ក្រុង​តេអេរ៉ង់ៈ ​អ្នក​នាំ​ពាក្យ​អង្គភាព​ពន្លត់​អគ្គិ​ភ័យ​របស់​ក្រុង​តេ​អេរ៉ង់់​ លោក ​ចាឡាល់ ​ម៉ាលី​កី​ បាន​ថ្លែង​ថា​ មនុស្ស​យ៉ាង​តិច ​១៩ ​នាក់​បាន​ស្លាប់​ នៅ​ក្នុង​ការ​ផ្ទុះ​មួយ​នៅ​ឯ​ក្លី​និក​មួយ​កន្លែង​ នៅ​ក្នុង​សង្កាត់​នៃ​រដ្ឋ​ធានី​តេ​អេរ៉ង់​ភាគ​ខាង​ជើង​ កាល​ពី​ថ្ងៃ​អង្គារ​។​

​លោក​ ម៉ាលី​គី​ បាន​ថ្លែង​ប្រាប់​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​ IRNA ​ផ្លូវ​ការ​ថា​ សាក​សព​ ១៥​ នាក់​គឺ​ជា​ស្ត្រី​ និង​ ៤​ នាក់​ផ្សេង​ទៀត​គឺ​ជា​បុរស​។​ លោក​បាន​ថ្លែង​ថា​ នៅ​ក្នុង​ការ​ផ្ទុះ​នោះ​ មនុស្ស​ ៦ ​នាក់​ផ្សេង​ទៀត​ បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​។​

លោក​បាន​បន្ថែម​ថា​ ទោះ​បី​ជា​មនុស្ស​ ២០​ នាក់​ ដែល​បាន​ជាប់​នៅ​ក្នុង​អគារ​ នៅ​ពេល​វា​ផ្ទុះ​ឡើង​នោះ​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​។​

​ការ​ផ្ទុះ​ឮ​លាន់​យ៉ាង​ខ្លាំង​ ហើយ​អណ្តាត​ភ្លើង​យ៉ាង​ក្រហម​ឆ្អៅ​ បាន​ឆាប​ឆេះ​ក្លី​និក​ Sina ​Medical ​នៅ​តាម​ផ្លូវ​ដែល​មាន​ហ្វូង​មនុស្ស​យ៉ាង​ច្រើន​ នៅ​ជិត​ទី​លាន​តារីសហ៍​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​កន្លង​ទៅ​៕ Xinhua/SK