ក្រុងបេរូតៈ ​ក្រុម​ឃ្លាំមើល​សិទ្ធិ​​មនុស្ស​បាន​ថ្លែង​ថា ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ជីហាដ ​បាន​បើក​ការ​វាយ​ប្រហារ​បក​ទៅ​លើ​​ទីតាំង​ឈរ​ជើង​របស់​កង​កម្លាំង​របប​ស៊ីរី​ នៅ​ភាគពាយព្យ​នៃ​ប្រទេស​នេះ កាល​ពី​ថ្ងៃ​អង្គារ ​ ដោយ​បាន​​បង្ក​ឲ្យ​យុទ្ធជន​គាំទ្រ​រដ្ឋាភិបាល ​២៦ ​នាក់ ​និង​ជន​ជីហាដ​ ១៨ ​នាក់​ស្លាប់​។​

តំបន់​ខេត្ត​អ៊ីដលីប​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ជីហាដ​នោះ​ តាម​ធម្មតា​ ត្រូវ​បាន​ការពារ​ដោយ​កិច្ច​ព្រមព្រៀង​តំបន់​ទ្រនាប់​មួយ​ ប៉ុន្តែ​របប​ស៊ីរី​ និង​សម្ព័ន្ធមិត្ត​រុស្ស៊ី​របស់​ខ្លួន ​បាន​បង្កើន​ការ​វាយ​ប្រហារ​របស់​ពួក​គេ​កាន់​តែ​ខ្លាំង​ឡើង ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ដោយ​ដណ្តើម​កាន់​កាប់​ទីក្រុង​មួយ​ចំនួន​នៅ​ព្រំដែន​ភាគ​ខាង​ត្បូង​របស់​ខ្លួន​។​

អតីត​ក្រុម​អាល់កៃដា​ Hayat Tahrir al-Sham ​នៅ​ស៊ីរី​ បាន​គ្រប់គ្រង​ខេត្ត​អ៊ីដលីប ​និង​ខេត្ត​អាឡិបប៉ូ​មួយ​ផ្នែក​ធំ​ទៀត​ មាន​ដូច​ជា​ខេត្ត​ហាម៉ា ​និង​ឡាតាគារ​ជា​ដើម​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ីរី ​បាន​ឲ្យ​ដឹង​ទៀត​​ថា ​កាល​ពី​ថ្ងៃ​អង្គារ​ ក្រុម​ជីហាដ​បាន​បើក​ការ​វាយ​ប្រហារ​បក​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​​​​ទីតាំង​ឈរ​ជើង​ជា​ច្រើន​នៃ​​កម្លាំង​គាំទ្រ​រដ្ឋាភិបាល​នៅ​ទឹក​ដី​ភាគ​ខាង​ត្បូង​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​​ថ្លែង​ថា ​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្រុង​កាហ្វណាប៊ូដា​នៅ​ខេត្ត ហាម៉ា​ភាគ​ខាង​ជើង​ បាន​បណ្តាល​ឲ្យ​ក្រុម​យុទ្ធជន​គាំទ្រ​រដ្ឋាភិបាល ​២៦ ​នាក់​ និង​ក្រុម​ជីហាដ ​១៨ ​នាក់​ស្លាប់​។​

ជន​ជីហាដ​ម្នាក់​ និង​កង​​កម្លាំង​គាំទ្រ​រដ្ឋាភិបាល​ ៥ នាក់​ស្លាប់ ​នៅ​​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត៕ AFP/SK