ក្រុង​ប៉ារីសៈ​ ការ​វាយ​ប្រហារ​ជា​ច្រើន​​លើក​ទៅ​លើ​វិហារ​អ៊ិស្លាម ​២ ​កន្លែង​នៅ​ប្រទេស​ នូវែលសេឡង់​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច ​៤៩ ​នាក់​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ ​នៅ​ក្នុង​ពិធី​សូត្រ​ធម៌​បួងសួង​របស់​ជន​មូស្លីម ​បាន​បង្ក​​​ឲ្យ​មាន​ការ​ភ័យ​​តក់ស្លុត និង​ការ​ស្អប់​ខ្ពើម​​យ៉ាង​ខ្លាំង​​នៅ​​ទូទាំង​ ពិភព​លោក​­។​

លោក​ស្រី​នាយក​រដ្ឋមន្ត្រី ​​ Jacinda Ardern ​បាន​ថ្លែង​ថា ​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ក្រុង​គ្រីសឆឺច​នេះ​ គឺ​​ជា ​«​ការ​វាយ​ប្រហារ​ភេរវកម្ម​» យ៉ាង​ច្បាស់ ហើយ​​​បាន​ពិពណ៌នា​ថា​​ជា ​«​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​បំផុត​របស់​ប្រទេស ​នូវែលសេឡង់​»​។​

ប្រធានាធិបតី​អាមេរិក លោក ​ដូណាល់ ​ត្រាំ​ បាន​សរសេរ​នៅ​លើ​​​គេហទំព័រ​ធ្វីធើរ​ថា​ ​«​ខ្ញុំ​សូម​ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ និង​សូម​បួងសួង​ឲ្យ​ប្រជាជន​នូវែលសេឡង់​ទាំង​អស់ ​ឆាប់​រួច​ពី​ទុក្ខ​ភ័យ​ទាំង​ឡាយ​ ក្រោយ​ពី​មាន​ការ វាយ​ប្រហារ​យ៉ាង​ព្រហើន​​គួរ​ស្អប់​ខ្ពើម​នៅ​ក្នុង​វិហារ​អ៊ិស្លាម​នោះ​» ​ខណៈ​អ្នក​នាំពាក្យ​របស់​លោក​ បាន​ប្រកាស​ថា ​វា​ គឺ​ជា ​«​សកម្មភាព​វាយ​ប្រហារ​យ៉ាង​​សាហាវ​ព្រៃ​ផ្សៃ​គួរ​ឲ្យ​ស្អប់​ខ្ពើម​» ​ជា​ទី​បំផុត​។​

ក្រុមអ្នកស្រុក​​​គោរពវិញ្ញាណ​ក្ខន្ធ ​​​​​និង​ដាក់ផ្កា​ជូន​ក្រុមជន​រងគ្រោះ​នៃ​ការវាយប្រហារ​។ AFP

លោក​ប្រធានាធិបតី​តួកគី​ រ៉េសិប ​តៃ​យីប ​អេរ​ដូ​ហ្គែន ​បាន​ថ្លែង​ថា​៖ «​ដោយ​មាន​ការ​វាយ​ប្រហារ​ និង​​ជា​អរិភាពទៅ​លើ​ជន​មូស្លីម ​ដែល​ពិភព​លោក​​តាម​ដាន​យ៉ាង​យក​ចិត្ត​​ទុក​ដាក់​ និង​មិន​ចង់​ឲ្យ​​កើត​ឡើង​នៅ​ទី​ណា​មួយ​ឡើយ​ ហើយ​ការ​​វាយ​ប្រហារ​នេះ​​ ឈាន​ទៅ​កម្រិត​នៃ​ការ​សម្លាប់​រង្គាល​​»។

«​ប្រសិន​បើ​គ្មាន​វិធានការ​នានា​មិន​ត្រូវ​បាន​ចាត់​ឡើង​ឲ្យ​ទាន់​ពេល​វេលា​នោះ​ទេ​ ព័ត៌មាន​នៃ​គ្រោះ​មហន្តរាយ​ជា​ច្រើន​ ​នឹង​កើត​ឡើង​​បន្ទាប់​ពី​ព្រឹត្តិការណ៍ សម្លាប់​រង្គាល​​​បែប​នេះ»។

ប្រធានាធិបតី​អ៊ីស្រាអែល ​លោក ​Reuven Rivlin ​បាន​សរសេរ​នៅ​ក្នុង​គេហទំព័រ​ធ្វីធើរ​ថា​៖ «​អំពើ​ឃាតកម្ម​ទៅ​លើ​មនុស្ស​នៅ​កន្លែង​បួងសួង​​ដ៏​ស័ក្តិ​សិទ្ធិ​បំផុត​របស់​ពួក​គេ​ គឺ​ជា​ទង្វើ​ដ៏​ថោក​ទាប​ និង​គួរ​ឲ្យ​ស្អប់​ខ្ពើម​។ ​សម្រាប់​មនុស្ស​ទូទៅ ដែល​មាន​​សាសនា ខុសៗ​គ្នា ​និង​អ្នក​ដែល​មិន​កាន់​​សាសនា​ក្តី ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។

នាយក​រដ្ឋមន្ត្រី ​លោក ​បេនចាមីន ​នេតានីយ៉ា​ហ៊ូ ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​ចូល​រួម​កាន់​ទុក្ខ​ចំពោះ​ការ​ស្លាប់​របស់​​ក្រុម​អ្នក​គោរព​បូជា​ស្លូត​ត្រង់​នៅ​ក្រុង​គ្រីសឆឺច​ និង​សូម​ថ្កោល​ទោស​អំពើ​ភេរវកម្ម​មួយ​នេះ​យ៉ាង​ខ្លាំង​បំផុត​»៕ ​AFP/SK