ក្រងបេរូតៈ យុទ្ធជនជាង ២០ នាក់មកពីកងកម្លាំងប៉ារ៉ាអ៊ីរ៉ាក់ ដែលចូលរួមការប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ិស្លាម កាលពីថ្ងៃចន្ទ បានស្លាប់នៅក្នុងការវាយប្រហារផ្លូវអាកាសនៅស៊ីរីភាគខាងកើត និងអាមេរិកភ្ជាប់ជាមួយអ៊ីស្រាអែល។
ការវាយប្រហារគ្រាប់បែកបានធ្លាក់ចំទីប្រជុំជន Al-Hari ជាទីប្រជុំជនមួយគ្រប់គ្រងដោយក្រុមជនសកម្មប្រយុទ្ធនៅក្នុងតំបន់ដែលកំពុងប្រយុទ្ធនៅក្នុងសង្គ្រាមរយៈពេល ៧ ឆ្នាំនៅស៊ីរី រួមជាមួយកងកម្លាំងរបស់ប្រធានាធិបតីស៊ីរីលោកបាសារ អាល់អាសាដ។
អាជ្ញាធរស៊ីរី និងកម្លាំងអ៊ីរ៉ាក់បានចង្អុលដាក់កម្លាំងចម្រុះដឹកនាំដោយអាមេរិក ដែលបានបដិសេដថា ខ្លួនមិនជាប់ទាក់ទិននឹងការវាយប្រហារកាលពីរាត្រីថ្ងៃអាទិត្យទេ។
មន្ត្រីអាមេរិកម្នាក់ ដែលបានប្រាប់ AFP ដោយមិនបញ្ចេញឈ្មោះថា៖ «យើងមានហេតុផលជាច្រើនដែលជឿថា ការវាយប្រហារនោះគឺជាការវាយប្រហាររបស់អ៊ីស្រាអែល»។
យោងតាមក្រុមឃ្លាំមើលមានមូលដ្ឋាននៅអង់គ្លេសបានឲ្យដឹងថា ការវាយប្រហារនោះបានធ្លាក់ចំទីតាំងឈរជើងមួយគ្រប់គ្រងដោយរបបនេះ នៅក្នុងទីប្រជុំជនព្រំដែននិងបានបណ្តាលឲ្យយុទ្ធជនយ៉ាងតិច ២៥ នាក់ស្លាប់។
នៅក្នុងចំណោមពួកគេនោះ យុទ្ធជនមកពីសម្ព័ន្ធមិត្តយោធា Hashed al-Shaabi ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ាក់ដែលពួកគេខ្លះបានចូលទៅក្នុងទឹកដីស៊ីរី ដើម្បីប្រយុទ្ធនឹង IS។
សម្ព័ន្ធមិត្តយោធាដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងថាយន្តហោះជាច្រើនគ្រឿងរបស់អាមេរិក បានបាញ់មីស៊ីល ២ គ្រាប់ទៅលើទីតាំងឈរជើងរបស់កងកម្លាំង Hashed al-Shaabi នៅព្រំដែនជាមួយស៊ីរី ដោយបានបណ្តាលឲ្យយុទ្ធជន ២២ នាក់ស្លាប់ និង ១២ នាក់រងរបួស។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ AFP នៅក្នុងក្រុង Nasiriyah នៅអ៊ីរ៉ាក់ភាគខាងត្បូងថា សាកសពរបស់យុទ្ធជនអ៊ីរ៉ាក់ ៣ នាក់ បានស្លាប់នៅក្នុងការវាយប្រហារនោះ ត្រូវបានដឹកត្រឡប់ទៅកប់ក្នុងស្រុកកំណើតរបស់ពួកគេវិញ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា កម្លាំងអ៊ីរ៉ាក់ សរុបទាំងអស់ ៣០ នាក់ក្នុងចំណោមអ្នកដែលស្លាប់នៅក្នុងទីប្រជុំជន Al-Hari និងកម្លាំងស៊ីរី ១៦ នាក់ និងយុទ្ធជនមិនស្គាល់អត្តសញ្ញាណ ៦ នាក់ផ្សេងទៀត។
ការវាយប្រហារនោះត្រូវ បានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលបានដកស្រង់ប្រភពយោធា ដោយបានចោទប្រកាន់ក្រុមចម្រុះពីបទវាយប្រហារផ្លូវអាកាសជា ច្រើននៅ Al-Hari៕