ក្រុង​ឡាប៉ាស៖ ​ប្រធានាធិបតី​ស្តីទី​របស់​ប្រទេស ​បូលីវី ​លោកស្រី​ Jeanine ​Anez ​កាល​ពី​ថ្ងៃ​ពុធ​ បាន​ចូល​កាន់​តំណែង​ដែល​នៅ​ទំនេរ ​ដែល​បាន​​បន្សល់​ទុក​ដោយ​​ការ​លាលែង​ពី​តំណែង​របស់​លោក​ អ៊ីវ៉ូ​ មូរ៉ាល់ស៍​ ដែល​បាន​ថ្លែង​ថា​ លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​វិល​ត្រឡប់​ពី​ការ​និរទេស​ខ្លួន​នៅ​ប្រទេស ​ម៉ិកស៊ិក​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ ​«​ស្ងប់ស្ងាត់​»​ ខណៈ​ប៉ូលិស​បង្ក្រាប​កុបកម្ម​បាន​ប៉ះ​ទង្គិច​ ជាមួយ​ក្រុម​អ្នក​គាំទ្រ​របស់​លោក ដែល​បាន​ធ្វើ​ឲ្យ​​ម្នាក់​ស្លាប់​នៅ​ក្នុង​ការ​តវ៉ា​នោះ​។​

លោកស្រី​ Anez ​ជា​អនុប្រធាន​ព្រឹទ្ធសភា​មាន​វ័យ ​៥២ ​ឆ្នាំ ​នៅ​មុន​ការ​ប្រកាស​ខ្លួន​ឯង​ថា​ ជា​ប្រធានាធិបតី​ស្តីទី​កាល​ពី​ថ្ងៃ​អង្គារ ​ដែល​ជា​វិធានការ​មាន​ការ​​គាំទ្រ​ដោយ​តុលាការ​រដ្ឋ​ធម្មនុញ្ញ​ហើយ​បាន​​​តែងតាំង​​​រដ្ឋមន្ត្រី ​១១ ​នាក់​ និង​មេ​បញ្ជាការ​​យោធា​ជាន់​ខ្ពស់​ថ្មី​​ចំនួន​ម្នាក់​​ផង​ដែរ​។​

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​វិមាន​រដ្ឋាភិបាល​ លោកស្រី​បាន​ប្តេជ្ញា​ចិត្ត​ជា​ថ្មី​ម្តង​ទៀត​ ដើម្បី ​«​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​កាន់​តែ​ឆាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។​

លោកស្រី ​Anez ​បាន​តែងតាំង​អតីត​អ្នក​ការ​ទូត​លោកស្រី​ Karen ​Longari​ ជា​រដ្ឋមន្ត្រី​ការបរទេស​ និង​សមាជិក​ព្រឹទ្ធសភា​ស្តាំ​និយម​ម្នាក់​លោក ​Arturo ​Murillo ​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។​

រដ្ឋម​ន្ត្រី​ការ​បរទេស​ថ្មី​របស់​ប្រទេស​បូលី​វី​ លោក​ស្រី​​ Karen Longaric Rodriguez ស្បថចូល​កាន់​តំណែង​នៅ​​ពី​មុខ​លោក​ស្រី​ Jeanine Anez។ AFP

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​របស់​លោកស្រី​គឺ​លោក ​Jose ​Luis ​Parada ​បាន​ធ្វើ​ការ​ឲ្យ​​រដ្ឋាភិបាល​ប្រចាំ​តំបន់​នៅ​ក្នុង​ខេត្ត​សាន់តា្រហ្គូស​ភាគ​ខាង​កើត​ ដែល​សម្បូរ​ទៅ​ដោយ​ទ្រព្យ​នោះ​ ជា​កន្លែង​ទីតាំង​ឈរ​ជើង​របស់​យោធា​មួយ​កន្លែង​នៅ​ទី​នោះ​។​

ដោយ​បាន​បដិសេធ​ទៅ​នឹង​ការ​ប្រកាស​របស់​លោក ​មូរ៉ាល់ស៍ ​ថា​ តំណែង​ប្រធានាធិបតី​របស់​លោកស្រី ​គឺ​បាន​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​មួយ​​ លោកស្រី​បាន​ថ្លែង​ថា​៖ «​គ្មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ក្នុង​ប្រទេស ​បូលីវី ​នោះ​ទេ​ គឺ​មាន​តែ​ជំនួស​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​មួយ​ប៉ុណ្ណោះ​»​។​

លោកស្រី​បាន​ថ្លែង​ថា​៖ «​រដ្ឋ​ប្រហារ​តែ​មួយ​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក​ មូរ៉ាល់ស៍» ​ដោយ​បាន​និយាយ​សំដៅ​ទៅ​លើ​ការ​ធ្វើ​ប្រជាមតិ​កាល​ពី​ឆ្នាំ ​២០១៦​ ដែល​បាន​រាំង​ខ្ទប់​អតីត​ប្រធានាធិបតី​រូប​នោះ​ មិន​ឲ្យ​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ​ ប៉ុន្តែ​លោក​ មូរ៉ាល់ស៍​ ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ដោយ​តុលាការ​រដ្ឋ​ធម្មនុញ្ញ​។​

ប៉ូលិស​បង្ក្រាប​កុបកម្ម​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​លើក​ជាមួយ​ក្រុម​អ្នក​តវ៉ា​របស់​លោក ​មូ​រ៉ាល់ស៍ ​រាប់​រយ​នាក់​ ដែល​​បាន​ដង្ហែ​ក្បួន​ទៅ​​វិមាន​ប្រធានាធិបតី​ ដើម្បី​តវ៉ា​ប្រឆាំង​ការ​តែងតាំង​របស់​លោកស្រី​។​

លោក​វេជ្ជបណ្ឌិត​ម្នាក់​បាន​ថ្លែង​ថា​ បុរស​មាន​វ័យ​ ២០ ​ឆ្នាំ​ម្នាក់​បាន​ត្រូវ​គ្រាប់​កាំភ្លើង​​ស្លាប់​នៅ​ក្នុង​ភូមិ​មួយ​ នៅ​ជិត​ទីក្រុង​សាន់តា្រហ្គូស​ភាគ​ខាង​កើត​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​រវាង​ប៉ូលិស​ និង​អ្នក​គាំទ្រ​៕ AFP/SK