ក្រុងឌូបៃ៖ ប្រភពពីក្រុមឧទ្ទាម និងសុខាភិបាលបាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស ១៣ នាក់ នៅក្នុងនោះមានក្មេងៗជាច្រើនបានស្លាប់ក្នុងការវាយប្រហារផ្លូវអាកាសនៅក្នុងសាដាខាងជើងរបស់ប្រទេសយេម៉ែន ខណៈដែលក្រុមផ្តល់ជំនួយអន្តរជាតិបានថ្កោលទោសការវាយប្រហារទាំងនេះ។
ក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ និងរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយយោធាចម្រុះដឹកនាំដោយអារ៉ាប៊ី សាអ៊ូឌីត បានធ្វើសង្គ្រាមចាប់តាំងពីឆ្នាំ ២០១៤ ដោយបានបង្កើតអ្វីដែលអង្គការសហប្រជាជាតិហៅថា វិបត្តិមនុស្សធម៌អាក្រក់បំផុតនៅក្នុងពិភពលោក។
ទូរទស្សន៍ Al-Masirah របស់ក្រុមឧទ្ទាមហ៊ូធីបាននិយាយថា មនុស្ស ១៣ នាក់ ក្នុងនោះមានក្មេង ៤ នាក់ បានស្លាប់ក្នុងការវាយប្រហារផ្លូវអាកាសទៅលើរថយន្តរបស់ពួកគេនៅក្នុងបន្ទាយរឹងមាំរបស់ក្រុមឧទ្ទាម នៅក្នុងខេត្តសាដា កាលពីល្ងាចថ្ងៃចន្ទ។
ប្រភពសុខាភិបាលបានបញ្ជាក់ប្រាប់ AFP ថា ក្មេង ៤ នាក់ ស្ថិតនៅក្នុងចំណោមអ្នកដែលស្លាប់ទាំងនោះ។
លោក Xavier Joubert ប្រធានអង្គការ Save the Children នៅប្រទេសនេះបានថ្លែងថា៖ «យើងមានការរន្ធត់ចិត្តយ៉ាងខ្លាំងចំពោះការស្លាប់ជនស៊ីវិល ១៣ នាក់ នៅក្នុងនោះមានក្មេង ៤ នាក់ នៅក្នុងប្រទេសយេម៉ែន»។
ការវាយប្រហារនោះ បានកើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស ដកក្រុមយោធាចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ី សាអ៊ូឌីត ចេញពីបញ្ជីនៃក្រុមដែលរំលោភសិទ្ធិកុមារ៕ AFP/PSA