ក្រុង​គុន​ដាស់ៈ ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​តាមចិញ្ចើមផ្លូវ​​មួយ​នៅ​ប្រទេស​អាហ្វ​ហ្គានី​ស្ថាន​ភាគ​ខាង​ជើង​ បាន​បង្ក​ឲ្យ​យុទ្ធជន​គាំទ្រ​រដ្ឋាភិ​បាល​ ១១ ​នាក់​ស្លាប់​ នៅ​ពេល​គ្រាប់​បែក​នោះ​ បាន​ផ្ទុះ​នៅ​ក្នុង​រថយន្ត​មួយ​គ្រឿង​ ជា​ការ​វាយ​ប្រហារ​នៅ​មុន​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍​ដែល​មន្ត្រី​អាហ្វ​ហ្គានី​ស្ថាន​ បាន​ស្តី​បន្ទោស​ទៅ​លើ​ក្រុម​តាលី​បង់​។​

​មន្ត្រី​អាហ្វ​ហ្គានី​ស្ថាន​បាន​ថ្លែង​ថា ​ក្រុម​យុទ្ធ​ជន​គាំទ្រ​រដ្ឋាភិ​បាល​នោះ​ បាន​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខេត្ត​ បា​ដាក់​ស្សាន​ ដើម្បី​ជួយ​កង​កម្លាំង​សន្តិ​សុខ​នៅ​ក្នុង​តំបន់​នោះ​។​

​អ្នក​នាំ​ពាក្យ​អភិ​បាល​ខេត្ត​បាដាក់​ស្សាន ​គឺ​លោក​ សា​ណុល​ឡាហ៍​ រូហានី​បាន​ថ្លែង​ប្រាប់ ​AFP​ ថា​ មេ​បញ្ជា​ការ​ក្នុង​តំបន់​ម្នាក់​ គឺ​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​និង​រង​របួស​នោះ​ដែរ។​

​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាដាក់​ស្សាន​ គឺ​លោក​ អាប់​ឌុល​ឡាហ៍​ ណាជី​ បាន​ថ្លែង​ថា​ ក្រុម​តាលី​បង់​ បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ​ ប៉ុន្តែ​ក្រុម​យុទ្ធ​ជន​រហូត​មក​ទល់​ពេល​នេះ​ នៅ​មិន​ទាន់​បាន​អះ​អាង​ចំពោះ​ការ​វាយ​ប្រហារ​នោះ​នៅ​ឡើយ​ទេ​៕​ ​SK​