ក្រុងកាប៊ុលៈ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងតិច ៦៣ នាក់បានស្លាប់ និង ១៨២ នាក់រងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែក ដោយបានយកពិធីរៀបអាពាហ៍ពិពាហ៍មួយនៅក្នុងរដ្ឋធានី អាហ្វហ្គានីស្ថាន ជាគោលដៅ។
ការបំផ្ទុះគ្រាប់បែកដែលត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍នៅក្នុងក្រុងកាប៊ុលភាគខាងលិចបានកើតឡើង ខណៈក្រុងវ៉ាស៊ីនតោន និងក្រុមតាលីបង់ ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយវត្តមានយោធាអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមតាលីបង់បានបដិសេធថាមិនបានពាក់ព័ន្ធនឹងការវាយប្រហារគ្រាប់បែកនេះទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Nasrat Rahimi បានថ្លែងថានេះគឺជាចំនួនអ្នកស្លាប់ដែលខ្ពស់ជាងគេបំផុតនៅក្នុងក្រុងកាប៊ុលនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លោក Rahimi បាននិយាយថានៅក្នុងចំណោមអ្នករងរបួសមានស្ត្រី និងក្មេងៗ។
ពិធីរៀបអាពាហ៍ពិពាហ៍នៅអាហ្វហ្គានីស្ថាន គឺជាកិច្ចការសប្បាយរីករាយដោយមានភ្ញៀវរាប់រយនាក់ ឬ រាប់ពាន់នាក់រៀបចំពិធីនៅក្នុងរោងការជាទីដែលបុរសតាមធម្មតាត្រូវបានបំបែកពីក្រុមស្ត្រី និងក្មេងៗ។
លោក Mohammad Farhag ដែលនៅកន្លែងរៀបចំពិធីមង្គលការនោះបាននិយាយប្រាប់ AFP ថាលោកនៅខាងកូនក្រមុំ នៅពេលដែលលោកបានឮការផ្ទុះយ៉ាងខ្លាំងនៅខាងកូនកំលោះ។
លោកបាននិយាយថា៖ «ភ្ញៀវទាំងអស់បានរត់ក្រៅរោងការអ្នកខ្លះស្រែកហើយអ្នកខ្លះទៀតយំ»។
«ប្រហែល ២០ នាទីក្រោយមក រោងការនោះពេញដោយផ្សែងខ្មៅងងឹត។ មនុស្សភាគច្រើននៅខាងកូនកំលោះបានស្លាប់ និងរបួស»៕ PSA