រដ្ឋ​ឡូសអេនជឺឡេស៖ ​មន្ត្រី​កងទ័ព​ជើង​ទឹក​​ជាន់​ខ្ពស់​ម្នាក់​បាន​ថ្លែង​ថា ទាហាន​ជើង​ទឹក​អាមេរិក​ម្នាក់​បាន​បាញ់​សម្លាប់​មនុស្ស ​២ ​នាក់ ​ហើយ​អ្នកទី ​៣​ បាន​​រង​របួស​នៅ​ឯ​តំបន់​កំពង់ផែ​ចត​នាវា ​Pearl​ Harbor​ Naval Shipyard ​នៅ​រដ្ឋ​ហាវ៉ៃ​ កាល​ពី​ថ្ងៃ​ពុធ​ នៅ​មុន​ពេល​បាញ់​សម្លាប់​ខ្លួន​ឯង​​តាម​ក្រោយ​។​

យោងតាម​សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​បាន​ចេញ​ផ្សាយ​ដោយ​កងទ័ព​ជើង​ទឹក​នោះ​ថា ​មូលដ្ឋាន​ទ័ព​នេះ ​ត្រូវ​បាន​បិទ​អស់​រយៈពេល​ជាង​ ១ ម៉ោង​ ក្រោយ​ពី​មាន​ការ​បាញ់​ប្រហារ​គ្នា​ ចំណែក​ឯ​ក្រុម​មន្ត្រី​​កង​នាវា​ជើង​ទឹក​បាន​ថ្លែង​ថា​ ពួក​គេ​កំពុង​ស៊ើប​អង្កេត​អំពី​មូលហេតុ​អ្វី​ដែល​បណ្តាល​ឲ្យ​មាន​ការ​បាញ់​ប្រហារ​គ្នា​នៅ​ទីនោះ​។​

លោក​ឧត្តម​នាវីឯក​ Rober​t Chadwick ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​អាច​អះអាង​បាន​ថា ​មាន​ជន​រងគ្រោះ ​៣ ​នាក់​បាន​ស្លាប់​។​ យើង​សូម​បញ្ជាក់​​ថា​ អ្នក​ទាំង ​២ ​នាក់​នោះ​ បាន​ស្លាប់​បាត់​ទៅ​ហើយ​ មាន​ម្នាក់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ឯ​មន្ទីរពេទ្យ​ក្នុង​តំបន់​»​។​

លោក​បាន​បន្ថែម​ថា​ ឃាតករ​នោះ​ត្រូវ​គេ​​ស្គាល់​អត្តសញ្ញាណ ​«យ៉ាង​ច្បាស់​» ​ថា​ ជា​ទាហាន​ជើង​ទឹក​ម្នាក់​ បាន​ធ្វើ​ការ​នៅ​កង​នាវា​ជើង​ទឹក​ USS ​Columbia ​ ជា​កង​នាវា​មុជ​ទឹក​វាយ​ប្រហារ​នៅ​ក្នុង​ក្រុង​ឡូសអេនជឺឡេស​ បាន​ស្លាប់​​ក្រោយ​ពី ​«​បាន​បាញ់​ខ្លួន​ឯង​ឲ្យ​រង​របួស​ធ្ងន់​នោះ​»​។​

សាក្សី​ម្នាក់​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​ថា​ លោក​កំពុង​អង្គុយ​នៅ​ពី​មុខ​កុំព្យួទ័រ​របស់​លោក​ នៅ​ពេល​លោក​បាន​ឮ​សំឡេង​កាំភ្លើង​ផ្ទុះ​ឡើង​​ ហើយ​បាន​ប្រញាប់​ប្រញាល់​ទៅ​កន្លែង​បង្អួច​​ ជា​ទី​ដែល​លោក​បាន​ឃើញ​ជន​រងគ្រោះ​ ៣ ​នាក់ ​បាន​ដេក​ស្លាប់​នៅ​លើ​ដី​។​

សាក្សី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ នោះ​បាន​និយាយ​ថា​ បន្ទាប់​មក​លោក​បាន​ឃើញ​ខ្មាន់​កាំភ្លើង​​ដែល​ស្លៀក​ពាក់​ឯក​សណ្ឋាន​ទាហាន​ជើង​ទឹក​បាន​បាញ់​ក្បាល​សម្លាប់​ខ្លួន​ឯង​។​

អ្នក​នាំពាក្យ​សេតវិមាន​ លោក​ Hogan ​Gidley ​បាន​ថ្លែង​ថា​ ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ បាន​ថ្លែង​ដោយ​សង្ខេប​អំពី​ការ​បាញ់​ប្រហារ​គ្នា​នោះ​ និង​កំពុង​ស៊ើប​អង្កេត​អំពី​ស្ថានការណ៍​នោះ​៕ AFP/SK