ក្រុងដាម៉ាស: ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋ​ស៊ី​រី បាន​រាយការណ៍​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក បាន​ចំ​លើ​ទីតាំង​ឈរ​ជើង​យោធា​ជាច្រើន​កន្លែង​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​នៅ​ក្នុង​ប្រទេស​នេះ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ឡើយ។

ប្រភពព័ត៌មាន​យោធា​មួយ បាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​សាណា បាន​ឲ្យ​ដឹង​ថា៖ «ទីតាំង​ឈរ​ជើង​យោធា​របស់​យើង​មួយ​ចំនួន​នៅ​ចន្លោះ​ក្រុង AlbuKamal និង​ទីក្រុង Hmeimeh បាន​រង​ការ​វាយ​ប្រហារ​នា​ព្រឹក​នេះ​អំឡុង​ការ​ឈ្លាន​ពាន​មួយ ដោយ​យន្តហោះ​ចម្បាំង​របស់​ក្រុម​ចម្រុះ​អាមេរិក»។

ប្រភពព័ត៌មាន​នោះ បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​សាណា​ថា ការ​វាយ​ប្រហារ​នោះ​គ្រាន់​តែ​បាន​បណ្តាល​ឲ្យ «ខូច​ខាត​ត្រឹម​តែ​សម្ភារ» ប៉ុណ្ណោះ។

ក្រុង Albu Kamal និង​ក្រុង Hmeimeh ស្ថិត​នៅ​ក្នុង​ខេត្ត​ឌែរ អេស្ស័រ (Deir Ezzor) ភាគ​ខាង​កើត​នៅ​ស៊ីរី ជាទី​ដែល​ក្រុម​កងទ័ព​គាំទ្រ​ដោយ​រុស្ស៊ី និង​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​បាន​បើក​ការ​វាយ​ប្រហារ​ដាច់​ដោយ​ឡែក​ពី​គ្នា​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិស្លាម (IS)។

ខ្សែបន្ទាត់​តំបន់​សុវត្ថិភាព​មួយ ត្រូវ​បាន​ចាប់ផ្តើម​អនុវត្ត ចាប់​តាំង​ពី​ឆ្នាំមុន​មាន​គោល​បំណង​បញ្ចៀស​ការ​វាយ​ប្រហារ​គ្នា មិន​ឲ្យ​ប៉ះ​ទង្គិច​គ្នា និង​បាន​អនុវត្តតាម​បណ្តោយ​តំបន់​ទន្លេ​អឺ​ហ្រ្វាតស៍ (Euphrates)។

កងទ័ព​របប​ស៊ី​រី​ឈរជើង​នៅ​ភាគ​ខាងលិច​ទន្លេ​នេះ ខណៈ​ក្រុម​កងទ័ព​ប្រជាធិប​តេយ្យ​គាំទ្រ​ដោយ​អាមេរិក (SDF) ឈរ​ជើង​នៅ​ក្នុង​តំបន់​ភាគ​ខាងកើត។

ប្រភពព័ត៌មាន​យោធា​មួយ​ពី​កងកម្លាំង​ចំណុះ​រដ្ឋាភិបាល​ស៊ីរី បាន​ឲ្យ​ដឹងថា ការ​វាយ​ប្រហារ​នោះ បាន​យក​ទីតាំង​ឈរ​ជើង​យោធា ២ កន្លែង​របស់​របប​ស៊ីរី ដែល​ស្ថិត​នៅ​ក្បែរ​ខ្សែ​ត្រៀម​សមរភូមិ​ជាមួយ​នឹង​ក្រុម IS ជា គោលដៅ៕