ក្រុងបាកដាដៈ ប្រភពសន្តិសុខអ៊ីរ៉ាក់មួយបាននិយាយកាលពីថ្ងៃចន្ទថា គ្រាប់បែកមួយគ្រាប់ត្រូវបានគេចុចបំផ្ទុះនៅជិតព្រំដែនឆ្លងកាត់ប្រទេសអ៊ីរ៉ាក់ ជាមួយប្រទេសក្បែរខាងកូវ៉ែត នៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ ដោយមិនទាន់បានដឹងច្បាស់ អំពីចំនួនអ្នករងរបួស ឬស្លាប់នៅឡើយទេ។
ប្រភពនោះបានថ្លែងប្រាប់កាសែតស៊ីនហួ ក្នុងលក្ខខណ្ឌអនាមិកថា ការផ្ទុះនោះបានកើតឡើងកាលពីយប់ថ្ងៃចន្ទ នៅជិតចំណុចឆ្លងកាត់ព្រំដែនរ៉ៃចាន់ ជាមួយប្រទេសកូវ៉ែត។
ប្រភពនោះបានថ្លែងថា មិនមានព័ត៌មានភ្លាមៗរាយការណ៍ អំពីការវាយប្រហារនោះនៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ការផ្ទុះនោះបានកំណត់គោលដៅទៅលើក្បួនរថយន្តមួយ ដែលបានដឹកជញ្ជូនសម្ភារយោធា របស់កងកម្លាំងក្រុមចម្រុះដឹកនាំដោយអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងត្បូង។
រហូតមកទល់ពេលនេះ គ្មានក្រុមណាចេញមកអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនោះទេ ប៉ុន្តែក្រុមសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណជាច្រើនក្រុម ជាបន្តបន្ទាប់បានកំណត់គោលដៅ ទៅលើក្បួនរថយន្តក្រុមចម្រុះដឹកនាំដោយអាមេរិក ដែលជាធម្មតាបានធ្វើដំណើរ ចេញពីប្រទេសក្បែរខាងកូវ៉ែត ទៅកាន់មូលដ្ឋានក្រុមចម្រុះ នៅភូមិភាគកណ្តាល និងអ៊ីរ៉ាក់ភាគខាងជើង៕ Xinhua/SK