ក្រុង​បេរូត៖​ ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​លើក​រវាង​កង​កម្លាំង​របប​ស៊ីរី​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី​ និង​ក្រុម​រដ្ឋ​អ៊ិស្លាម​ បាន​បង្ក​ឲ្យ​ក្រុម​យុទ្ធជន​ភាគី​ទាំង ​២ ​ជាង ​៥០ ​នាក់​ស្លាប់​ នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រយៈពេល​ ២ ​ថ្ងៃ​។​

ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរី​បាន​ថ្លែង​ថា​ ការ​ប្រយុទ្ធ​គ្នា​ និង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​រុស្ស៊ី​ នៅ​ក្នុង​ខេត្ត​ហ៊ូម​ភាគ​កណ្តាល​ ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ បាន​ផ្តាច់​ជីវិត​​យុទ្ធជន​គាំទ្រ​រដ្ឋាភិបាល​នៃ​របប​​ស៊ីរី ​២០ ​នាក់​ និង​ក្រុម​ជីហាដ ​៣១ ​នាក់​ នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​។​

ប្រធាន​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ គឺ​លោក​ រ៉ាមី​ អាប់ឌែល​ រ៉ាហ៍ម៉ាន់ ​បាន​ថ្លែង​ថា​៖ «​ការ​ប្រយុទ្ធ​គ្នា​បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃ​សុក្រ ​ដោយ​ក្រុម​ជីហាដ​បាន​វាយ​ប្រហារ​ទៅ​លើ​ទីតាំង​ឈរ​ជើង​របស់​​របប​ស៊ីរី​» ​នៅ​ជិត​ទីក្រុង​អាល់ស៊ុកហ៍​ណា​។​

ក្រុម​ជីហាដ ​IS ​បាន​យក​តំបន់​វាល​ខ្សាច់​បាឌៀ​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ស៊ីរី​មក​គ្រប់គ្រង​ ទោះបី​ជា​ក្រុម​នេះ​ បាន​បាត់បង់​ទឹក​ដី​តូចៗ​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​មុន​របស់​ពួក​គេ​ក្តី​ ក៏​ពួក​គេ​នៅ​តែ​បើក​ការ​វាយ​ប្រហារ​នៅ​ទីនោះ​ជា​ប្រចាំ​។​

ក្រុម ​IS បាន​ប្រកាស​បង្កើត​ទឹក​ដី ​«​កាលីហ្វ​» ​ឆ្លង​​ព្រំដែន​នៅ​ក្នុង​ផ្នែក​ជា​ច្រើន​នៃ​ប្រទេស​ស៊ីរី​ និង​ប្រទេស​អ៊ីរ៉ាក់​ កាល​ពី​ឆ្នាំ ​២០១៤​ ប៉ុន្តែ​យុទ្ធនាការ​យោធា​ជា​ច្រើន​ បាន​ធ្វើ​ឲ្យ​ក្រុម​ជីហាដ​ឲ្យ​ចុះ​ខ្សោយ​​ និង​​បាត់បង់​​ការ​គ្រងគ្រង​ទឹក​ដី​របស់​ខ្លួន​។

សង្គ្រាម​នៅ​​ស៊ីរី​ បាន​បង្កឲ្យ​មនុស្ស​ជាង ​៣៨ ​នាក់ស្លាប់​ ចាប់​តាំង​ពី​ឆ្នាំ ២០១១៕ AFP/SK