ក្រុង​ចា​ឡា​ឡា​បាដៈ ​មន្ត្រី​បាន​ថ្លែង​ថា ​មនុស្ស​យ៉ាង​តិច​ ១៥​ នាក់​បាន​ស្លាប់​ និង​ ៣ ​នាក់​ផ្សេង​ទៀត​រង​របួស​ នៅ​ក្នុង​ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថ​យន្ត​មួយ​គ្រឿង​ ដែល​បាន​កំណត់​គោល​ដៅ​ទៅ​លើ​ អគារ​រដ្ឋាភិ​បាល​មួយ​នៅ​អាហ្វ​ហ្គានី​ស្ថាន​ភាគ​ខាង​កើត​ កាល​ពី​ថ្ងៃ​សៅរ៍​។​

​អ្នក​នាំ​ពាក្យ​អភិបាល​ខេត្ត​ គឺ​លោក​ អាត​តុល​ឡាហ៍​ ហ្គូ​ជី​អានី​ បាន​ថ្លែង​ប្រាប់​កាសែត​ AFP ​ថា ​ការ​បំផ្ទុះ​គ្រាប់​បែក​បាន​ធ្វើ​ឡើង​នៅ​កន្លែង​អគារ​រដ្ឋ​បាល​មួយ​ ដែល​ក៏​ជា​កន្លែង​ស្នាក់​នៅ​របស់​យោធា​មួយ​ចំនួន​ នៅ​ក្នុង​ស្រុក​ហ្គានី​ហ្គែល​នៃ​ខេត្ត​ណា​ហ្គារ​ហារ​។​

​លោក​បាន​ថ្លែង​ថា​៖ «​ការ​បំផ្ទុះ​គ្រាប់​បែក​នោះ​ បាន​ចុច​បំផ្ទុះ​នៅ​កន្លែង​ច្រក​ចូល​អគារ​ទី​ស្នាក់​ការ​ស្រុក​ អ្នក​វាយ​ប្រហារ​ប្រដាប់​អាវុធ​ខ្លះ​ បាន​ព្យា​យាម​ចូល​ទៅ​អគារ​នោះ​ ក្រោយ​ពី​ធ្វើ​ការ​វាយ​ប្រហារ​ ប៉ុន្តែ​ត្រូវ​បាន​សម្លាប់​ដោយ​កង​កម្លាំង​សន្តិ​សុខ​»​។​

​អ្នក​នាំ​ពាក្យ​ប៉ូលិស​ខេត្ត​ គឺ​លោក​ ហ្វារីដ ​ខាន់​ បាន​អះ​អាង​អំពី​ព័ត៌​មាន​លម្អិត​នោះ​។​

លោក​បាន​ថ្លែង​ថា​ ក្រុម​ជន​រង​គ្រោះ​ភាគ​ច្រើន​បំផុត​ គឺ​ជា​សមា​ជិក​កង​កម្លាំង​សន្តិ​សុខ​អាហ្វ​ហ្គានី​ស្ថាន​ ប៉ុន្តែ​ជន​ស៊ី​វិល​ខ្លះ​ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​៕ SK