បន្ទាប់ពីតតាំងគ្នាជាងប៉ុន្មានទសវត្សរ៍មក ប្រទេសឥណ្ឌា និងចិន កំពុងរៀបចំបង្កើតតំបន់គ្មានយោធានៅតាមព្រំដែនហិមាល័យដែលចំណាត់ការនេះ បង្កឱ្យមានការថ្នាំងថ្នាក់ចិត្តពីសំណាក់សមាជិកសន្តិសុខឥណ្ឌាមួយចំនួន។
ក្រុមទាហានមកពីប្រទេសទាំង ២ នឹងលែងត្រូវល្បាតនៅតំបន់ភាគខាងជើងបឹង Pangong Tso ចម្ងាយប្រមាណ ៩ គីឡូម៉ែត្រ ដែលជាតំបន់ធ្លាប់មានការប៉ះទង្គិចប្រដាប់អាវុធកាលពីឆ្នាំមុន។ ការព្រមព្រៀងនេះ នឹងធ្វើឱ្យប្រទេសឥណ្ឌាដកខ្លួនចេញពីទីតាំង ដែលខ្លួនរៀបយុទ្ធសាស្ត្រប្រឆាំងនឹងសត្រូវកាលពីខែសីហា ឆ្នាំ ២០២០ កន្លងទៅ។
ក្រសួងការបរទេសឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ស្ថានភាពតានតឹង ដែលបន្តមកជាយូរយារហើយនោះ មិនមែនជាអ្វី ដែលភាគីទាំង ២ ចង់បន្តទៀតទេ»។
ចំណាត់ការនេះ ធ្វើឡើងក្រោយការបង្កើតតំបន់គ្មានយោធាស្រដៀងគ្នា កាលពីឆ្នាំមុន មានចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រនៅតាមបណ្តោយដងទន្លេហ្គាវ៉ាន់ជាកន្លែងដែលទាហានឥណ្ឌា ២០ នាក់ និងទាហានចិនយ៉ាងតិច ៤ នាក់ស្លាប់ ក្នុងការប្រយុទ្ធគ្នាដ៏សាហាវមួយ។ ករណីមុននេះទៀត ពោលគឺនៅថ្ងៃទី ១៥ ខែមិថុនា ជាពេលដែលមានទាហានស្លាប់ជាលើកដំបូងក្រោយមានជម្លោះតតាំងគ្នា ចាប់តាំងពីឆ្នាំ ១៩៧៥ មក។
បើទោះជាការដកថយរបស់ឥណ្ឌាធ្វើឱ្យស្ថានភាពនៅតំបន់មានជម្លោះស្ងប់ស្ងាត់ជាងមុនបន្តិចក្ដី សមាជិកខ្លះនៃស្ថាប័នសន្តិសុខឥណ្ឌាជឿថា ការបង្កើតតំបន់គ្មានយោធា គឺជាការបំពេញចិត្តទីក្រុងប៉េកាំង។ នេះបើយោងតាមមន្ត្រីសុំមិនបញ្ចេញអត្តសញ្ញាណមួយចំនួន។ ពួកគេបាននិយាយថា ប្រទេសចិន បានធ្វើឱ្យមានមន្ទិលរវាងទាំង ២ ដោយសំដៅទៅលើសំណើរបស់ឥណ្ឌា ដែលស្នើឱ្យប្រទេសទាំង ២ ល្បាតតំបន់ជុំវិញបឹង Pangong Tso ដោយលើកហេតុផលថា សំណើនេះនឹងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។
ក្រុមមន្ត្រីការពារជាតិ និងសន្តិសុខឥណ្ឌាបានលើកឡើងពីការព្រួយបារម្ភជុំវិញបញ្ហាបឹង Pangong Tso ជាមួយរដ្ឋាភិបាលខ្លួនយូរហើយដែរ ប៉ុន្តែរដ្ឋាភិបាលបែរជាសម្រេចដកទាហានល្បាតចេញពីតំបន់នេះទៅវិញ។ កាលពីថ្ងៃទី ១០ ខែកុម្ភៈ ប្រទេសទាំង ២ បានចាប់ផ្តើមដកទាហាន រថក្រោះ និងកាំភ្លើងធំជាច្រើនដើមដែលឈរជើងនៅតំបន់បឹងអស់រយៈពេលចង់ ១០ ខែកន្លងមក។
យ៉ាងណាមិញ កងទ័ពឥណ្ឌា ក្រសួងការពារជាតិ និងការិយាល័យនាយករដ្ឋមន្ត្រីមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។
ដោយឡែក ក្រសួងការបរទេសចិនបាននិយាយថា ការបង្កើតតំបន់គ្មានយោធានៅតាមព្រំដែនបឹងនេះ ជា«ការប្រឌិតឡើងដោយពួកប្រព័ន្ធផ្សព្វផ្សាយ»។ កាលពីថ្ងៃសុក្រ នៅទីក្រុងប៉េកាំងអ្នកនាំពាក្យក្រសួងការបរទេស លោក Wang Wenbin បាននិយាយថា ស្ថានភាពនៅតំបន់ជម្លោះចាប់ផ្ដើមធូរស្បើយយ៉ាងខ្លាំងហើយ ក្រោយការដកយោធាចេញពីតំបន់។
លោក Wenbin បានថ្លែងនៅឯសន្និសីទខ្លីមួយថា៖ «ភាគីទាំង ២ គួរតែអបអរចំពោះចំណាត់ការ និងលទ្ធផលបានមកពីការបង្រួបបង្រួមដែលមានស្រាប់ បន្តការពិភាក្សា ដើម្បីបន្ធូរបន្ថយស្ថានភាពបច្ចុប្បន្ន»។
«ការមិនទុកចិត្តគ្នារវាងយោធាទាំង ២ អាចនាំឱ្យមានការយល់ច្រឡំថែមទៀត»។ នេះបើយោងតាមលោក Sushant Singh សមាជិកជាន់ខ្ពស់នៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយដែលមានមូលដ្ឋាននៅទីក្រុងញូវដេលី ងជាអ្នកនិពន្ធសៀវភៅបេសកកម្មក្រៅប្រទេស៖ ប្រតិបត្តិការក្លាហានរបស់យោធាឥណ្ឌា។
លោកបានបន្តថា៖ «គំរូនៃតំបន់គ្មានយោធានេះ ស្ថិតនៅក្នុងស្ថានភាពបណ្តោះអាសន្ននៅឡើយ និងនៅមានបញ្ហាប្រឈមច្រើន។ សំខាន់ជាងនេះទៅទៀត បើមើលទៅលើភាគីឥណ្ឌា មានជម្រើសតិច ពោលគឺចាញ់ប្រៀបប្រទេសចិន ដែលមានអំណាចយោធាធំជាង ដែលនេះជាការរំលោភកិច្ចព្រមព្រៀង»។
ប្រសិនបើលទ្ធផលបង្កើតតំបន់គ្មានយោធា ប្រកបទៅដោយជោគជ័យ និងនាំមកសន្តិភាព ចំណាត់ការនេះអាចក្លាយជាគំរូមួយសម្រាប់ការដោះស្រាយព្រំដែនទៅថ្ងៃមុខ។ ក្រុមមន្ត្រីបាននិយាយថា ស្របពេលដែលតំបន់គ្មានយោធាមានគោលបំណងការពារកុំឱ្យមានការប៉ះទង្គិចគ្នា ដូចករណីកាលពីឆ្នាំមុន ការប្រជែងគ្នារវាងភាគីទាំង ២ នៅតែអាចកើតមានឡើងដដែល។ ដោយឡែក ការបង្កើតតំបន់គ្មានយោធានៅតាមព្រំដែនជាមួយប្រទេសចិន ក៏មិនបានធានាដល់សន្តិភាពដែរ។
គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌា និងចិនមានព្រំប្រទល់ជាប់ព្រំដែនគ្នាចម្ងាយជាង ៣ ៨០០ គីឡូម៉ែត្រ នៅកន្លែងដែលក្រុមកងទ័ពនៅប្រទេសទាំង ២ តាំងទី និងល្បាតជាយូរមកហើយ៕