
វ៉ាក់សាំងកូវីដ១៩ Johnson & Johnson។ AFP
រោងចក្រ Emergent BioSolutions បានឱ្យដឹងកាលពីថ្ងៃចន្ទថា រោងចក្រខ្លួនបានផ្អាកការផលិតវ៉ាក់សាំង Johnson & Johnson នៅរោងចក្រ Baltimore ទៅតាមសំណើរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បន្ទាប់ពីខាងរដ្ឋបាលចុះត្រួតពិនិត្យកន្លែងមានបញ្ហាកាលពីសប្តាហ៍មុន។
សេចក្តីថ្លែងការណ៍សង្ខេបរបស់រោងចក្រ Emergent កាលពីថ្ងៃចន្ទនេះ បានឱ្យដឹងថា ស្ថាប័ន FDA បានចាប់ផ្តើមត្រួតពិនិត្យទីតាំងថ្មីរបស់ខ្លួននៅ Bayview កាលពីថ្ងៃទី ១២ ខែមេសា ហើយមជ្ឈមណ្ឌល Bayview ក៏កំពុងរង់ចាំការត្រួតពិនិត្យ និងដោះស្រាយលទ្ធផលដែលបានរកឃើញផងដែរ។
សេចក្ដីថ្លែងការណ៍បានឱ្យដឹងថា៖ «រោងចក្រយើងបានយល់ព្រមមិនផលិតផលិតផលថ្មីណាមួយនៅឯរោងចក្រ Bayview របស់ខ្លួនទៀតទេ ហើយក៏យល់ព្រមដាក់ផលិតផល ដែលផលិតហើយ ឱ្យនៅដាច់ដោយឡែក និងរង់ចាំការបញ្ចប់ការត្រួតពិនិត្យ និងការរកឃើញនូវលទ្ធផលណាមួយ»។
ដោយឡែកក្រុមហ៊ុន Johnson & Johnson បានឱ្យដឹងថា ខ្លួននឹងសហការជាមួយរោងចក្រ Emergent និង FDA ដើម្បីដោះស្រាយការរកឃើញណាមួយ នៅចុងបញ្ចប់នៃការត្រួតពិនិត្យ។
គួរបញ្ជក់ផងដែរថា កាលពីដើមខែមេសាកន្លងទៅរោងចក្រនៅ Baltimore ត្រូវបានគេរកឃើញថា មានកំហុសបច្ចេកទេស ដោយការលាយឡំជាមួយគ្រឿងផ្សំពីវ៉ាក់សាំង AstraZeneca ដែលត្រូវបានផលិតនៅក្នុងរោងចក្រ នាពេលតែមួយជាមួយវ៉ាក់សាំង Johnson & Johnson ដែរ។
ក្រុមហ៊ុន Johnson & Johnson បាននិយាយថា៖ «ពួកយើងទទួលស្គាល់ថា មានចំណុចមួយចំនួន ដែលយើងខ្វះខាត និងត្រូវតែបំពេញ ដើម្បីប្រតិបត្តិទៅតាមស្តង់ដាលំដាប់ខ្ពស់ ដែលយើងបានកំណត់ សម្រាប់ខ្លួនយើង និងដើម្បីស្តារទំនុកចិត្តលើគុណភាព និងដំណើរការផលិតរបស់យើង»។
កាលពីខែមីនាកន្លងទៅ ក្រុមហ៊ុន Johnson & Johnson បាននិយាយថា ខ្លួនបានរកឃើញបញ្ហាលើសារធាតុផ្សំ ដើម្បីផលិតការផលិតវ៉ាក់សាំងរបស់ខ្លួន ១ បាច់ (batch) ដែលផលិតដោយរោងចក្រ Emergent ។
ក្រុមហ៊ុន Johnson & Johnson មិនបានបញ្ជាក់ថា វ៉ាក់សាំងចំនួនប៉ុន្មានដូស ដែលត្រូវខូចនោះទេ ប៉ុន្តែកាសែត New York Times បានរាយការណ៍ថា វ៉ាក់សាំងប្រហែល ១៥ លានដូសត្រូវបានខូច។
ការបញ្ឈប់ផលិតកម្ម គឺជាឧបសគ្គមួយផ្សេងទៀត សម្រាប់ក្រុមហ៊ុនវ៉ាក់សាំងនេះ បន្ទាប់ពីខ្លួនបានសន្យាផ្តល់វ៉ាក់សាំងជិត ១០០ លានដូសដល់រដ្ឋាភិបាលអាមេរិកនៅចុងខែឧសភា។
ជាមួយគ្នានេះ អ្នកជំនាញ ព្រួយបារម្ភថា ការផ្អាកផលិតវ៉ាក់សាំងនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់អាមេរិកនាពេលអនាគត ដែលអាចនឹងបណ្ដាលទៅជាបញ្ហាកង្វះខាតវ៉ាក់សាំងផងដែរ៕