រដ្ឋរ៉ាក់ឃីន៖ ​មនុស្ស ​២ នាក់​​​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​ និង​ ​៧ នាក់​ផ្សេង​ទៀត​រងរបួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​កាំភ្លើង​ធំ​​​មួយ​ ​ដែល​បាន​​ចំ​ត្រង់​ភូមិ​​​​មួយ​​នៅ​ក្នុង​ទីប្រជុំជន​ប៊ូធីដោង នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន ​ខណៈ​កងកម្លាំង​​​​រដ្ឋាភិបាល​​​ និង​​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​​​តិច​​​បាន​​ស្តី​បន្ទោស​​ចំពោះ​​ឧប្បត្តិហេតុ​នេះ។ ​

លោក ​ឃីនធូ​ ​ខា​ អ្នក​នាំ​ពាក្យ​កងទ័ព​អារ៉ាកាន​ បាន​និយាយ​ថា ​ពួក​គេ​មិន​បាន​បាញ់​ដាក់​ទៅ​លើ​ភូមិ​នោះ​ទេ ហើយ​ក៏​​គ្មាន​ការ​ប្រយុទ្ធ​គ្នា​ដែរ​​។​

លោក​បាន​ប្រាប់​កាសែត​ Myanmar Times ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «​បញ្ហា​នោះ​ មិន​ទាក់ទង​ជាមួយ​ពួក​យើង​ទាល់​តែ​សោះ​។ គ្មាន​ការ​ប្រយុទ្ធ​គ្នា​​ទេ។ «​មនុស្ស ​២ ​នាក់​បាន​ស្លាប់ ​និង​មនុស្ស ​៧ ​នាក់​ផ្សេង​ទៀត​បាន​រងរបួស​ ដោយសារ​កងកម្លាំង ​Tatma daw បាញ់​កាំភ្លើង​ធំ​ទៅ​លើ​ភូមិ​នោះ​»។

យោង​តាម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ​គ្រាប់​កាំភ្លើង​ធំ​ចំនួន ​៣ ​គ្រាប់ ​បាន​ធ្លាក់​ចំ​ភូមិ​នោះ​ ក្រោយ​ពី​ទាហាន ​Tatmadaw ​បាន​ចូល​ទៅ​ក្បែរ​​ភូមិ​ឃីង​ តោង ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​។

Tatmadaw ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ​កងទ័ព​អារ៉ាកាន​បាន​បាញ់​ពួក​គេ​ដោយ​កាំភ្លើង​ធំ​ជា​ច្រើន​គ្រាប់ ​ គ្រាប់ ១ ​​នៃ​គ្រាប់​ទាំង​នោះ​ បាន​ចំ​​ភូមិ​ឃីង​តោង​។

Tatmadaw​ បាន​និយាយ​ថា ​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ស្លាប់ ​បាន​ស្លាប់​នៅ​នឹង​កន្លែង​ ចំណែក​ដទៃ​ទៀត​បាន​ស្លាប់ ​ខណៈ​ដែល​កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ប៊ូធីដោង​។ ​Tatmadaw​ បាន​​បន្ថែម​ថា​ អ្នក​ភូមិ​រង​របួស ​៧ នាក់​ផ្សេង​ទៀត ​ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

សេចក្តី​ថ្លែងការណ៍​របស់ ​Tatmadaw ​បាន​ឲ្យ​ដឹង​ទៀត​ថា ​មាន​ការ​ប៉ះ​ទង្គិច​យ៉ាង​តិច ​៥ ​លើក ​ដែល​​កើត​ឡើង​ក្បែរ​ភូមិ​នោះ​រវាង​​ទ័ព​រដ្ឋាភិបាល ​និង​កងទ័ព​អារ៉ាកាន​ពី​ខែ​ធ្នូ ដល់​ថ្ងៃទី ​២០ ​ខែ ​មករា​ ឆ្នាំ ​២០២០​៕ M.Times