ក្រុង​ស្រ៊ីណាហ្គារ៖ ​យោធា​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ទាហាន​ឥណ្ឌា ​៣ ​នាក់​ និង​ក្រុម​ឧទ្ទាម​គួរ​ឱ្យ​សង្ស័យ ​៣ ​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​ នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ នៅ​ជិត​តំបន់​ព្រំដែន​ជម្លោះ​កា​ស្មៀរ​ ជាមួយ​ប្រទេស​ប៉ាគីស្ថាន​ ជា​​ការ​ប៉ះ​ទង្គិច​គ្នា ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចុង​ក្រោយ​បំផុត​ ដើម្បី​វាយ​ដណ្តើម​យក​តំបន់​កាស្មៀរ​ អស់​រយៈពេល​ជា​ច្រើន​ខែ។​

វរសេនីយ៍ឯក ​រ៉ាចេសហ៍ កាលៀ​ បាន​ថ្លែង​ថា ​ក្រោយ​ពី​ទាហាន​ឥណ្ឌា​បាន​រក​ឃើញ​ចលនា ​«គួរ​ឱ្យ​សង្ស័យ​» ​នៅ​ក្នុង​តំបន់​ព្រៃ​ម៉ាឆីល​ភាគ​ខាង​ជើង​ នៅ​ជិត​របង​យោធា ​១ ​កន្លែង​ ដែល​ជា​សញ្ញា​តំបន់​ព្រំដែន​ ត្រូវ​បាន​គេ​ដឹង​គ្រប់​គ្នា​ថា​ ជា​ខ្សែ​បន្ទាត់​គ្រប់គ្រង ​(LoC) ​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង ​២​។​

លោក​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ​ឆ្មាំ​ការពារ​ព្រំដែន​ឥណ្ឌា​ម្នាក់​ និង​ជន​សកម្ម​ប្រយុទ្ធ​គួរ​ឱ្យ​សង្ស័យ​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​តប​ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​លើក​ដំបូង​ នៅ​មុន​កងកម្លាំង​យោធា​ជា​ច្រើន​នាក់​ ត្រូវ​បាន ​«ប្រញាប់​ប្រញាល់​បញ្ជូន​ទៅ​កាន់​តំបន់​នោះ​»​។​

លោក ​កាលៀ​ បាន​បន្ថែម​ថា ​ទាហាន​ឥណ្ឌា ​២ ​នាក់​បន្ថែម​ទៀត ​និង​ក្រុម​ឧទ្ទាម​គួរ​ឱ្យ​សង្ស័យ​ ​២ ​នាក់​បន្ថែម​ទៀត​ ក្រោយ​មក​បាន​ស្លាប់​ ខណៈ​កង​កម្លាំង​យោធា ​២ ​នាក់​ផ្សេង​ទៀត​រង​របួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។​

ការ​ប៉ះ​ទង្គិច​គ្នា​នោះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ចុង​ក្រោយ​បំផុត​ចាប់​តាំង​ពី​ខែ​មេសា​ នៅ​ពេល​ក្រុម​សកម្ម​ប្រយុទ្ធ​គួរ​ឱ្យ​សង្ស័យ ​៩ ​នាក់ ​និង​ទាហាន​ឥណ្ឌា ​៣ ​នាក់​បាន​ស្លាប់​ នៅ​ក្នុង​ឧប្បត្តិហេតុ​ដាច់​ដោយ​ឡែក​ពី​គ្នា ​២​ នៅ​ក្នុង​តំបន់​កាស្មៀរ​បាន​គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌា​។

កាស្មៀរ​ត្រូវ​បាន​ពុះ​ចែក​ប្រទេស​ទាំង​ ២៕ AFP/SK