ក្រុង​ក្វេតតាៈ ​មន្ត្រី ​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​​មន្ត្រី​ប៉ូលិស​ប៉ាគីស្ថាន​ ៦ ​នាក់​បាន​ស្លាប់ ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មួយ​នៅ​ខេត្ត​បាលូជី​ស្ថាន​នៅ​ភាគនិរតី​ ​​​​ជា​ការ​វាយ​ប្រហារ​​​​ថ្មី​បំផុត​​នៅ​ក្នុង​តំបន់​ជ្រួល​ច្របល់​​​មួយ​​ដែល​ត្រូវ​បាន​អះអាង​ដោយ​​ក្រុម​តាលីបង់​។

ការ​វាយ​ប្រហារ​នោះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​សាន់ចាវី​នៃ​ស្រុក​សៀរ៉ាត់​ មាន​ចម្ងាយ​ប្រហែល ​៨០ ​គីឡូ​ម៉ែត្រ​ពី​ក្រុង​ក្វេតតា​ភាគ​ខាង​កើត​។​

លោក​ Qadir Bakhsh​ ជា​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ម្នាក់​ ប្រចាំ​នៅ​ស្រុក​សៀរ៉ាត់ ​បាន​ប្រាប់ AFP​៖ «​នេះ គឺ​ជា​ការ​វាយ​ប្រហារ​ភ្លាមៗ​មួយ​។​ ​ក្រុម​អ្នក​វាយ​ប្រហារ​បាន​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង ​ហើយ​បាន​បាញ់​សម្លាប់​ប៉ូលិស​ទាំង ​៦ ​នាក់​​ភ្លាមៗ​​»​។

លោក​ Bakhsh ​បាន​និយាយ​ថា ​ក្រុម​ខ្មាន់​កាំភ្លើង​​ប្រដាប់​ដោយ​អាវុធ​​ គ្រាប់​បែកដៃ និង​អាវុធ​ស្វ័យប្រវត្តិ​ ហើយ​បាន​រត់​គេច​ខ្លួន ​ក្រោយ​ការ​វាយ​ប្រហារ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ដោយ​បន្ថែម​ថា ​ប្រតិបត្តិការ​ស្រាវជ្រាវ​មួយ ​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាមៗ​នៅ​ក្នុង​តំបន់​នោះ។​

ក្រោយ​មក​ ក្រុម​តាលីបង់​ប៉ាគីស្ថាន​បាន​ចេញ​មក​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​តាម​សារ​អេឡិចត្រូនិក​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។​

លោក​ Faisal​ Agha ​ដែល​ជា​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​​ទៀត ​បាន​អះអាង​អំពី​ការ​វាយ​ប្រហារ​ និង​ចំនួន​​ស្លាប់​​។​

ឧបត្តិហេតុ​នោះ​ បាន​កើត​ឡើង បន្ទាប់​ពី​មនុស្ស​យ៉ាង​តិច ​៤ ​នាក់​ស្លាប់ ​និង ​៧ ​នាក់​រង​របួស​​ ដោយ​​ការ​បំផ្ទុះ​គ្រាប់​បែកកាល​ពី​ថ្ងៃ​អាទិត្យ៕ AFP/SK