ក្រុង​ហ៊ូឌីដា៖ ​ប្រភព​យោធា​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ទាហាន​គាំទ្រ​រដ្ឋាភិបាល​យេម៉ែន ​និង​ក្រុម​ឧទ្ទាម​ហ៊ូធី​ប្រហែល ​១៥០ ​នាក់ ​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា ​១ ​សប្តាហ៍ ​នៅ​កំពង់ផែ​យុទ្ធសាស្ត្រ​ទីក្រុង​ហ៊ូឌីដា​ភាគ​ខាង​ត្បូង​។​

ប្រទេស​យេម៉ែន ​ដ៏​ក្រីក្រ​មួយ​នេះ ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ជម្លោះ​បំផ្លិចបំផ្លាញ​មួយ​រវាង​ក្រុម​ឧទ្ទាម​ហ៊ូធី​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​ និង​កង​កម្លាំង​រដ្ឋាភិបាល​ដែល​​គាំទ្រ​ដោយ​ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត​ ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ស្លាប់​ និង​បង្ក​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​មនុស្ស​ធម៌​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។​

ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​លើក​ចុង​ក្រោយ​បំផុត​ នៅ​កំពង់ផែ​សមុទ្រ​ក្រហម​ទីក្រុង​ហ៊ូឌីដា​ គឺ​ជា​អំពើ​ហិង្សា​ខ្លាំង​បំផុត​ចាប់​តាំង​ពី​បទឈប់​បាញ់​មួយ​បាន​ចរចា​នៅ​ក្នុង​តំបន់​ដោយ​អង្គការ​សហប្រជាជាតិ​បាន​ចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ ​២០១៨​ កន្លង​មក​។​

ប្រភព​យោធា​គាំទ្រ​រដ្ឋាភិបាល​បាន​ថ្លែង​ថា ​ក្រុម​ឧទ្ទាម​ហ៊ូធី​ដែល​គ្រប់គ្រង​កំពង់ផែ​ហ៊ូឌីដា ​បាន​វាយ​ប្រហារ​ទៅ​លើ​ទី​ក្រុង​នៅ​ភាគ​ខាង​ត្បូង​ ដែល​ជា​កង​កម្លាំង​គាំទ្រ​រដ្ឋាភិបាល​បាន​ការពារ​ទីតាំង​ជាច្រើន​នៅ​ទីនោះ​។​

មន្ត្រី​ម្នាក់​របស់​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​បាន​ថ្លែង​ប្រាប់​កាសែត​ AFP ​ថា​៖ «​ចំនួន​មនុស្ស​ដែល​បាន​បាត់បង់​ជីវិត​ទាំង​ទាហាន​រដ្ឋាភិបាល ​និង​ក្រុម​ឧទ្ទាម​បាន​កើន​ឡើង​ប្រហែល ​១៥០ ​នាក់​ និង ​២៦០ ​នាក់​ផ្សេង​ទៀត​បាន​រងរបួស ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីនោះ​។​

ចំនួន​សរុប​អ្នក​បាត់បង់​ជីវិត​ទាំង​នោះ​ ត្រូវ​បាន​អះអាង​ដោយ​មន្ត្រី​ប្រចាំ​តំបន់​នៅ​ខាង​ភាគី​ក្រុម​ឧទ្ទាម​។​

ក្រុម​ពលរដ្ឋ​បាន​និយាយ​ថា ​ការ​ប៉ះ​ទង្គិច​គ្នា​រហូត​មក​ទល់​ពេល​នេះ​មិន​ទទួល​បាន​លទ្ធផល​នៅ​ក្នុង​ការ​គ្រប់គ្រង​ទឹកដី​ផ្នែកណា​មួយ​ម្តង​ទៀត​នោះ​ទេ​ សម្រាប់​ក្រុម​ឧទ្ទាម​។​

បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​កាល​ពី​ថ្ងៃសៅរ៍​ និង​ថ្ងៃ​អាទិត្យ​​ គឺ​ជា​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​លើក​យ៉ាង​ខ្លាំងក្លា​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​។

ប្រភព​គាំទ្រ​រដ្ឋាភិបាល ​២ ផ្សេង​ទៀត​បាន​ថ្លែង​ថា​ កង​កម្លាំង​គាំទ្រ​រដ្ឋាភិបាល​បាន​ស្លាប់ ​២៧ ​នាក់ ​ហើយ​ពួក​គេ​ក៏បាន​សម្លាប់​ឧទ្ទាម​ចំនួន ​៤៤ ​នាក់​ នៅ​ក្នុង​ការ​វាយ​បក​របស់​ពួក​ឧទ្ទាម​។​

ក្រុម​គ្រូ​ពេទ្យ​ និង​អ្នក​​ជួយ​សង្គ្រោះ​បាន​ថ្លែង​ថា ​កងកម្លាំង​របស់​ភាគី​ទាំង ​២ ​បាន​បាត់បង់​ជីវិត​សរុប ​៧០ ​នាក់​ នៅ​ចន្លោះ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​។​

ក្រុម​គ្រូ​ពេទ្យ​គ្មាន​ព្រំដែន​បាន​ថ្លែង​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ថា​ ក្រុម​របស់​ខ្លួន​នៅ​ក្នុង​មន្ទីរពេទ្យ​ Mocha ​Trauma ​បាន​កំពុង​ចូលរួម​នៅ​ក្នុង​ផែនការ​គ្រោះ​ថ្នាក់​ដ៏​ធំ​មួយ​៕ AFP/SK