ក្រុង​ហ៊ីរ៉ាត៖ ​មន្ត្រី​ និង​ក្រុម​បះបោរ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ក្រុម​យុទ្ធជន​តាលីបង់ ​២ ​នាក់ ​ដែល​បាន​លួច​ឆ្មក់​ចូល​មូលដ្ឋាន​ក្រុម​ជីវពល​គាំទ្រ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ​១ កន្លែង ​បាន​សម្លាប់​មនុស្ស ​១២ ​នាក់​នៅ​ទីនោះ​។​

អភិបាល​ស្រុក​លោក ​ហ្វារហាដ​ហ្គាឌីម៉ី​ បាន​ថ្លែង​ប្រាប់​កាសែត ​AFP ​ថា ​ការ​វាយ​ប្រហារ​នៅ​ពេល​យប់​ទៅ​លើ​ប៉ុស្តិ៍​ ១ ​កន្លែង ​ដែល​បាន​ប្រើប្រាស់​ដោយ​ក្រុម​ជីវពល​ទាំង​នោះ​ បាន​កើត​ឡើង​នៅ​ក្នុង​ស្រុក​ហ្គូរៀន​ ​នៅ​ខេត្ត​ហ៊ីរ៉ាត​ភាគ​ខាង​លិច​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​។​

លោក​បាន​ថ្លែង​ថា៖ ​«​ក្រុម​ជីវពល​គាំទ្រ​រដ្ឋាភិបាល ​១២ ​នាក់ ​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាលី​បង់​ នៅ​ក្នុង​ស្រុក​ហ្គូរៀន ​កាល​ពី​យប់​ថ្ងៃ​សុក្រ​»​។​

សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ហ៊ីរ៉ាត ​លោក ​ម៉ូហាម៉េដ​ សារដារបាហាឌូរី​ បាន​អះអាង​អំពី​ការ​វាយ​ប្រហារ​នោះ​បាន​ថ្លែង​ថា​ វា​បាន​ធ្វើ​ឡើង​ដោយ​យុទ្ធជន​សកម្ម​ប្រយុទ្ធ​តាលីបង់ ​២ ​នាក់​ ដែល​បាន​លួច​ឆ្មក់​ចូល​វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​នោះ​។​

លោក​បាន​ថ្លែង​ថា​៖ «​ក្រុម​ជីវពល​ទាំង​នោះ​កំពុង​ទទួល​ទាន​អាហារ​ពេល​ល្ងាច​​នៅ​ពេល​ការ​វាយ​ប្រហារ​នោះ​បាន​កើត​ឡើង​»​។​

ក្រុម​តាលីបង់​ក៏​បាន​ថ្លែង​ផង​ដែរ​ថា​​ ក្រុម​យុទ្ធជន​របស់​ខ្លួន​បាន​បើក​ការ​វាយ​ប្រហារ​នៅ​ទី​នោះ​​ ហើយ​បន្ទាប់​មក​ក៏​បាន​វិល​ត្រឡប់​មក​វិញ​។

អ្នក​នាំពាក្យ​ប៉ូលិស​លោក ហ្វើរឌិវស៍​ ហ្វារ៉ាម៉ារស៍ ​បាន​ថ្លែង​ ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ នៅ​ក្នុង​ឧប្បត្តិហេតុ​ដាច់​ដោយ​ឡែក​មួយ​មាន​រថយន្ត ​១ គ្រឿង ​ដែល​បាន​ដឹក​ប៉ូលិស​បាន​រង​ការ​វាយ​ប្រហារ​ដោយសារ​ការ​បំផ្ទុះ​ គ្រាប់​បែក​នៅ​តាម​ផ្លូវ ​១ ​កន្លែង​ នៅ​​កណ្តាល​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​។​

លោក​បាន​ថ្លែង​ថា ​ប៉ូលិស ​២ ​នាក់ ​បាន​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ។​

អំពើ​ហិង្សា​បាន​កើន​ឡើង​នៅ​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​កាប៊ុល​ ដែល​បាន​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដោយ​និន្នាការ​ថ្មី​មួយ​នៃ​ការ​សម្លាប់​ទៅ​លើ​គោលដៅ​នោះ​។​

ការ​បង្ហូរ​ឈាម​បាន​កើត​ឡើង​នៅ​ពេល​ក្រុម​អ្នក​ចរចា​តាលីបង់ ​និង​រដ្ឋាភិបាល​ បាន​បើក​ឱ្យ​មាន​កិច្ច​ពិភាក្សា​សន្តិភាព​ ដើម្បី​បញ្ចប់​សង្គ្រាម​រយៈពេល​យូរ​ជិត ​២ ​ទសវត្សរ៍​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។​

ក្រុម​អ្នក​តំណាង​មក​ពី​ភាគី​សង្គ្រាម​ទាំង ​២​ បច្ចុប្បន្ន​ពួក​គេ​នៅ​ក្នុង​រដ្ឋធានី​ដូហា ​ប្រទេស​កាតា ​កំពុង​ពិភាក្សា​របៀប​វារៈ​ចរចា​នៅ​ទីនោះ​៕ AFP/SK