្នុង​ឆ្នាំ ​២០១៦​ ជា​ទី​ដែល​លោក​បាន​យក​ឈ្នះ​អ្នក​នាំ​មុខ​របស់​លោក ​គឺ​លោក​ស្រី ​ហ៊ីលឡារី​ គ្លីនតុន​។

ទោះ​បី​ជា​ចំនួន​ស្ទង់មតិ​មិន​បាន​ល្អ​ក្តី ក៏​សេដ្ឋី​អចលនទ្រព្យ​នៃ​បក្ស​សាធារណរដ្ឋ​មាន​វ័យ ​៧៤ ​ឆ្នាំ​រូប​នេះ​ មិន​អស់​សង្ឃឹម​ក្នុង​ការ​បោះ​ឆ្នោត​ដែរ​​។​

លោក​បាន​ថ្លែង​ប្រាប់​ហ្វូង​អ្នក​គាំទ្រ​ដែល​បាន​ស្រែក​បន្ទរ​ថា ​«​យើង​គាំទ្រ​លោក ​យើង​គាំទ្រ​លោក​» នោះ​ថា៖ ​«យើង​នឹង​ទទួល​បាន​​ជ័យជម្នះ​​ដ៏​អស្ចារ្យ​នៅ​ថ្ងៃ​ស្អែក​​»។

លោក​បាន​ថ្លែង​ថា​៖ ​«យើង​នឹង​ធ្វើ​ឱ្យ​ក្លាយ​ជា​ប្រវត្តិសាស្ត្រ​ម្តង​ទៀត​»​។

ខណៈ​ថ្ងៃ​អង្គារ​ គឺ​ថ្ងៃ​បោះ​ឆ្នោត​ផ្លូវ​ការ​នោះ​ជា​ការ​ពិត​ណាស់​ ប្រជាជន​អាមេរិក​បាន​ធ្វើ​ការ​បោះឆ្នោត​ជា​ច្រើន​សប្តាហ៍​ហើយ​។​

ដោយ​មាន​ការ​ពង្រីក​ការ​បោះ​ឆ្នោត​តាម​ប្រអប់​សំបុត្រ ​ដើម្បី​ការពារ​ប្រឆាំង​ជំងឺ​រាត​ត្បាត​កូវីដ ​១៩ ​មនុស្ស​ជិត ​១០០ លាន​នាក់ ​បាន​ធ្វើ​ការ​ជ្រើស​រើស​របស់​ពួក​គេ។​

លោក ​ចូ បៃដិន ​មាន​សម្ទុះ​ខ្លាំង​ក្រោយ​ពី​មាន​ការ​ចង្អុល​បង្ហាញ​ថា ​ក្តី​រំភើប​អបអរ​របស់​បក្ស​ប្រជាធិបតេយ្យ​ក្នុង​ការ​បោះ​ឆ្នោត​អាច​ធ្វើ​ឱ្យ​ការ​ជួប​ជុំ​របស់ ​ត្រាំ ​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍។​

នៅ​ក្នុង​ល្បែង​មួយ​ក្នុង​ចំណោម​ល្បែង​នយោបាយ​ធំៗ​របស់​អាមេរិក ​លោក ​ចូ​ បៃដិន ​បាន​ប្រកាន់​ខ្ជាប់​ការ​ជួបជុំ​ដោយ​រក្សា​គម្លាត​សង្គម​ជាមួយ​មនុស្ស​ក្រុម​តូចៗ​រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ ​ដែល​ផ្ទុយ​ទៅ​នឹង​ការ​ជួប​ជុំ​របស់​លោក​ ​ត្រាំ៕ AFP/PSA