ក្រុង​បេរូត៖ ​កាក​បាទ​ក្រហម​របស់​ប្រទេស​លីបង់ ​(LRC)​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ចំនួន​អ្នក​រង​របួស​នៅ​ក្នុង​ការ​តវ៉ា​ នៅ​ក្នុង​ទីក្រុង​បេរូត​ បាន​កើន​ឡើង​រហូត​ដល់​ចំនួន ​២៣៨ ​នាក់​ នៅ​ក្នុង​ប្រទេស​មួយ​នេះ​។​

យោង​តាម​សារព័ត៌មាន​អ៊ីលណាស្រា ​(Elnashra) ​ជា​កាសែត​ឯករាជ្យ​តាម​អនឡាញ​មួយ​ បាន​ឲ្យ​ដឹង​ថា ​កាក​បាទ​ក្រហម​លីបង់ ​LRC ​បាន​ថ្លែង​ថា ​មនុស្ស​ចំនួន ​៦៣ ​នាក់​បាន​រង​របួស ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ខណៈ​មនុស្ស ​១៧៥ ​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ព្យាបាល​នៅ​កន្លែង​តវ៉ា​។​

កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ មនុស្ស​ជា​ច្រើន​ពាន់​នាក់​បាន​ចេញ​តាម​ដង​ផ្លូវ​ នៅ​កណ្តាល​ទីក្រុង​បេរូត​ នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ ដែល​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មួយ​នេះ​ រុះរើ​ប្រព័ន្ធ​នយោបាយ​នៅ​ក្នុង​ប្រទេស​លីបង់​ ជា​ច្រើន​ថ្ងៃ​ក្រោយ​ពី​មាន​ការ​ផ្ទុះ​ឃ្លាំង​ស្តុក​សារធាតុ​គីមី​យ៉ាង​ខ្លាំងក្លា​ បាន​ធ្វើ​ឲ្យ​កក្រើក​រដ្ឋធានី​លីបង់​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ ១៥៨ ​នាក់​ស្លាប់​ និង​មនុស្ស​ ​៦ ០០០ ​នាក់​ផ្សេង​ទៀត​រង​របួស​។​

ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​បាន​កំពុង​ព្យាយាម​សម្រុក​ចូល​ទៅ​ក្នុង​រដ្ឋ​សភា​​ភ្លាមៗ​នោះ​ កង​កម្លាំង​សន្តិសុខ​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ដើម្បី​បំបែក​ពួក​គេ​ចេញ​ពី​ទីនោះ​។​

នៅ​ក្នុង​ការ​ឆ្លើយ​តប​វិញ​ ពួក​គេ​បាន​គប់​ដុំ​ថ្ម​ទៅ​លើ​កងកម្លាំង​សន្តិសុខ​ ហើយ​បាន​ព្យាយាម​រុះរើ​របង​បន្លា​លួស ​នៅ​ក្នុង​ការ​ព្យាយាម​មួយ​ ​ដើម្បី​ឲ្យ​ចូល​ទៅ​ជិត​រដ្ឋសភា​នោះ​។​

ការ​ផ្ទុះ​ទ្រង់ទ្រាយ​ធំ ​២​ បាន​ធ្វើ​ឲ្យ​កក្រើក​កំពង់ផែ​នៃ​ទីក្រុង​បេរូត​ កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ប្រហែល​ម៉ោង ​៦ ​និង ​១០ ​នាទី​ព្រលប់​ ដោយ​​ធ្វើ​ឲ្យ​លាន់​សន្ធឹក​យ៉ាង​ខ្លាំង​៕ Xinhua/SK