គណបក្សកាន់អំណាច Likud បាននាំមុខសំឡេងក្នុងការបោះឆ្នោតសភាអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ទី ២៣ មីនា នេះបើតាមការស្ទង់មតិអ្នកបោះឆ្នោត ប៉ុន្តែនៅតែខ្វះអាសនៈភាគច្រើនក្នុងសភាដែលចាំបាច់សម្រាប់បង្កើតរដ្ឋាភិបាលធ្វើឱ្យអនាគតរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu មិនច្បាស់លាស់ ខណៈលោកប្រឈមនឹងការជាប់គាំងនយោបាយបន្ថែមទៀត។
ដោយលទ្ធផលផ្លូវការនឹងមិនត្រូវបានប្រកាសរហូតដល់ចុងសប្ដាហ៍នេះ ការស្ទង់មតិដោយស្ថានីយទូរទស្សន៍អ៊ីស្រាអែលធំៗចំនួន ៣ បានព្យាករថា គណបក្ស Likud បានត្រឹមតែជាង ៣០ កៅអីនៅក្នុងសភា ដែលមាន ១២០ អាសនៈបន្ទាប់មកគឺគណបក្សប្រឆាំង YeshAtid ដែលមានអាសនៈចំនួន ១៧។ អាសនៈផ្សេងទៀត គឺកាន់កាប់ដោយគណបក្សតូចៗផ្សេងទៀតចំនួន ១៧។
នៅលើបណ្ដាញសង្គមលោក Netanyahu បានអះអាងថាបានទទួល «ជ័យជម្នះដ៏ធំធេង» លើក្រុមឆ្វេងនិយម និងកណ្ដាលនិយមដែលព្យាយាមផ្ដួលរំលំលោក បើទោះបីការព្យាករបានបង្ហាញថា មិនមានអ្នកឈ្នះច្បាស់លាស់ក៏ដោយ។ លោកមិនបានធ្វើការអះអាងនេះម្ដងទៀតទេ ក្នុងសុន្ទរកថានៅយប់ថ្ងៃបោះឆ្នោតដោយគ្រាន់តែនិយាយថា ការឈ្នះអាសនៈចំនួន ៣០ គឺជា «សមិទ្ធផលដ៏អស្ចារ្យ» ហើយលោកសង្ឃឹមថា នឹងបង្កើត «រដ្ឋាភិបាលស្ដាំនិយមដែលមានស្ថិរភាព»។
ការបោះឆ្នោតនេះត្រូវបានគេមើលឃើញថា ជាការធ្វើប្រជាមតិលើការដឹកនាំរបស់លោក Netanyahu បច្ចុប្បន្នមានវ័យ ៧១ ឆ្នាំ ហើយលទ្ធផលបឋមបានបង្ហាញថា ប្រទេសនេះនៅតែមានការបែកបាក់គ្នាយ៉ាងខ្លាំងដោយមានគណបក្សនិកាយសាសនាតូចៗជាច្រើនកំពុងដណ្ដើមការត្រួតត្រាលើសភា។
លទ្ធផលនេះ ក៏បានបង្ហាញសញ្ញានៃការផ្លាស់ប្ដូរជាបន្តបន្ទាប់របស់អ្នកបោះឆ្នោតអ៊ីស្រាអែលឆ្ពោះទៅរកគណបក្សស្តាំនិយម ដែលគាំទ្រការតាំងទីលំនៅរបស់ជនជាតិអ៊ីស្រាអែលនៅ West bank និងប្រឆាំងនឹងសម្បទានក្នុងកិច្ចចរចាសន្តិភាពជាមួយប៉ាឡេស្ទីន។ និន្នាការនេះត្រូវបានគូសបញ្ជាក់ដោយការកើនសំឡេងឆ្នោតសម្រាប់គណបក្ស សាសនានិយម ជាតិនិយម និងប្រឆាំងជនជាតិអារ៉ាប់។
បន្ទាប់ពីការបោះឆ្នោតមិនមានអ្នកឈ្នះចំនួន ៣ លើកក្នុងរយៈពេល ២ ឆ្នាំ លោក Netanyahu បានសង្ឃឹមថា នឹងទទួលបានជ័យជម្នះដែលនឹងអនុញ្ញាតឱ្យលោកបង្កើតរដ្ឋាភិបាលមួយជាមួយសម្ព័ន្ធមិត្តជាតិនិយម និងសាសនានិយម ដើម្បីស្វែងរកអភ័យឯកសិទ្ធិពីការចោទប្រកាន់ពុករលួយ។
ដោយត្រូវការអាសនៈចំនួន ៦១ សម្រាប់សំឡេងភាគច្រើនដាច់ខាតនៅក្នុងសភាដែលមាន ១២០ អាសនៈ គេអាចត្រូវធ្វើច្រើនថ្ងៃ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ ប្រសិនបើកិច្ចពិភាក្សាអំពីការកសាងសម្ព័ន្ធភាពគ្រប់គ្រង ដើម្បីបំបែកការជាប់គាំងបានបរាជ័យអ៊ីស្រាអែលអាចនឹងឈានទៅរកការបោះឆ្នោតជាលើកទី៥ បន្ទាប់ពីការជាប់គាំងកាលពីឆ្នាំ ២០១៩។
ដើម្បីទទួលសំឡេងភាគច្រើនសម្ព័ន្ធភាពទាំងសងខាងទំនងជានឹងត្រូវព្យាយាមបញ្ចុះបញ្ចូលលោក Naftali Bennett មានវ័យ ៤៨ ឆ្នាំ ដែលជាអតីតសម្ព័ន្ធមិត្ត និងអតីតរដ្ឋមន្ត្រីការពារជាតិលោក Netanyahu តែឥឡូវមានទំនាក់ទំនងតានតឹងជាមួយនឹងនាយករដ្ឋមន្ត្រីរូបនេះ។ គណបក្សស្ដាំនិយម Yamina របស់លោក Bennett ត្រូវបានព្យាករថា ឈ្នះអាសនៈចំនួន ៧។
នៅក្នុងសុន្ទរកថាទៅកាន់អ្នកគាំទ្រ លោក Bennett បានបដិសេធមិនប្រកាសថា លោកនឹងចូលរួមជាមួយភាគីណាមួយទេ ហើយបានប្តេជ្ញាថា នឹងលើកស្ទួយគុណតម្លៃខាងស្ដាំ។ លោក Bennett បាននិយាយថា បើសិនលោកចូលរួមក្នុងការបង្កើតរដ្ឋាភិបាល លោកនឹងទាមទារតំណែងរដ្ឋមន្ត្រីជាន់ខ្ពស់។
សរុបមកលោក Netanyahu និងសម្ព័ន្ធមិត្តរបស់លោកត្រូវបានព្យាករថា នឹងគ្រប់គ្រងអាសនៈចំនួន ៥៣ ទៅ ៥៤ ខណៈគណបក្សផ្សេងៗទៀតអាចគ្រប់គ្រង ៦០ ទៅ ៦១ អាសនៈ ដោយអាសនៈក្រៅពីនេះ គឺគ្រប់គ្រងដោយលោក Bennett។
ការបោះឆ្នោតកាលពីថ្ងៃអង្គារបានប្រព្រឹត្តឡើងបន្ទាប់ពីការបែកបាក់រដ្ឋាភិបាលអាសន្នមួយ ដែលបានបង្កើតឡើងកាលពីខែឧសភា ឆ្នាំ ២០២០ កន្លងទៅ រវាងលោក Netanyahu និងគូប្រជែងរបស់លោកនៅពេលនោះ។ សម្ព័ន្ធភាពនេះ គឺពោរពេញទៅដោយជម្លោះផ្ទៃក្នុង ហើយការបោះឆ្នោតត្រូវបានបង្ខំធ្វើ បន្ទាប់ពីពួកគេមិនបានយល់ព្រមអនុម័តថវិកាជាតិកាលពីខែធ្នូ។
គូប្រជែងរបស់លោក Netanyahu បានចោទប្រកាន់លោកថា បានបង្កឱ្យមានការជាប់គាំងដោយចេតនាក្នុងក្ដីសង្ឃឹមថា នឹងនាំមកនូវសភាថ្មីដែលផ្ដល់អភ័យឯកសិទ្ធិដល់លោកពីការផ្ដន្ទាទោស៕