ក្រុង​តឺតតើរ៖ ​កងកម្លាំង​​អាមេនី​ និង​អាស៊ែបៃហ្សង់​ បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​​ជា​ថ្មី​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​តំបន់​ណាហ្គូរណូ​ និង​ការ៉ាបាក់ហ៍​ ទោះបី​ជា​ស្នើសុំ​ឱ្យ​មាន​បទ​ឈប់​បាញ់ ​១ ​ក្តី​ ខណៈ​អង្គការ​កាក​បាទ​ក្រហម​បាន​ព្រមាន​ថា ​មនុស្ស​រាប់​សែន​នាក់​បាន​រង​ផល​ប៉ះពាល់​រួច​មក​ហើយ​ ​ដោយសារ​ជម្លោះ​រវាង​ប្រទេស​ទាំង ​២​។​

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​ម៉ៃក៍​ ប៉ុមប៉េអូ​ បាន​ស្នើ​ឱ្យ​ភាគី​ទាំង ​២ ​គោរព​បទ​ឈប់​បាញ់ ​១​ ដែល​បាន​ឯកភាព​គ្នា​ត្រឹម​តែ ​៤ ​ថ្ងៃ​ប៉ុណ្ណោះ​ នៅ​ក្រុង​ម៉ូស្គូ​ ខណៈ​ក្រុម​ប្រទេស​មហា​អំណាច​ខ្លះ​​ កំពុង​ស្វែងរក​ដំណោះ​ស្រាយ​មួយ​​ ដើម្បី​ដោះស្រាយ​ជម្លោះ​នោះ​ ហើយ​បាន​ព្រមាន​អំពី ​«​ផល​វិបាក​មហន្តរាយ​»​ លុះ​ត្រា​តែ​ចាត់​វិធានការ​ជា​បន្ទាន់​ ដើម្បី​ទប់ស្កាត់​ជម្លោះ​នោះ​។​

យោង​តាម​ចំនួន​សរុប​បាន​ផ្អែក​ទៅ​លើ​ចំនួន​ខូចខាត ​ចេញ​ពី​ភាគី​ប្រទេស​ទាំង ​២ ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​ជាង ​២ សប្តាហ៍​ រវាង​គូ​បដិបក្ខ​នៅ​តាម​ជួរ​ភ្នំ ​Caucasus ​បាន​បង្ក​ឱ្យ​មនុស្ស​ជិត ​៦០០ ​នាក់​ស្លាប់​ នៅ​ក្នុង​នោះ​រួម​មាន​ជន​ស៊ីវិល​ចំនួន ​៧៣ ​នាក់​៕ AFP/SK