ក្រុងបាកាលី៖ ប្រទេសអាស៊ែបៃហ្សង់ បានថ្លែងកាលពីថ្ងៃពុធថា ខ្លួនបានបំផ្លាញជើងទម្របាញ់មីស៊ីលអស់ជាច្រើន នៅក្នុងប្រទេសអាមេនី ដែលបានកំពុងកំណត់គោលដៅទៅលើទីក្រុងមួយចំនួនរបស់ខ្លួន ដែលជាការគំរាមកំហែងកាន់តែខ្លាំងឡើងបន្ថែមទៀត បានទាញឲ្យប្រទេសមហាអំណាចក្នុងតំបន់ខ្លះ ដូចជា រុស្ស៊ី និងតួកគី ឲ្យធ្លាក់ចូលក្នុងជម្លោះនៅតំបន់ណាហ្គូណូ និងការ៉ាបាក់ហ៍។
ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន និងមេដឹកនាំតួកគី គឺលោក រ៉េសិប តៃយីប អេរដូហ្គែន បានស្នើឲ្យបញ្ចប់ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា រវាងអាស៊ែបៃហ្សង់ និងក្រុមបំបែកខ្លួនអាមេនី ដែលបានផ្ទុះសង្គ្រាមរយៈពេល ២ សប្តាហ៍ នៅក្នុងការសន្ទនាតាមទូរស័ព្ទរបស់ពួកគេជាលើកដំបូង ចាប់តាំងពីការប៉ះទង្គិចគ្នាជាច្រើនបានផ្ទុះឡើងនៅទីនោះ។
វិមានក្រឹមឡាំងបានថ្លែងថា៖ «ពួកគេបានបញ្ជាក់អំពីតម្រូវការចាំបាច់ជាបន្ទាន់ ឲ្យមានកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបញ្ចប់ការបង្ហូរឈាមឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ហើយងាកទៅដោះស្រាយបញ្ហានៅតំបន់ណាហ្គូណូ និងការ៉ាបាក់ហ៍ ដោយសន្តិវិធីជាមួយគ្នា»។
មនុស្សរាប់រយនាក់បានស្លាប់ នៅក្នុងការប្រយុទ្ធគ្នាដោយសារតំបន់ជម្លោះនោះ ហើយបន្តប៉ះទង្គិចគ្នាជាច្រើនលើកបានធ្វើឲ្យបទឈប់បាញ់មួយ ដែលបានឯកភាពគ្នានៅក្នុងទីក្រុងម៉ូស្គូ កាលពីសប្តាហ៍មុនស្ទើរតែគ្មានន័យ។
ប្រទេសអាមេនី បានអះអាងថា ទីតាំងយោធាមួយចំនួននៅក្នុងប្រទេសបានរងការវាយប្រហារយ៉ាងខ្លាំងក្លា ប៉ុន្តែបានបដិសេធថា កងកម្លាំងរបស់ខ្លួនមិនបានកំពុងវាយប្រហារទៅលើប្រទេសអាស៊ែបៃហ្សង់ នោះទេ៕ AFP/SK